ព័ត៌មានជាតិ
អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការរៀបចំសោភណភាព និងអភិវឌ្ឍន៍ នៃគណៈកម្មការរៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងមន្ទីរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងចុះពិនិត្យការរៀបចំខ្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្តាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។

លោក តាំង ម៉េងលាន បានជំរុញដល់ក្រុមការងារគ្រប់ផ្នែក ត្រូវពន្លឿនការរៀបចំតុបតែងភ្លើងលម្អ រុំ និងចងអំពូលតាមដើមឈើ នៅទីតាំងប្រារព្ធពិធីផ្សេងៗ និងនៅសាលាខេត្ត ឲ្យមានសោភ័ណភាពស្រស់ស្អាត ព្រមទាំងក្រុមការងារក៏ត្រូវគិតគូរយកចិត្តទុកដាក់ក្នុងការរៀបចំផ្គត់ផ្គង់អគ្គិសនី ម៉ាស៊ីនភ្លើង កង្ហារ ក្នុងកម្មវិធីនានាផងដែរ។

លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ក្រុមការងារ ត្រូវត្រៀមជួយសម្របសម្រួលបណ្ដាញអគ្គិសនីតភ្ជាប់នៅតាមទីតាំងតុបតែង និងទីតាំងកម្សាន្តក្នុងពិធីសង្ក្រាន្ត ដោយឡែកសម្រាប់រដ្ឋបាលក្រុង-ស្រុក ក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំធ្វើខ្លោងទ្វារកាត់ទទឹងផ្លូវ និងដាក់ផ្លាកប៉ាណូទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី នៅតាមក្រុង-ស្រុករៀងៗ ខ្លួនដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់នៅចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមចូលរួមតុបតែងលម្អនៅតាមលំនៅដ្ឋាន និងតាមដងផ្លូវមុខផ្ទះរបស់ខ្លួនឲ្យបានស្អាត កុំចោលសំរាមពាសវាលពាសកាល ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មានអនាម័យបរិស្ថានល្អ ដើម្បីទទួលបាននូវសិរីសួស្ដីឆ្នាំថ្មីទាំងអស់គ្នា។ នៅពេលដែលដើរលេងកម្សាន្ត សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងថែរក្សាអនាម័យសណ្ដាប់ធ្នាប់សាធារណៈទាំងអស់គ្នា។ ជាពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ ពេលចតយានយន្តតាមផ្ទះ ឬតាមដងផ្លូវ សូមចតឲ្យមានសណ្ដាប់ធ្នាប់ ចៀសវាងកុំបង្កការកកស្ទះចរាចរណ៍ដល់អ្នកដទៃ។

សូមបញ្ជាក់ថា បើគិតចាប់ពីថ្ងៃរៀបចំដំបូង មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្ដាល កំពុងតែមមាញឹកក្នុងការរៀបចំនៅខ្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី ហើយក៏មានការតុបតែងគ្រឿងលម្អផ្សេងៗ មានដូចជា រូបថ្នាក់ដឹកនាំ រូបភាពបង្ហាញពីសមិទ្ធផលធំៗ របស់ខេត្ត ភ្លើងពណ៌ចម្រុះ ការតាំងឧបករណ៍នេសាទបុរាណខ្មែរជាដើមតាមដងផ្លូវ ដើម្បីឲ្យមានសោភ័ណភាពស្រស់បំព្រង។ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលនៅក្រុងតាខ្មៅ ឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានរៀបចំសង់ពិព័រណ៍ទំនិញជាច្រើនមុខ ការប្រគំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំស្រួច និងកម្មវិធីសប្បាយៗ ជាច្រើនទៀត៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


