Connect with us

ព័ត៌មានជាតិ

ប្រធានសភាលើកពេលទៅទស្សនកិច្ចនៅហុងគ្រីដោយសារ​មានការងារអទិភាពក្នុងប្រទេស

បានផុស

នៅ

ប្រធានសភាកម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​សម្រេច​លើក​ពេល​ទៅទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ហុងគ្រី ដោយសារ​មាន​ការងារ​ជា​អទិភាព​នៅ​ក្នុង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមគម្រោង​សម្ដេច​នឹងធ្វើដំណើរ​ទៅធ្វើទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រីចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា ចំពេលដែលកម្ពុជា​ប្ដឹងប្រទេស​ថៃ​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ​ និង​ស្ថានការណ៍ព្រំដែនកម្ពុជា​កំពុង​កើន​កម្ដៅ។

ទោះជាយ៉ាងណានាយកខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យសម្ដេច​ប្រធានសភាលោក កែវ ពិសិដ្ឋ ប្រាប់​កម្ពុជា​ថ្មីថា ការ​លើក​ពេល​នេះមិនមានជាប់ពាក់ព័ន្ធ​នឹង​ស្ថានការណ៍ព្រំដែនកម្ពុជា​-ថៃទេ។

លោកថា៖ «ការ​លើក​ពេល​នេះ​អត់​មាន​ទាក់ទងនឹង​ការ​តានតឹង​រឿង​ព្រំដែនទេ​។ ដោយ​សារ​តែ​សម្ដេច​មាន​ការងារ​អទិភាព​ក្នុងស្រុក​ដែល​លោក​ត្រូវ​យក​ចិត្ត​ទុកដាក់»។

ដោយឡែកចំពោះស្ថានការណ៍ព្រំដែនវិញលោកថា​សភាជាតិនៅ​បន្ត​តាមដាន ហើយ​បើ​ក្នុង​ករណីពិសេសមានគោលការណ៍​ពី​ថ្នាក់​ដឹក​នាំ សភាអាចបើក​កិច្ច​ប្រជុំពេញអង្គ​​ដើម្បីពិនិត្យលើ​ស្ថានការណ៍​វិវត្តន៍ផង​ដែរ។

គួរឱ្យ​ដឹង​ថាសម្ដេចប្រធាន​រដ្ឋសភាគ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ហុងគ្រី​ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី២០​ ខែ​មិថុនានេះ ដើម្បីរឹតចំណងមិត្តភាព ដ៏ល្អដែលមានស្រាប់រវាងប្រទេសទំាងពីរឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយបន្ថែមទៀតទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។ ចំពោះពេលវេលាដំណើរទស្សនកិច្ច​នៅពេលក្រោយ​អគ្គលេខាធិការសភានឹងជូនដំណឹងជាផ្លូវការ​នៅពេលក្រោយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម