ព័ត៌មានជាតិ
កម្ពុជា ប្រាប់ប្រធានអនុសញ្ញាអូតាវ៉ា ពីផែនការថៃយកលេសជាន់មីនដើម្បីឈ្លានពានទឹកដីកម្ពុជា
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថាកម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់ ចំនួន៤លើក លើកទី១ នៅថ្ងៃទី១៦ កក្កដា លើកទី២ នៅថ្ងៃទី២៣ កក្កដា លើកទី៣ នៅថ្ងៃទី៩ សីហា និងលើកទី៤ នៅថ្ងៃទី១២ សីហា។ ការច្រានចោលនេះ បន្ទាប់ពីថៃបានចោទប្រកាន់ថាកម្ពុជា រំលោភលើមាត្រា១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

សេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីន ចុះថ្ងៃទី ១៥ខែសីហានេះ បានបញ្ជាក់ជាថ្មី ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលបច្ចុប្បន្នមាន១៦៥ប្រទេសជារដ្ឋភាគី កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ប៉ុន្តែជារឿយៗកងទ័ពថៃតែង ចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ។ ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានរបស់ថៃ អាជ្ញាធរមីន បានផ្ញើរលិខិតផ្លូវការជូនប្រធានអនុសញ្ញាអូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដោយប្រើរូបភាព ថាកម្ពុជាដាក់មិនថ្មី។
លិខិតនោះ បានជម្រាបថា ថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធា ឈ្លានពានកម្ពុជា។ ក្នុងឆ្នាំ ២០០៨ ថៃបានចោទប្រកាន់ស្រដៀងគ្នាអំពីការដាក់មិនថ្មី ដែលការចោទ នេះគឺគ្មានភស្តុតាងច្បាស់លាស់។ ទាំងនេះ គឺជាយុទ្ធសាស្ត្រដែលថៃប្រើប្រាស់ ដើម្បីបង្កឱ្យស្ថានភាព មានភាពតានតឹងនិងឈានទៅប្រើកម្លាំងប្រដាប់អាវុធ។ ក្នុងន័យនេះ កម្ពុជាបានផ្តល់នូវកំណត់ចំណាំថា៖ ប្រសិនគ្រោះថ្នាក់ឬឧប្បត្តិហេតុកើតឡើងនៅក្នុងទឹកដីថៃ ថៃត្រូវទទួលខុសត្រូវដោយខ្លួនឯង។
កម្ពុជា សូមបដិសេធដាច់ខាត រាល់ការប៉ុនប៉ង ចោទប្រកាន់ ឬទំលាក់កំហុសដោយគ្មានមូលដ្ឋាន ឬប្រើជាលេសដើម្បីកេងប្រវ័ញ្ច ផលប្រយោជន៍ នយោបាយ ឈានទៅឈ្លានពានដោយប្រើកម្លាំងយោធា ប្រសិនគ្រោះថ្នាក់ ឬឧប្បត្តិហេតុកើតឡើងនៅក្នុងទឹកដីកម្ពុជា ឬតំបន់ព្រំដែនមិនទាន់បញ្ចប់ការខណ្ឌសីមា មានន័យថា ថៃបានបំពានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥។
អាជ្ញាធរមីនបញ្ជាក់ថា៖«តំបន់នេះ ជាតំបន់មានមីនច្រើនដែលបានបន្សល់ទុកដោយសង្គ្រាមក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៨០ ហើយបច្ចុប្បន្ន តំបន់នេះកំពុងមានការស្រាវជ្រាវ និងត្រូវបោសសម្អាត ប៉ុន្តែការបោសសម្អាតក្នុងតំបន់នេះ មានការលំបាកដោយសារស្ថានភាពព្រៃភ្នំ និងបញ្ហាខណ្ឌសីមាព្រំដែនដែលមិនទាន់បញ្ចប់។ ដោយមូលហេតុនេះ រួមជាមួយការគំរាមកំហែងដោយយោធាថៃ និង ដើម្បីសហគមន៍មានសុវត្ថិភាព ចាំបាច់ត្រូវបញ្ចប់ការខណ្ឌសីមាព្រំដែនជាមុន»។អជ្ញាធរមីន បញ្ជាក់ទៀតថា ៖«កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយកម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់មិនពិតអំពីការប្រើប្រាស់មីន ដើម្បីជាហេតុផលឈ្លានពាន និងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា»។
ជាមួយគ្នានេះ កម្ពុជាអំពាវនាវដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់ ចូលរួមការពារបូរណភាពអនុសញ្ញាអូតាវ៉ា មូលដ្ឋានរវាងរដ្ឋភាគីជាក់ស្តែងករណីថៃចោទកម្ពុជា។ អាជ្ញាធរមីន ក៏ស្នើឱ្យរដ្ឋភាគីចូលរួមជំរុញឱ្យថៃដោះលែងជាន្ទាន់ នូវទាហានកម្ពុជាដែលនៅសេសសល់ទាំងអស់ដែលថៃបាន ចាប់ខ្លួន និងឃុំឃាំងដោយខុសច្បាប់ ព្រោះវាជាការរំលោភបំពានច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង ឈប់បាញ់ និងគោលការណ៍មនុស្សធម៌។

អាជ្ញាធរមីន ជំរុញឱ្យថៃគោរពយ៉ាងពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ និងបញ្ឈប់ រាល់ការឈ្លានពានមកលើកម្ពុជា។ ជំរុញការបន្ត និងពន្លឿនការកំណត់ខណ្ឌសីមាព្រំដែន ដែលស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ដោះស្រាយបញ្ហាប្រកបដោយសន្តិភាព បញ្ចៀសការប៉ះទង្គិចប្រដាប់អាវុធ ធ្វើឱ្យកាបោសសម្អាតមីន ប្រព្រឹត្តទៅបានដោយរលូន។ ជំរុញឱ្យថៃទទួលយកនូវការប្រើប្រាស់វិធានការច្បាប់ ចំពោះចំណុចព្រំដែនដែលមានជម្លោះទាំង៤ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីធានាបាននូវដំណោះស្រាយច្បាស់លាស់ មានសន្តិភាព ដែលអំណោយផលដល់ការបោសសម្អាតមីន។
តាមរយៈសេចក្តីប្រកាសព័ត៌មាន កម្ពុជាជំរុញឱ្យថៃបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធដែលបញ្ចេញសារធាតុគីមីពុល គ្រាប់ទម្លាក់ពីលើអាកាសប្រភេទ MK series 80 ការចាប់និងឃុំខ្លួនទាហានកម្ពុជាក្រោយបទឈប់បាញ់ និងការរំលោភបំពានលើទាហានកម្ពុជាក្នុងអំឡុងពេលឃុំខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


