ព័ត៌មានជាតិ
វៀតណាមបញ្ជាក់ពីការដឹងគុណកម្ពុជាដែលជួយដល់ការបង្រួបបង្រួមជាតិវៀតណាម
យកឱកាសថ្ងៃរំលឹកខួប ៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម លោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់ពីការមិនភ្លេចគុណកម្ពុជាចំពោះការជួយគាំទ្រក្នុងបុព្វហេតុវាយរំដោះភាគខាងត្បូងប្រទេស រហូតទទួលបានជោគជ័យ ហើយឈានដល់ការបង្រួបបង្រួមទៅជាប្រទេសវៀតណាមតែមួយ។

ការបញ្ជាក់របស់ថ្នាក់ដឹកនាំវៀតណាមដូច្នេះបានធ្វើឡើងនៅចំពោះមុខប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចតេជោដឹកនាំគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅទីក្រុងហូជីមិញ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម បានស្វាគមន៍ចំពោះវត្តមានសម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលមកកាន់ប្រទេសវៀតណាម ក្នុងឱកាសថ្ងៃរំលឹកខួបទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាមពេលនេះ។

អ្វីដែលជាការកត់សម្គាល់ គឺជោគជ័យរបស់វៀតណាមក្នុងការបង្រួបបង្រួមឱ្យទៅជាប្រទេសតែមួយ ដែលមកដល់ពេលនេះមានរយៈពេល៥០ឆ្នាំហើយនោះ គឺមានការរួមចំណែកជួយពីសំណាក់ប្រជាជនកម្ពុជា។ លោក តូ ឡឹម បានបញ្ជាក់ទៅកាន់សម្ដេចតេជោ ថា វៀតណាមមិនភ្លេចនោះទេនូវការអរគុណចំពោះការគាំទ្រពីមិត្តបរទេស ជាពិសេសគឺកម្ពុជាតែម្ដង ដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។
លោកអគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានរំលឹកដឹងគុណចំពោះព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ដែលបានជួយគាំទ្រវៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ សម្រាប់ក្នុងពិធីរំលឹកខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមនេះ លោក ក៏បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យុហយាត្រាផងដែរ។
តាមរយៈស្មារតីនេះ លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម សង្កត់ធ្ងន់ថា លើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនងវៀតណាម និងកម្ពុជានោះឡើយ។

តបទៅនឹងថ្នាក់ដឹកនាំវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងការអបអរសាទរចំពោះលោកអគ្គលេខាធិការបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅក្នុងឱកាសខួបទី៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម។ សម្ដេចតេជោ បានបង្ហាញក្ដីមោទនដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ព ដើម្បីអបអរសាទរទិវានេះ ដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកចិត្តខាងល្អ និងបងប្អូនល្អប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបង្កើតនូវទំនាក់ទំនងកងទ័ព និងកងទ័ពថែមទៀតរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានបន្ថែមថា ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជា-វៀតណាមតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាក។ សម្ដេច ក៏រំលឹកពីអនុស្សាវរីយ៍របស់សម្ដេចកាលពីឆ្នាំ១៩៧៧ មកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកនូវការគាំទ្ររំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងកម្ពុជាទម្រាំតែមានថ្ងៃនេះ។

សម្តេចតេជោ លើកឡើងថា កម្ពុជា-វៀតណាម មិនត្រឹមតែត្រូវរក្សាសន្ទុះទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពួនជុំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ សម្ដេចតេជោ ហ៊ុន សែន និងលោក តូ ឡឹម បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរ ហើយចង់ឃើញអ្នកជំនាន់ក្រោយនៃបក្ស និងរដ្ឋាភិបាល បន្តកិច្ចសហប្រតិការល្អ ពោលគឺប្រទេសទាំងពីរត្រូវតែនៅជាមួយគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ។
លោក តូ ឡឹម សង្ឃឹមថា ទំនាក់ទំនងរវាងថ្នាក់ដឹកនាំវ័យក្មេងរបស់រដ្ឋាភិបាល និងបក្សរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


