ព័ត៌មានជាតិ
ថ្នាក់ដឹកនាំរដ្ឋសភា នាំយកអំណោយ ជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹក នៅខេត្តព្រះវិហារ
ថ្នាក់ដឹកនាំរដ្ឋសភារួមមាន ប្រធានរដ្ឋសភាស្តីទីលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប លោក វង សូត អនុប្រធានទី២រដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤៥០០គ្រួសារ ដែលបានមកស្នាក់នៅជាបណ្ដោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនភៀសសឹក ថ្នាក់ដឹកនាំរដ្ឋសភា និងប្រជាពលរដ្ឋ បានធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធជាមួយកងទ័ពថៃ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ បើតាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរាយការណ៍ជូន ថ្នាក់ដឹកនាំរដ្ឋសភា ថាបច្ចុប្បន្នប្រជាពលរដ្ឋបានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាព មាន១៥ទីតាំង និងផ្ទះសាច់ញាតិ ៧ក្រុង ស្រុក សរុបចំនួន ៩,៩៩៤គ្រួសារ ស្មើនឹងចំនួន ៣២,៥៥៨នាក់។ ដោយឡែក សម្រាប់មណ្ឌលវត្តពោធិ៍ ៥០០០ដើម នេះ មានចំនួន ៤,៧៨៩គ្រួសារ ស្មើនឹង ១៦,២១៣នាក់។
ក្នុងឱកាសនោះ លោក ជាម យៀប បានលើកឡើងថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។ លោកបញ្ជាក់ថា៖«ទុក្ខលំបាកទាំងនេះ គឺកាន់តែធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព។ ដូច្នេះហើយ សន្តិភាព គឺពិតជាមានតម្លៃណាស់ ដែលភាគីទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបាន»។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើឱ្យពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន និងរក្សាខ្លួននៅទីតាំងសុវត្ថិភាពរហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។ លោកសង្កត់ធ្ងន់ថា៖«បើទោះជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដ នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ»។
លោកក៏បានសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងរស់នៅទីនេះ មេត្តា ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូមប្រើប្រាស់បង្គន់អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា មានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ សូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់ សម្បូរមូសគ្រប់ប្រភេទ។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋសភានាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ មានចំនួន៤៥០០កញ្ជប់ សម្រាប់ចែកជូន៤៥០០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន១កញ្ចប់ ក្នុងនោះមាន៖ អង្ករ ប៊ីចេង អំបិល ខ្ទឹមស ម្ទេសម៉ត់ ទឹកបរិសុទ្ធ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ រួមទាំងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។ លើសពីនេះ បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ សាដក០១ និងបច្ច័យ ៦ម៉ឺនរៀល ព្រមទាំង ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន១១.៥៩០.០០០រៀល សម្រាប់ចូលរួមកសាង ព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍ ៥០០០ដើម ផងដែរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


