ព័ត៌មានជាតិ
ជប៉ុន ប្រកាសផ្តល់ជំនួយមនុស្សធម៌១,៨លានដុល្លារ ជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ។

តាមរយៈហ្វេសប៊ុកស្ថានទូតជប៉ុន លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអះអាងថា នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌១,៨លានដុល្លារនេះ ដូចជា ការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ(យូនីសេហ្វ)។
លោក UENO Atsushi បានបញ្ជាក់ថា៖ «រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថា នឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។ ខ្លួនខ្ញុំផ្ទាល់ និងវរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត»។ បើតាមលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ស្ថានទូតជប៉ុន ក៏នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

ជប៉ុន គឺជាប្រទេសទី២ហើយដែលបានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ជនភៀសសឹកកម្ពុជាដែលបានជម្លៀសចេញពីលំនៅដ្ឋាន ព្រោះតែការប្រយុទ្ធគ្នារវាងកងទ័ពការពារជាតិកម្ពុជា និងកងទ័ពឈ្លានពានថៃ។ កាលពីចុងសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរាជធានីភ្នំពេញ លោក វ៉ាង វិនពីន ក៏បានប្រកាសផ្ដល់ជំនួយជាថវិកា១០ម៉ឺនដុល្លារសម្រាប់ជួយដល់ជនភៀសសឹករបស់កម្ពុជា ដែលកំពុងស្នាក់នៅក្នុងជំរុំភៀសខ្លួន ក្នុងខេត្តឧត្តរមានជ័យ។ ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងបន្ទាប់ពីលោក វ៉ាង វិនពីន បានចុះទៅមើលឃើញផ្ទាល់ដល់ទីតាំងស្នាក់នៅរបស់ជនភៀសខ្លួនកម្ពុជា ដែលបានរត់គេចចេញពីការប្រយុទ្ធឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

មិនខុសគ្នានឹងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាដែរ ការប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់របស់ជប៉ុននាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក UENO Atsushi រួមជាមួយនឹងអង្គទូតបរទេសដទៃទៀត បានចុះទៅឃើញផ្ទាល់ជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជា កន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រោយពីបានឃើញអំពីទំហំនៃការខូចខាតដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួនកម្ពុជា លោក UENO Atsushi មានការគ្រាំគ្រាចិត្តជាពន់ពេក។

លោក UENO Atsushi ក៏ដូចជា អង្គទូតបរទេសដទៃទៀត បានប្រកាសគាំទ្រចំពោះការមានបទឈប់បាញ់រវាងកម្ពុជា និងថៃ និងអំពាវនាវឱ្យមានការគោរព និងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់នេះ ដើម្បីឆ្ពោះទៅបញ្ចប់អរិយភាពនៅតាមបណ្តោយព្រំដែនកម្ពជា-ថៃ។ គិតមកដល់ពេលនេះ ភាគីកម្ពុជា បានអនុវត្តយ៉ាងពេញលេញចំពោះបទឈប់បាញ់នេះ ខណៈដែលភាគីថៃ ចេះរកលេសរំលោភបំពានម្តងហើយម្តងទៀតជាបន្តបន្ទាប់ ដូចជា ការចល័តទ័ពចូលដែនអធិតេយ្យភាពកម្ពុជា ការយកគ្រឿងចក្រមកឈូសឆាយធ្វើផ្លូវ ធ្វើលេណដ្ឋាន រាយបន្លាលួស និងប្រើចម្ពាមបាញ់មកលើកងទ័ពកម្ពុជាជាដើម។ កម្ពុជា បានទាមទារឱ្យភាគីថៃ បញ្ឈប់សកម្មភាពបង្កហេតុទាំងអស់នេះជាបន្ទាន់ និងបានអំពាវនាវឱ្យអន្តរជាតិជួយជំរុញទៅថៃឱ្យគោរពឱ្យបានពេញលេញនូវបទឈប់បាញ់នេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


