ព័ត៌មានជាតិ
ថ្ងៃនេះជាខួប ៨ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ ៨ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក(៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៥) នៅក្នុងអង្គការយូណេស្កូ (UNESCO) ។ ការដាក់បញ្ចូលសម្បត្តិវប្បធម៌ខ្មែរចូលទៅក្នុងកិច្ចការពារជាលក្ខណៈសាកល ត្រូវបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ។

នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៨ឆ្នាំ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ការចុះបញ្ជីនេះជួយថែរក្សានិងអភិរក្សប្រាសាទសំបូរព្រៃគុក ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ សម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ ។
ជាមួយគ្នានេះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូល កោតសរសើរ និងអរគុណចំពោះប្រជាជាតិកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដោយការចុះបញ្ជីនេះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។

ឆ្លៀតក្នុងឱកាសនេះ ព្រះមហាក្សត្រកម្ពុជា ថ្លែងនូវអំណរគុណ និងការគាំទ្រជាខ្លាំង ចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក “ICC/ANGKOR-SAMBOR PREI KUK និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់ ។
គួរជម្រាបថា ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុង សតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


