Connect with us

ព័ត៌មានជាតិ

ដំរីព្រៃ​​៣៨ក្បាល បាន​បង្ហាញ​ខ្លួន ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សី​ម៉ា

បានផុស

នៅ

ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២ ខែមេសា នេះ​ថា ហ្វូង​ដំរីព្រៃ​ចំនួន​៣៨ ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ និង​ថត​បាន នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ហើ​ត​ក្រសួង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ កុំ​រំខាន​ដល់​សត្វ​ដំរីព្រៃ​ទាំងនោះ ហើយ​ចូលរួម​ការពារ និង​អភិរក្ស​ឲ្យ​បាន​គង់វង្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា គឺជា​ទីជម្រក​ដ៏​ធំ​មួយ​របស់​សត្វ​ដំរីព្រៃ​អាស៊ី និង​ប្រភេទ​សត្វ​កម្រ​ផ្សេងទៀត​។ បច្ចុប្បន្ន​មាន​សត្វ​ដំរីព្រៃ​ចន្លោះ​ពី​៤០០ ទៅ​៦០០ ក្បាល​ដែល​កំពុង​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា ជាពិសេស​នៅក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា​៥០​ភាគរយ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត​៩០​ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល ៧៥​ភាគរយ​រស់នៅក្នុង ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ដំរី​អាស៊ី​ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់ ដោយសារ​សារៈ សំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ ក្នុង​ដែន​ជម្រក​របស់​វា​។​

ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ​សកលលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិច​រិល​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ភ្លៀងលាយឡំ​ជាមួយខ្យល់​កន្ត្រាក់​ បំផ្លាញ​ផ្ទះ​ពលរដ្ឋ៤ខ្នង​នៅ​ស្រុក​ភ្នំព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម