Connect with us

ព័ត៌មានជាតិ

ថ្ងៃ ៧ សីហា នេះ ​​ផ្លូវជាតិ​លេខ ១០ ​សម្ពោធ​ដាក់​​ឲ្យប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​នាយករដ្ឋមន្រ្តីកម្ពុជា​

បានផុស

នៅ

ថ្ងៃ ៧ សីហា នេះ ផ្លូវជាតិលេខ ១០ ដែល​ជា​ខ្សែផ្លូវ​ជាតិ​ដ៏សំខាន់​តភ្ជាប់ពី​ខេត្តបាត់ដំបង​បន្ត​រហូត​ដល់​តំបន់​សមុទ្រ​ខេត្ត​កោះកុង នឹង​សម្ពោធដាក់​បើកឱ្យប្រើប្រាស់​ជា​ផ្លូវការ​ ក្រោមវត្តមាន​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និង​មន្រ្តីក្រសួង​សាធាណការ​និង​ដឹកជញ្ជូន កាលពីថ្ងៃ ១៦ កក្កដា​ បាន​ដឹកនាំ​ប្រតិភូ​ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការដែលបានគ្រោងទុក។

ផ្លូវជាតិលេខ ១០ មានប្រវែងសរុប ១៩៨,៧១ គីឡូម៉ែត្រ សាងសង់ឡើង​ក្រោមហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពី​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខណ្ឌថវិកាជាតិ ដែលគ្រោងនឹងសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការ​នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។

ផ្លូវ​ជាតិ​លេខ ១០ ជា​​ផ្លូវ​ជាតិ​ថ្មី​សាងសង់​កាត់ខេត្តចំនួន ៣ គឺ​ពី​​ស្រុក​សំឡូត (ខេត្ត​បាត់ដំបង) កាត់វាលវែង (ពោធិ៍សាត់) ដល់​ក្រុង​ខេមរភូមិន្ទ (​ខេត្ត​កោះកុង)​។

ផ្លូវនេះបានចាប់ផ្ដើមបើក​ការដ្ឋាន​សាងសង់កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ចេញ​ពី​ចំណុចផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ត​បញ្ចប់​រហូតដល់ផ្លូវជាតិលេខ ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវជាតិលេខ ១០ សាងសង់​ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)។ នៅ​លើ​កំណាត់​​​ផ្លូវ​ជាតិ​មួយ​ខ្សែនេះ ក៏​មានការ​សាងសង់​ស្ពាន​កម្ពស់​​ជាង ៩០ ម៉ែត្រ។ គម្រោង​សាងសង់មានរយៈពេល ៦៦ ខែ និងបានចាប់ផ្ដើមសាងសង់កាល​ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ និង​បាន​បញ្ចប់នាអំឡុង​ខែមិថុនា ឆ្នាំ២០២៥។

តាម​រយៈ​ផ្លូវជាតិ​លេខ ១០ ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ​និង​ពោធិ៍សាត់ អាច​ធ្វើ​ដំណើរ​មក​លេងតំបន់​​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​​​កាន់​តែ​ងាយស្រួល ខណៈ​ផ្លូវ​ជាតិថ្មីមួយខ្សែ​នេះ​ក៏​​នឹង​ក្លាយ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក្នុង​ការ​​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័សនិង​ចំណាយ​​តិច​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម