ព័ត៌មានជាតិ
ស្វាយកែវរមៀត នាំចេញទៅលក់នៅទីផ្សារ វៀតណាមជាង១០០តោន ក្នុង១ថ្ងៃ
ឆ្នាំនេះស្វាយកែវរមៀតឲ្យផលល្អជាងឆ្នាំមុន តម្លៃទីផ្សារដើមដៃប្រហាក់ប្រហែលគ្នា ១គីឡូក្រាម តម្លៃជាង១ពាន់រៀលដូចគ្នា តែចុងដៃឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាង ខណៈធៀបនៅដើមខែមេសាដូចគ្នានៅឆ្នាំមុន ស្វាយ១គីឡូក្រាមលក់បានតម្លៃតែ៣រយរៀលប៉ុណ្ណោះ តែនៅដើមខែមេសាឆ្នាំនេះ ស្វាយ១គីឡូក្រាមលក់បានតម្លៃជិត៦រយរៀលឯណោះ។ ឈ្មួញចុះប្រមូលទិញគ្រប់ស្រុក/ក្រុង ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ កសិករសម្រុកប្រមូលផលស្វាយយ៉ាងសប្បាយរីករាយ ព្រោះបានថវិកាសម្រាប់លើកកម្ពស់ជីវភាពគ្រួសារផង និងបន្តលទ្ធភាពដើរទេសចរកម្សាន្តនាពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មី ដែលខិតជិតមកដល់ហើយនោះ។

លោក ខឹម យី អាយុ៤៩ឆ្នាំ រស់នៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ស្វាយកែវរមៀតគាត់មានចំនួន៦០០ដើម ហើយប្រមូលផលក្នុង១ឆ្នាំបានជាង១០តោន។ បើប្រមូលផលតាមធម្មជាតិ មិនសូវបានផលទេ ព្រោះចៃ៣ប្រភេទ មានចៃពណ៌ស ចៃពណ៌ខៀវ និងចៃពណ៍ក្រហម វាយប្រហារពេលស្វាយផ្កា បណ្តាលឲ្យក្រៀម ខ្លោចផ្កា មិនអាចចេញផ្លែបាន។ កសិករត្រូវប្រើជីធម្មជាតិសាចក្រោមដើម ថ្នាំបង្កើនអកម៉ូនឲ្យវាមានកម្លាំងបញ្ចេញផ្លែបានច្រើន ការងារត្រូវបាញ់ថ្នាំសម្លាប់ចៃទាំងនោះផងដែរ បែបនេះទើបយើងទទួលបានផល។ ស្វាយឆ្នាំនេះស្រួលលក់ កសិករជាម្ចាស់ទាំងអស់គ្នាសប្បាយចិត្តក្នុងការប្រមូលផល ព្រោះបានចំណេញ ហើយផលក៏បានច្រើនជាងឆ្នាំមុនដែរ។

ភ្ជាប់ជាមួយគ្នានេះដែរ លោកស្រី ផន សុខជា អាយុ៤០ឆ្នាំ រស់នៅភូមិដំណាក់ស្វាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា គាត់ចុះទិញរាល់ថ្ងៃ ពីរ៉ឺម៉កម្ចាស់ចម្ការជាច្រើនបានដឹកយកមកលក់ដល់ដេប៉ូគាត់តែម្តង ក្នុងមួយៗថ្ងៃ មិនក្រោម៤០តោននោះទេ។ ពីគ្រប់បណ្តាស្រុកនៃខេត្តទាំងពីរ ហើយយើងបានប្រមូលដឹកយកទៅលក់នៅប្រទេសវៀតណាម ក្នុងខែមេសារឆ្នាំនេះ ស្វាយមានតម្លៃល្អ តម្លៃជិត៦០០រៀល ហើយយើងប្រមូលដល់ខែឧសភាទើបអស់ គិតទៅសាច់ប្រមូលផលមានរយៈពេល៣ខែពេញ រាល់ឆ្នាំ។ ផលស្វាយឆ្នាំនេះ ល្អជាងឆ្នាំទៅ ព្រោះក្នុង១ខែ យើងប្រមូលទិញបានជាង១ពាន់តោនឯណោះ។ ខេត្តកំពង់ចាមមាន៣ស្រុក គឺស្រុកកងមាស ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ដាំស្វាយច្រើនជាងគេ។ ហើយខេត្តត្បូងឃ្មុំមាន៤ស្រុកដែលដាំស្វាយច្រើន គឺ.ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។

លោក ហាស ពណ្ណរិទ្ធ ប្រធានច្រកទ្វេភាគីដារ ឬច្រកដូង៧ដើម បានបញ្ជាក់ឲ្យដឹងថា មានរថយន្តដឹកផ្លែស្វាយកែវរមៀតចេញទៅលក់នៅប្រទេសវៀតណាម មានរថយន្ត៥តោន រថយន្ត២តោនកន្លះ និងរថយន្តច្នៃ ក្នុង១ថ្ងៃៗ ជាង១០០តោនផងដែរ៕
អត្ថបទ៖ សាន វិឡែម




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី