ព័ត៌មានជាតិ
គ្រោះធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់-របួសជិត ៨០ នាក់ និងបំផ្លាញផ្ទះជាង ៤ ៣០០ ខ្នង ក្នុង ៤ ខែ ឆ្នាំនេះ
គ្រោះធម្មជាតិរួមមានរន្ទះបាញ់ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ បានកើតឡើងជាង ៥៥០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ៨០ នាក់ និងបំផ្លាញផ្ទះជាង ៤ ៣០០ ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ១៣ ឧសភា នេះថា រយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ គ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិបានកើតឡើងចំនួន ៥៥៥ លើក បណ្តាលឱ្យប៉ះពាល់ផ្ទះចំនួន ៤ ៣២៦ ខ្នង ស្លាប់មនុស្សចំនួន ២៥ នាក់ រងរបួស ៥៣ នាក់ និងងាប់គោក្របីចំនួន ២១ ក្បាល។

លោកបានបន្តថា ក្នុងនោះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ៣០ បណ្តាលឱ្យខូចខាតផ្ទះចំនួន ៦ ខ្នង ស្លាប់មនុស្ស ១២ នាក់ របួស ១៦ នាក់ និងងាប់គោក្របីចំនួន ២១ ក្បាល។ ជាក់ស្តែងនៅក្នុងខែមេសា កើតឡើងច្រើនជាងគេមានរហូតដល់ទៅ ២២ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨ នាក់ របួស ១១ នាក់ ងាប់គោក្របី ១៥ ក្បាល និងខូចខាតផ្ទះ ៤ ខ្នង។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ១២ នាក់ ក្នុងនោះ នៅខេត្តកំពង់ចាម ១ នាក់ កំពង់ធំ ២ នាក់ បាត់ដំបង ៣ នាក់ សៀមរាប ២ នាក់ បន្ទាយមានជ័យ ១ នាក់ ព្រះវិហារ ១ នាក់ និងខេត្តកែប ២ នាក់។ តួលេខនេះ បើធៀបទៅនឹងរយៈពេល ៤ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈ ៤ ខែ ឆ្នាំមុន រន្ទះបាញ់កើតឡើងចំនួន ៥ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ១ ខ្នង ស្លាប់មនុស្ស ៣ នាក់ និងងាប់គោក្របីចំនួន ៣ ក្បាលប៉ុណ្ណោះ។

ចំណែក ៤ ខែ ឆ្នាំ ២០២៥ នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤១៨ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៣៦១ ខ្នង តូបផ្សារ ២៩ តូប ឃ្លាំងទំនិញចំនួន ១៥ កន្លែង រោងចក្រសិប្បកម្មចំនួន ៨ កន្លែង អគាររដ្ឋបាល ៨ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ៩ នាក់ និងរបួសចំនួន ២២ នាក់។

ក្នុងចំណោមអ្នកស្លាប់ ៩ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន ៧២ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៧០ ខ្នង តូបផ្សារចំនួន ១៥ តូប ឃ្លាំងទំនិញចំនួន ៨ កន្លែង រោងចក្រសិប្បកម្មចំនួន ២ កន្លែង អគាររដ្ឋបាល ២ កន្លែង ស្លាប់មនុស្សចំនួន ៦ នាក់ និងរបួសចំនួន ១១ នាក់។ ក្រៅពីនេះ នៅខេត្តស្ទឹងត្រែង ស្លាប់ ១ នាក់ ខេត្តកំពង់ចាមស្លាប់ ១ នាក់ និងខេត្តព្រះសីហនុ ស្លាប់ ១ នាក់។

តួលេខនេះ បើធៀបទៅនឹងរយៈពេល ៤ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ ៤៩ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣៤៨ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៣៩២ ខ្នង តូបផ្សារ ៤៥ តូប ឃ្លាំងទំនិញចំនួន ៧ កន្លែង រោងចក្រសិប្បកម្មចំនួន ១៤ កន្លែង អគាររដ្ឋបាល ៦ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១១ នាក់ និងរបួសចំនួន ២៧ នាក់។
រីឯ ៤ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០៧ លើក បានបណ្តាលឱ្យរលំផ្ទះចំនួន ២៦៧ ខ្នង ផ្ទះរបើកដំបូលចំនួន ៣ ៦៩២ ខ្នង សាលារៀន ២៨ អគារតូបផ្សារ ១៤ តូប អគាររដ្ឋបាល ១២ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរងរបួស ១៥ នាក់។ ក្នុងនោះនៅក្នុងខែមេសា កើតឡើងច្រើនជាងគេមានរហូតដល់ទៅ ៧១ លើក បណ្តាលឱ្យខូចខាត និងរលំផ្ទះចំនួន ១៤៨ ខ្នងផ្ទះ របើកដំបូល ១ ០៩៦ ខ្នង សាលារៀន ១០ អគារ និងរលំដើមឈើ និងផ្ទះសង្កត់ស្លាប់មនុស្សចំនួន ៣ នាក់។
លោកបានបន្តថា តួលេខនេះ បើធៀបទៅនឹង ៤ ខែ ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៤ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៤៨ លើកប៉ុណ្ណោះ បណ្តាលឱ្យរលំផ្ទះ ៧៥ ខ្នងផ្ទះ របើកដំបូលចំនួន ៦១៣ ខ្នង សាលារៀន ១២ អគារតូបផ្សារ ៤ តូប អគាររដ្ឋបាល ៣ កន្លែង និងរបួសមនុស្ស ២ នាក់ មិនមានអ្នកស្លាប់ទេ។
លោកបានបន្តទៀតថា តាមរយៈតួលេខ ៤ ខែ ឆ្នាំ ២០២៥ នេះ បង្ហាញឱ្យឃើញថា គ្រោះមហន្តរាយនៅដើមឆ្នាំនេះ ហាក់មានការកើនឡើងខ្ពស់ ខណៈរដូវរដូវវស្សានៅឆ្នាំនេះ នឹងចូលមកដល់នៅដើមខែឧសភា លឿនជាងឆ្នាំ ២០២៤ ។
លោកបានបន្ថែមថា «នៅពេលរដូវវស្សាចូលមកដល់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ក៏ចាប់ផ្ដើមកើតមានជាមួយគ្នាដែរ។ វានឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងកាន់តែច្រើនបន្ថែមទៀត ដែលនេះជាបញ្ហាហានិភ័យមួយ»។
លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ចំណែកប្រជាពលរដ្ឋ ក៏ត្រូវត្រៀមខ្លួនផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ឱ្យនៅអប្បបរមា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


