ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សាទរលោក ផាម មិញជិញ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយសម្តែងការអបអរសាទរចំពោះលោក ផាម មិញជិញ (Pham Minh Chinh) ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នេះបើយោងតាមលិខិតចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្ញើជូនលោក Pham Minh Chinh បានលើកឡើងថា “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរីករាយសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ តួនាទីដ៏សក្តិសមនេះ បានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាមមកលើឯកឧត្តម ចំពោះការខិតខំប្រឹងប្រែងយក ចិត្តទុកដាក់របស់ឯកឧត្តមក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម”។

បើតាមសម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រយៈពេល៥៤ ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាមានទំនាក់ទំនងជាប្រពៃណីដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ។ ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ចដ៏ញឹកញាប់គ្រប់លំដាប់ថ្នាក់កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពរវាងប្រជាជាតិយើងទាំងពីរ។ សម្តេចបានបញ្ជាក់ថា សម្តេចបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Pham Minh Chinhក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដ៏យូរលង់របស់ប្រទេសទាំងពីរ ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណង មិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ។
សម្តេចមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ធ្វើការយ៉ាង ជិតស្និទ្ធ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា និងវៀតណាម នឹងអាចជម្នះបាននូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍របស់ប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា លោក ផាម មិញជិញ (Pham Minh Chinh) ត្រូវបានសភាជាតិវៀតណាមនៅថ្ងៃទី៥ មេសា នេះ សម្រេចជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីមុន គឺលោក ង្វៀន សួនហ្វ៊ុក ត្រូវបានជ្រើសតាំងឲ្យឡើងធ្វើជាប្រធានាធិបតី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម។

លោក ផាម មិញជិញ (Pham Minh Chinh) ដែលមានអាយុ៦៣ ឆ្នាំជាសាស្ត្រាចារ្យផ្នែកច្បាប់ និងជាវេជ្ជបណ្ឌិត ហើយក៏ជាវិស្វករសំណង់ផងដែរ។ គាត់ធ្លាប់ជាសមាជិកការិយាល័យនយោបាយ ជាអង្គភាពធ្វើការសម្រេចចិត្តរបស់បក្ស និងជាលេខាធិការគណៈកម្មាធិការកណ្តាលបក្ស។

ក្នុងឆ្នាំ ២០១០ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈមុនពេលត្រូវបានតែងតាំងជាប្រធានបក្សខេត្តភាគខាងជើងខេត្តក្វាងនិញ ក្នុងឆ្នាំ២០១១។ នៅឆ្នាំ២០១៥ គាត់បានក្លាយជាអនុប្រធាន នៃគណៈកម្មាធិការរៀបចំកណ្តាលបន្ទាប់មកបានក្លាយជាប្រធាននៅឆ្នាំ២០១៦៕






ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


