ព័ត៌មានជាតិ
សម្ដេចធិបតី ចាត់ទុកសុខមាលភាពពលរដ្ឋ ជាអាទិភាពធំក្នុងគោលនយោបាយរាជរដ្ឋាភិបាល
សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នេះជាការថ្លែងអះអាងជាថ្មីម្ដងទៀតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា ចាប់តាំងពីដើមអណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។

ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួន ដូចជាបានជ្រើសរើសបុគ្គលិកសុខាភិបាល៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ការបំពេញបបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។

ទន្ទឹមនេះ គឺរាជរដ្ឋាភិបាលបានទម្លាក់ថវិកាបន្ថែមជាង៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកា។

សម្ដេចធិបតី បន្តថា រដ្ឋក៏បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
សូមបញ្ជាក់ថា ក្រៅពីសមិទ្ធផលដែលខ្ញុំបានរៀបរាប់ខាងលើ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការពង្រឹងនិងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


