ព័ត៌មានជាតិ
ខេត្តកំពង់ធំដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការផ្តល់ទុនដល់សហគមន៍កសិកម្ម
សំដៅបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមការជួយជ្រោមជ្រែងរបស់ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជន ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន តាមរយៈការផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្ម ដើម្បីពង្រីកមុខរបរកសិកម្មខ្នាតតូច។

គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយលោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ បើតាមរបាយការណ៍របស់លោក ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺគម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។

គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ ចិញ្ចឹមសត្វ ការផលិតជីសរីរាង្គ និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ក៏ដូចជាការជំរុញកសាងខ្សែច្រវាក់តម្លៃកសិកម្មនៅតាមបណ្ដាមូលដ្ឋាន។ នេះជាការបន្ថែមរបស់លោក ប៉ែន ធីរុង្គ ហើយតាមការបញ្ជាក់របស់លោក គឺគម្រោងនឹងត្រូវអនុវត្តក្នុងរយៈពេល៤ឆ្នាំ (២០២៥-២០២៨) ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន៧៥ នៃខេត្តកំពង់ធំ និងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងមានទឹកប្រាក់សរុបប្រមាណជាង ៤០ម៉ឺនដុល្លារអាមេរិក ដែលគាំទ្រដោយថវិកាផ្ទាល់របស់លោក វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន។

លើកឡើងក្នុងពេលអញ្ជើញដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងរបស់ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ក៏ដូចជាក្រុមការងារចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចដោយសហថាមពល ប្រទាក់ក្រឡាគ្នា ចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ការបង្កើតឱកាសក្នុងការធ្វើអាជីវកម្ម និងការបង្កើតនិងពង្រីកមុខរបរ ជាពិសេសចំពោះផលិតកម្មកសិកម្មខ្នាតតូចតែផ្ដល់ផលលឿន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បញ្ជាក់ថា ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំនាពេលនេះ គឺ «ធ្វើពិត ពុំមែនសំដែងល្ខោនទេ»។ លោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋសហគមន៍ត្រូវចូលរួមការបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អ ដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ ទន្ទឹមនេះ អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ មន្ត្រីកសិកម្មឃុំ ផ្នែកជំនាញពាក់ព័ន្ធត្រូវចូលរួមសម្របសម្រួល និងគាំទ្រការអនុវត្តគម្រោងដោយការទទួលខុសត្រូវ ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដើម្បីរួមចំណែកអនុវត្តឱ្យុបានជោគជ័យ ស្របតាមគោលការណ៍ដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នូវអភិក្រមចំនួន៣ គឺ «ជួយបង្កើនចំណូលគ្រួសារ ធានាសន្តិសុខស្បៀង និង ធានាសុវត្ថិភាពចំណីអាហារ»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងក្រុមការងារវិស័យពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលសហគមន៍បានលើកឡើង ជាអាទិ៍តម្រូវការបច្ចេកទេស ដោះស្រាយបញ្ហាទីផ្សារ ការគ្រប់គ្រងប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុ ការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងជាប្រចាំ និងត្រូវរៀបចំបង្កើត និងបង្កើនក្រុមផលិតឱ្យបានច្រើន ដើម្បីធានាភាពជាម្ចាស់របស់សហគមន៍ដែលអាចរស់បានដោយខ្លួនឯងនាពេលអនាគត ហើយនាពេលបន្ទាប់នឹងរៀបចំឱ្យមានការប្រឡងប្រណាំងសហគមន៍ដែលអនុវត្តគម្រោងបានជោគជ័យក្នុងខេត្តកំពង់ធំទៀតផង។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមការងារ ក៏ដូចជារាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺការផ្លាស់ប្ដូរឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ និងគុណភាពនៃការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជនកាន់តែប្រសើរឡើង ព្រមទាំងធានារក្សាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋានបានល្អ ដើម្បីផ្ដល់ភាពសុខសាន្តជូនដល់ប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២២ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


