ព័ត៌មានជាតិ
វាលស្មៅនៅឧទ្យានជាតិវីរៈជ័យ ប្រែពណ៌ខៀវស្រងាត់ នារដូវវស្សាទាក់ទាញភ្ញៀវទេសចរ
ឧទ្យានជាតិវីរៈជ័យ ដែលមានទីតាំងនៅភាគឦសានប្រទេសកម្ពុជា លាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលមានវាលស្មៅធ្លាប់តែរិចរិលដោយសារតែកម្តៅព្រះអាទិត្យ បានប្រែក្លាយទៅជាវាលស្មៅពណ៌ខៀវស្រងាត់ប្រៀបបានកម្រាលព្រំបៃតងលាតសន្ធឹងល្វឹងល្វើយ គ្រប់ដណ្តប់ដោយភ្នំរដិបរដុប គយគន់មិនចេះណាយ។

នារដូវវស្សានេះ មានភ្លៀងធ្លាក់បន្តបន្ទាប់ ត្រជាក់ត្រជុំបង្កើតទៅជាផ្សែងពពក គ្របដណ្តប់ព្រៃភ្នំ រសាត់វិលទៅឆ្ងាយបន្តកន្ទុយគ្នា បង្កើតបានជាទស្សនីយភាព ដូចជាផ្ទាំងគំនូរសរវើកបង្កើតឡើងពីវិចិត្រករដៃឯក។
ប្រសិនបើភ្ញៀវទេសចរ ចាប់អារម្មណ៍ពីការផ្តិតយករូបភាពពីវាលស្មៅនេះ ឬចង់បន្ធូរអារម្មណ៍ភាពតានតឹងពីការងារនឿយហត់ពេលសម្រាកពីការងារ អាចទៅបញ្ចេញចោលនៅទីនោះបាននៅរដូវភ្លៀងធ្លាក់។ ឧទ្យានជាតិវីរៈជ័យ ឬវាលធំ ភ្ញៀវដែលធ្វើដំណើរទៅកម្សាន្ត ចាំបាច់ត្រូវទាក់ទងជាមួយអ្នកនាំផ្លូវ បើផុតពីខែវស្សានេះ ពេលធ្វើដំណើរពីទីរួមខេត្ត មានចម្ងាយផ្លូវប្រហែល៦០គីឡូម៉ែត្រ នៅទិសខាងជើងនៃទីក្រុងបានលុង ។ ឧទ្យាននេះ មានផ្ទៃដីសរុបប្រមាណ ផ្ទៃដី ៣.៣២៥ គីឡូម៉ែត្រការ៉េ ជាប់និងស្រុកតាវែង ស្រុកវើនសៃ ខេត្តរតនគិរី និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅទីនោះរួមមានវាលស្មៅ សត្វព្រៃ ព្រៃភ្នំ និងជាទីកន្លែងគយគន់ព្រះអាទិត្យ រៀបអស្តង្គត ដែលជាកន្លែង ប៉ងប្រាថ្នារបស់ភ្ញៀវទេសចរគ្រប់រូប មកលេងតំបន់ភូមិភាគឦសាន នៅពាក់កណ្ដាលខែឧសភា មិនគួរមើលរំលង។ ទីនេះបានបង្កប់នូវប្រព័ន្ធការពារធម្មជាតិ មានជំរកសត្វស្ទើរគ្រប់ប្រភេទ និងចម្រុះជីវៈសាស្ត្រ សម្រាប់អ្នកទេសចរដែលស្រឡាញ់ធនធានធម្មជាតិ ។ ថ្វីត្បិតតែផ្លូវពិបាកធ្វើដំណើរបន្តិច តែឆ្ពោះទៅកន្លែងវាលស្មៅ អ្នកនឹងពេញចិត្តទេសភាពនេះ។
តំបន់នេះគឺជាកន្លែងទាក់ទាញរបស់ក្រុមយុវជនដែលចូលចិត្តជីវិតបែបផ្សងព្រេង និងចាប់អារម្មណ៍ការថតរូប និងថតវីដេអូ ផ្សព្វផ្សាយក្នុងបណ្តាញសង្គម។
ទីកន្លែងធម្មជាតិបែបទេសចរណ៍ បោះតង់សម្រាកនៅពេលយប់ រីករាយជាមួយវាលស្មៅ ហើយក៏ផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវដឹងពីសត្វព្រៃនិងដើមរុក្ខជាតិប្លែកៗ ថនិកសត្វនិងសត្វល្មួនកម្រ ដែលគេពុំទាន់បានស្គាល់ជាច្រើនប្រភេទ ដែលមានវត្តមាននៅរស់រានមានជីវិត នៅភូមិសាស្ត្រខេត្តរតនគិរី ។

ឧទ្យាននេះត្រូវបានគេសន្មតថា ជាបេតិកភណ្ឌកើតឡើងពីធម្មជាតិមានវាលស្មៅដ៏ធំបំផុតមួយ ជាប់និងប្រទេសវៀតណាម និងប្រទេសឡាវ ដែលហ៊ុំព័ទ្ធដោយព្រៃឈើស្ថិតនៅក្នុងខេត្តរតនគិរី។ ភ្ញៀវជាតិ និងអន្តរជាតិ ពេលបានទៅទស្សនានៅរដូវវស្សា នឹងយល់ដឹងការតែច្បាស់ អំពីទីកន្លែងដ៏ពិសិដ្ឋនេះផង ហើយក៏បានទៅដល់ទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រ សង្គ្រាមអាមេរិក និងវៀតណាមដ៏ជូរចត់ និងទីតាំងតំបន់កន្ទុយនាគនៃប្រទេសកម្ពុជា។
ឧទ្យានជាតិវីរៈជ័យ ជាព្រៃដ៏ធំមួយ មានភូមិជនជាតិដើមភាគតិចព្រៅ និងកាវ៉ែត ដែលអាស្រ័យអនុផលព្រៃឈើ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជនជាតិដើមភាគតិចនៅទីនេះ ដើរតួនាទីជាអ្នកអភិរក្ស និងជាអ្នកនាំភ្ញៀវទៅទស្សនាបោះតង់និងដំណើរការកម្សាន្តនៅវាលធំធម្មជាតិ៕
អត្ថបទ និងរូបភាព៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


