ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងធម្មការ៖ មានតែក្រោមម្លប់សន្តិភាពប៉ុណ្ណោះ ទើបអាចអនុវត្តសិទ្ធិសេរីភាព សិទ្ធិខាងជំនឿ សាសនា
ថ្លែងចេញពីវេទិកា “កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី ៨ រវាងពុទ្ធសាសនា និងគ្រីស្តសាសនា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន មានប្រសាសន៍ថា មានតែក្រោមម្លប់នៃសន្តិភាពប៉ុណ្ណោះ ទើបយើងអាចមានកាលានុវត្តភាពដើម្បីអនុវត្តិសិទ្ធិសេរីភាព ជាពិសេស សិទ្ធិខាងជំនឿ សាសនា។

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដោយ ព្រះសហគមន៍កាតូលិភូមិភាគភ្នំពេញនៅកម្ពុជា ដោយផ្តោតលើប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មដោយភាពធន់” ចាប់ពីថ្ងៃទី ២៦-៣០ ខែ ឧសភា ឆ្នាំ ២០២៥។ វេទិកានេះ មានការនិមន្ត/អញ្ជើញចូលរួមពីសម្តេចព្រះសង្ឃកម្ពុជា សម្តេចសង្ឃអន្តរជាតិ និងតំណាងព្រះសហគមន៍កាតូលិកផងដែរ។ ក្នុងពិភពលោកដែលពោរពេញដោយអំពើហិង្សា ភាពបែកបាក់ និងវិបត្តិនៃបរិស្ថាន កិច្ចសន្ទនានេះនឹងស្វែងយល់ពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនានិងគ្រីស្តសាសនា ដែលផ្អែកលើមេត្តាករុណា សេចក្តីស្រឡាញ់ និងយុត្តិធម៌ អាចចូលរួមព្យាបាលសង្គម ដែលកំពុងបែកបាក់ កសាងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងបង្កើតសហគមន៍ដែលមានភាពធន់។

នាឱកាសនោះ លោក ចាយ បូរិន បានថ្លែងថា កិច្ចសន្ទនានេះប្រព្រឹត្តទៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា និងលើកកម្ពស់ជាបន្តបន្ទាប់។ ក្នុងនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនា
ដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
លោក ចាយ បូរិន សង្កត់ធ្ងន់ថា កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ ពិតជាមាន សារៈសំខាន់ណាស់ មិនគ្រាន់តែបានចូលរួមចំណែកធ្វើឱ្យមានការយល់ដឹងអំពីគុណតម្លៃរួម ភាពផ្សេងគ្នា ការយោគយល់គ្នា លើកកម្ពស់ សាមគ្គីធម៌ក្នុងនាមជាបងប្អូនរួមជាតិ និងរួមចំណែកធ្វើឱ្យមានសុខដុមរមនាសាសនានៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសន្ទនានេះនឹងផ្តល់វិភាគទានដ៏សំខាន់ដល់សុខដុមរមនាសាសនានៅក្នុងតំបន់ និងពិភពលោក។

លោកថា សម្រាប់ប្រធានបទ “ពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនា ប្រកបដោយភាពធន់” ពិតជាប្រធានបទដ៏ស័ក្តិសមសម្រាប់ ពិភពលោកដែលមានការបែកខ្ញែកយ៉ាងខ្លាំង អំពើហិង្សា សង្គ្រាមបានកើតមានជាហូរហែរ តាមរយៈការយកសាសនាជាខែល ដើម្បីបញ្ច្រាបមនោគមវិជ្ជាបែបអាត្មានិយម ហើយបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងពិភពលោក ជាពិសេស ប្រទេសក្រីក្រនិងតូចៗ។
លោកសង្កត់ធ្ងន់ថា អំពើហិង្សា សង្គ្រាមនានាងាយស្រួលណាស់សម្រាប់ការបង្កើត ប៉ុន្តែវាពិបាកណាស់ក្នុងការបញ្ចប់ ទៅវិញដែលទាមទារឱ្យសារនៃអហិង្សាធម៌ ការអត់ឱន ការអត់ធន់ មេត្តា ករុណារបស់គ្រប់សាសនា ត្រូវបានបញ្ច្រាបឱ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីរក្សាបាននូវសុខដុមនីយកម្មសាសនា ដែលជាធាតុចាំបាច់សម្រាប់ការកសាង និងការរក្សានូវសន្តិភាព។

ប្រធានបទនេះ ក៏ស័ក្តិសមផងដែរសម្រាប់ភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសធ្លាប់មានប្រវត្តិសាស្ត្រនៃការបែកបាក់ជាង៥០០ឆ្នាំ ហើយអាចសម្រេចបានសន្តិភាពពេញលេញ ក្រោម នយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មានការធានា បីយ៉ាងសំខាន់គឺ៖ ១) ធានាអាយុជីវិត និងរូបកាយ ២) ធានាអាជីព និងមុខរបរ ៣) ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ការធានាទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តី អត់ធន់ សណ្តោសប្រណី ការសម្រុះសម្រួល ការឱ្យអភ័យ ការផ្សះផ្សារជាតិ ផ្តោតសំខាន់លើការកសាងសន្តិភាព ថែរក្សា និងពង្រឹងសន្តិភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


