ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ខេត្តកំពង់ស្ពឺ បានបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ។ ពិធីប្រកាស និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ប្រារព្ធឡើងក្រោមវត្តមានឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងរបាយការណ៍ស្វាគមន៍ លោក កង វណ្ណារ៉ូ អភិបាលរងខេត្ត ឱ្យដឹងថា ក្នុងស្មារតីបុរេសកម្ម រដ្ឋបាលខេត្ត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានបែងចែកក្រុមការងារវាស់វែងដីធ្លី ចំនួន ២១ក្រុម ស្មើនឹង ៥៣៥នាក់ ដើម្បីបន្តបេសកកម្មក្នុងកិច្ចការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។ ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១ ១០០ ៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១ ០៨៨ ០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។

លោក បានបន្ថែមថា ដីធ្លីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្តកំពង់ស្ពឺបញ្ចប់ការវាស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩ ៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១ ០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩ ៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥ ៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤ ៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០ ៣៨៣បណ្ណ ស្មើនឹង ១៩ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១ ៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦ ៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋបាលខេត្តក្រុងស្រុកនៃខេត្តកំពង់ស្ពឺ ដែលបានចូលរួមសហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានបន្តថា សមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


