ព័ត៌មានជាតិ
ត្បិតរកាំរកូសគ្នា ប៉ុន្តែសម្ដេចធិបតី ថាកម្ពុជា-ថៃ នឹងបន្តរក្សាទំនាក់ទំនង ដើម្បីឧត្តមប្រយោជន៍ប្រជាជនទាំងសងខាង
ត្បិតថាប្រមាណ១០ថ្ងៃជាងនេះ កម្ពុជា ថៃប្រឈមមុខដាក់គ្នាដោយកងទ័ព និងចល័តអាវុធធុនធ្ងន់ដាក់គ្នាផង ថៃបិទព្រំដែនដោយមិនជជែកជាមួយកម្ពុជាផង ឬគេហៅថាឡើងកម្ដៅ ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសប្រាប់ប្រជាជនកម្ពុជាពីទឹកដីបារាំងមកថា កម្ពុជា និងថៃ នឹងបន្តរក្សាទំនាក់ទំនងជាមួយគ្នាបន្តទៀត ដើម្បីបង្កើតប្រយោជន៍ដ៏ធំធេងជូនប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។

ក្នុងពេលដឹកនាំគណៈប្រតិភូចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងនីស ប្រទេសបារាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារខ្លីដែលមានបីចំណុចសំខាន់ៗជូនជនរួមជាតិ បន្ទាប់ពីកាលពីថ្ងៃទី០៩ កម្ពុជា សម្រួលទីតាំងឈរជើងរបស់កងទ័ព។

សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅត្រង់ចំណុចទី១ គឺជាសេចក្តីប្រកាសពត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពខ្មែរនៅព្រំដែនជាប់ថៃ ថា កម្ពុជា មិនបានដកកងទ័កចេញពីទឹកដីរបស់ខ្លួនឡើយយ។ រាល់ការរៀបចំកម្លាំងរបស់ទ័ពខ្មែរ រាប់ទាំងការឈរជើង ការពង្រាយ ការកែសម្រួល ការចល័ត គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារទឹកដីប៉ុណ្ណោះ។ កងទ័ពកម្ពុជា ចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែទន្ទឹងនឹងនេះ គឺត្រៀមខ្លួនរួចស្រេចក្នុងការប្រយុទ្ធការពារទឹកដី បើសត្រូវហ៊ានឈ្លានពានទៀត។ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការជម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងអំពាវនាវឱ្យពលរដ្ឋជឿតែប្រភពព័ត៌មានផ្លូវការចេញដោយរដ្ឋាភិបាល និងក្រសួងការពារជាតិ។

នៅត្រង់ចំណុចទី២ នៃសារផ្ញើជូនជនរួមជាតិ សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងអំពីការបន្តថែរក្សាទំនាក់ទំនងជាមួយថៃដូច្នេះ៖« រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ »។

ចំណុចចុងក្រោយ នៃសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺអំពាវនាវបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ ជាពិសេស ជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសថៃក្នុងទំហំទឹកប្រាក់ជាង១.១ពាន់លានដុល្លារ ចំណែកឯថៃនាំទំនិញចូលមកកម្ពុជាក្នុងទំហំទឹកប្រាក់ជាង៥.២ពាន់លានដុល្លារ គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១.៥ពាន់លានដុល្លារ។

កាលពីថ្ងៃទី០៧ ខែមិថុនា ថៃ សម្រេចបិទទ្វារព្រំដែនជាមួយកម្ពុជា ដោយមិនជជែក ឬជូនដំណឹងជាផ្លូវការមកកាន់កម្ពុជាជាមុនឡើយ។ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ថៃបានបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅម៉ោង៨ ព្រឹក ចំណែកកម្ពុជា ឆ្លើយតបទៅវិញដោយបើកទ្វារនៅម៉ោង៩ព្រឹក។ ការណ៍នេះ នៅលើបណ្ដាញសង្គម ពលរដ្ឋ អាជីវករថៃដល់លក់ដូរនៅជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្អូញត្អែរថាលក់ដូរមិនដាច់។

គួរឱ្យដឹងថា ពលរដ្ឋកម្ពុជាជាង១លាន ២សែននាក់ គឺបាននិងកំពុងចំណាកស្រុកធ្វើការងារនៅក្នុងប្រទេសថៃ ដើម្បីប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ យោងតាមការសិក្សារស្រាវជ្រាវ របស់វិទ្យាស្ថានសេដ្ឋកិច្ចរបស់ថៃ។ពលករចំណាកស្រុករបស់កម្ពុជា គឺបានបំពេញបញ្ហាកង្វះពលកម្ម ជំរុញផលិភាពឧស្សាហកម្ម ដែលបានចូលរួមដល់ការកំណើនសេដ្ឋកិច្ចថៃ ១% ប្រចាំឆ្នាំ។
តាមរយៈទំនាក់ទំនងកម្ពុជា ថៃ ដែលផ្ដល់ឱកាសការងារដល់ពលករចំណាកស្រុករបស់កម្ពុជាជាង១លាន២សែននាក់ គឺកម្ពុជាចំណេញបានប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិ ពីពលករចំណាកស្រុកពីបរទេស សរុបយ៉ាងហោចណាស់ប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


