ព័ត៌មានជាតិ
អង្គការអុកស្វាម ដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ និងម៉ាស៊ីនចម្រោះទឹកចំនួន ២ នៅក្នុងជំរុំជនភៀសសឹកសំខាន់ៗក្នុងខេត្តឧត្តរមានជ័យ
ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការអុកស្វាម និងដៃគូ បានដំឡើងបង្គន់ចល័តចំនួន១៣ ប្រព័ន្ធចម្រោះទឹកស្អាតរួមចំនួន ២ នៅវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីលើកកម្ពស់អនាម័យជាមូលដ្ឋាន និងការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអង្គការអុកស្វាម។

ការដាក់ពង្រាយបង្គន់ចល័តនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ អង្គការអុកស្វាម (Oxfam) ស្វាគមន៍ចំពោះលទ្ធផលការទូតដ៏មានសារៈសំខាន់នេះ និងបន្តការប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ។
ខណៈពេលដែលបទឈប់បាញ់ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព តម្រូវការមនុស្សធម៌របស់ជនភៀសសឹក ជាង ១៧០,០០០នាក់ នៅតែជាកិច្ចការបន្ទាន់។ អង្គការអុកស្វាម នៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ជាពិសេសនៅក្នុងជំរុំជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលគ្រួសារនៅតែជួបប្រទះនឹងផលវិបាកនៃការផ្លាស់ទីលំនៅ។
ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា អង្គការអុកស្វាម បានធ្វើការវាយតម្លៃតម្រូវការរហ័ស ដោយមានការសម្របសម្រួលជាមួយដៃគូក្នុងស្រុករួមមាន ក្រុមទ្រទ្រង់ភូមិ (VSG) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD)។
ការវាយតម្លៃតម្រូវការរហ័សដែលធ្វើឡើងដោយអង្គការអុកស្វាម និងដៃគូ បានបង្ហាញពីបញ្ហាប្រឈមផ្នែកមនុស្សធម៌ដ៏សំខាន់ដែលជនភៀសសឹកកំពុងជួបប្រទះ។

ជំរុំជនភៀសសឹកជាច្រើនកំពុងតស៊ូជាមួយនឹងគម្លាតធ្ងន់ធ្ងរនៅក្នុងសេវាមូលដ្ឋាន រួមទាំងលទ្ធភាពទទួលបានទឹកស្អាត អនាម័យ និងសម្ភារៈអនាម័យផ្សេងៗ ដែលបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់អាហារមូលដ្ឋានភ្លាមៗត្រូវបានផ្តល់ដោយយន្តការសាធារណៈ និងឯកជន។ ប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានពង្រីក ដោយមានតម្រូវការបន្ទាន់សម្រាប់ថ្នាំសំខាន់ៗ ការថែទាំមាតា និងការព្យាបាលសម្រាប់ស្ថានភាពរ៉ាំរ៉ៃ។
បន្ថែមពីលើតម្រូវការរាងកាយ ការវាយតម្លៃបានបង្ហាញពីភាពតានតឹងផ្នែកចិត្តសាស្ត្រយ៉ាងសំខាន់ ជាពិសេសក្នុងចំណោមកុមារ និងបុគ្គលវ័យចំណាស់ ដែលភាគច្រើនកំពុងប្រឈមមុខនឹងការប៉ះទង្គិច និងភាពមិនច្បាស់លាស់ដែលកើតចេញពីការផ្លាស់ទីលំនៅរបស់ពួកគេ។ លើសពីនេះ ជនមានពិការភាពប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការទទួលបានសេវា និងទាមទារការគាំទ្រដែលសមស្រប និងប្រកបដោយបរិយាបន្នដើម្បីធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។
ជាការឆ្លើយតប អង្គការអុកស្វាមដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់ផ្ទាល់បានដាក់ពង្រាយបង្គន់ចល័តចំនួន ១៣ ដែលបំពាក់ដោយប្រព័ន្ធទឹក និងលូ ដើម្បីលើកកម្ពស់អនាម័យនៅក្នុងជំរុំជនភៀសសឹក និងម៉ាស៊ីនចម្រោះទឹកចំនួនពីរនៅវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ។ ជំរុំជនភៀសសឹកទាំងពីរនេះមានគ្រួសារប្រមាណ ៧.៤៣១គ្រួសារ សរុបចំនួន ២៥.២៨១ នាក់ ។

នៅពេលដែលគ្រួសារជនភៀសសឹករៀបចំសម្រាប់ការត្រឡប់ទៅផ្ទះវិញដែលអាចកើតមានបន្ទាប់ពីបទឈប់បាញ់ អង្គការអុកស្វាម និងដៃគូកំពុងពិនិត្យលទ្ធភាពកម្មវិធីផ្ទេរសាច់ប្រាក់ ដែលនឹងផ្តល់អាទិភាពដល់អ្នកដែលមានប័ណ្ណក្រីក្រ ប័ណ្ណជនមានពិការភាព និងមនុស្សចាស់។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “បទឈប់បាញ់នាំមកនូវក្តីសង្ឃឹម និងអំពាវនាវទាំងប្រទេសថៃ និងកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀង និងផ្តល់អាទិភាពដល់តម្រូវការរបស់ជនភៀសសឹក។ លោកស្រីបញ្ជាក់ថា អង្គការអុកស្វាម ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយដៃគូក្នុងស្រុក និងរដ្ឋាភិបាលដើម្បីផ្តល់ជំនួយសង្គ្រោះជីវិត និងធានាថាការស្តារឡើងវិញ គឺប្រកបដោយបរិយាបន្ន យុត្តិធម៌ និងយូរអង្វែង៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


