Connect with us

ព័ត៌មានជាតិ

កងកម្លាំងការពារព្រំដែនទិសខេត្តព្រះវិហារ និងជនភៀសសឹក ៥០០ គ្រួសារ ទទួលអំណោយពីតំណាងអគ្គស្នងការនគរបាលជាតិ

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ឯក ឃឹង សារ៉ាត់ និង លោកស្រី​តំណាង​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​នាំ​យក​អំណោយ​ជូន​កងកម្លាំង​ការពារ​ព្រំដែន​ទិស​ខេត្ត​ព្រះវិហារ និង​ជនភៀសសឹក​ចំនួន ៥០០ គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ ២០២៥ លោក​ឧត្ដមសេនីយ៍​ឯក ឃឹង សារ៉ាត់ និង​លោកស្រី ឆាយ សាលីន និង​សហការី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​មក​ចែក​ជូន​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន និង​ជនភៀសសឹក ស្ថិត​ក្នុង​វត្ត​ឧ​ត្ត​រ​គី​រី​ទួល​អណ្តែត ខេត្ត​ព្រះវិហារ។

លោក​ឧត្ដមសេនីយ៍​ទោ សួស សុខដារ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ និង​ឯកឧត្ដម មេបញ្ជាការ​រង បញ្ជា​ការដ្ឋាន​អង្គរក្ស បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​គណៈ​ប្រតិភូ​ទាំងអស់ ជាពិសេស លោក​ឧត្ដមសេនីយ៍​ឯក ឃឹង សារ៉ាត់ និង​លោកស្រី ដែល​បាន​នាំ​យក​អំណោយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​ប្រគល់​ជូន​ដល់​កម្លាំង​ការពារ​ព្រំដែន ដែល​អំណោយ​ទាំងនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្គត់ផ្គង់​ដល់​កម្លាំង​ជួរមុខ។

លោក​ឧត្ដមសេនីយ៍​ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន មាន​ប្រសាសន៍​ថា អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក​នាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ គឺ​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ និង​ជា​ការ​ដឹងគុណ​ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព​ដែល​បាន​លះបង់​ក្តី​សុខ​ផ្ទាល់ខ្លួន និង​ហ៊ាន​ពលី​គ្រប់​បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​នា​ពេល​កន្លងមក។

លោក​ក៏បាន​បញ្ជាក់​ទៀត​ថា ការ​បូជា​ជីវិត និង​ស្មារតី​របស់​ពួកគាត់ គឺជា​រឿង​ដ៏​សំខាន់​ដែល​មិន​អាច​បំភ្លេច​បាន។ វីរ​កងទ័ព​ជួរមុខ​ បាន​លះបង់​កម្លាំង​កាយ​ចិត្ត និង​ជីវិត​ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ការឈ្លានពាន​របស់​កងទ័ព​ថៃ។ ការ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​របស់​ពួកគាត់​បាន​បង្ហាញ​ពី​មោទនភាព​ជាតិ និង​ឆន្ទៈ​ដ៏​មុតមាំ​ក្នុង​ការ​ការពារ​មាតុភូមិ ទង្វើ​នេះ​មិន​ត្រឹមតែ​ការពារ​ព្រំដែន​ប៉ុណ្ណោះ​ទេ ថែមទាំង​ថែរក្សា​សន្តិភាព និង​អធិបតេយ្យភាព​របស់​ជាតិ​ផង​ដែរ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា កូនចៅ​ជំនាន់​ក្រោយ ​ត្រូវ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ និង​ការ​លះបង់​របស់​វីរ​កងទ័ព ដើម្បី​បន្ត​ការ​ចងចាំ​នេះ​ជា​រៀង​រហូត។ វីរ​កងទ័ព​ជួរមុខ​ គឺជា​វីរបុរស​ពិតៗ ដែល​សម​នឹង​ទទួល​បាន​ការ​គោរព និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការ​បូជា​ជីវិត​របស់​ពួកគាត់ និង​ចងចាំ​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត។

លោក ឃឹង សារ៉ាត់ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គោលជំហរ​ដ៏​រឹងមាំ និង​មិន​ផ្លាស់ប្ដូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយពី​មានការ​ឯកភាព​គ្នា​ស្ដីពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​តាម​បណ្ដោយ​តំបន់​ព្រំដែន​កាលពី​ថ្ងៃទី​ ៧ ខែសីហា ឆ្នាំ​ ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អះអាង អំពី​គោលជំហរ​របស់ខ្លួន​ដែល​ផ្អែកលើ​គោលការណ៍​ចម្បង​ពីរ​គឺ យន្តការ​ច្បាប់ និង ការ​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដើម្បី​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ប្រកប​ដោយ​សន្តិភាព យុត្តិធម៌ និង​និរន្តរភាព។

អំណោយ​លោក​នាយ​ឧត្ដមសេនីយ៍ ស ថេត តាមរយៈ លោក​ឧត្ដមសេនីយ៍​ឯក ឃឹង សារ៉ាត់ និង​លោកស្រី ត្រូវ​បាន​យក​មក​ប្រគល់​ជូន​ក្នុង​ឱកាស​នោះ​រួមមាន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ទទួល​បាន​អង្ករ​ចំនួន ១០​ តោន ទឹក​សុទ្ធ ៤០​ កេស ធូបមូស ៤០​ កេស តង់​ចំនួន​ ២០​ ប៉ាវ ម៉ាស់ ១៥ ​កេស បារី ​១៥ ​កេស សាច់​ងៀត​ចំនួន ២០០ ​គីឡូ និង​ថវិកា​ចំនួន ៥​ លាន​រៀល ជូន​ដល់​បញ្ជា​ការដ្ឋាន​អង្គរក្ស រួមមាន អង្ករ ៥​ តោន ទឹក​សុទ្ធ​ ១០​ កេស គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ និង​ថវិកា​ ៥​ លាន ជូន​ដល់​ជនភៀសសឹក​ចំនួន ​៥០០​ គ្រួសារ ក្នុង​ ១​ គ្រួសារ​ ទទួលបាន​អង្ករ ​១០ គីឡូក្រាម ទឹកស៊ីអ៊ីវ ១​ យួរ ប្រេងឆា ​១ ​ដប មី​ ១០ ​កញ្ចប់ និង​ថវិកា ​២០,០០០ ​រៀល ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ឧ​ត្ត​រ​គី​រី​ទួល​អណ្តែត ​១​ លាន​រៀល និង​ឧបត្ថម្ភ​ដល់​គណៈ​បញ្ជាការ​ខេត្ត​ចំនួន ​៥ ​លាន​រៀល៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម