ព័ត៌មានជាតិ
ផ្លូវលំ ៣ ខ្សែ ប្រែក្លាយជាផ្លូវបេតុង និងកៅស៊ូ ផ្លាស់ប្តូរមុខមាត់ថ្មីភូមិជនបទនៅស្រុកឯកភ្នំ
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចុះទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។


– ខ្សែទី១ (តាពុន-ទួលអំពិល) មានប្រវែងសរុប ៦,១៨គ.ម. ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសង្ខាងម្ខាងៗប្រវែង ១ ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥,៩៣ គ.ម និងក្រាលបេតុង (RC) ០,២៥ គ.ម តភ្ជាប់ពីភូមិតាកុក ឃុំសំរោងក្នុង ទៅដល់ភូមិព្រែកខ្ទប់ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង វឌ្ឍនភាពសម្រេចលទ្ធផលបាន ១០០%។
– ខ្សែទី២ (អូរស្តី-អូរកំបុត) ប្រវែងសរុប ២,០៥ គ.ម. ទទឹងប្រវែង ៦ ម៉ែត្រ ចិញ្ចើមសង្ខាងម្ខាងៗប្រវែង ១ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៤០ គ.ម និងក្រាលបេតុង (RC) ០,៦៥ គ.ម តភ្ជាប់ពីភូមិព្រែកហ្លួង ឃុំព្រែកនរិន្ទ ទៅដល់ភូមិស្ពឺលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង វឌ្ឍនភាពសម្រេចលទ្ធផលបាន ៩១,០២%។
– ខ្សែទី៣ (តាគម-ព្រែកនរិន្ទ) មានប្រវែងសរុប ១០,២៤ គ.ម. ទទឹងប្រវែង ៦ ម៉ែត្រ ចិញ្ចើមសង្ខាងម្ខាងៗប្រវែង ១ ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,០៩គ.ម និងក្រាលបេតុង (RC) ១,១៥គ.ម តភ្ជាប់ពីភូមិព្រែកឆ្តោ ឃុំពាមឯក ទៅដល់ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង វឌ្ឍនភាពសម្រេចលទ្ធផលបាន ៨៥,២១%។
ខ្សែផ្លូវទាំង ៣ ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូនីយកម្មកសិកម្ម (SAAMBAT) ដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF) ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ១០ ៥២៦ គ្រួសារ ស្មើនឹង ៤១ ៤៤៤នាក់ និងដោយប្រយោលចំនួន ៨ ៣១៨គ្រួសារ ស្មើនឹង ៤២ ៧២៩នាក់។






ក្នុងការចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវជនបទក្នុងស្រុកឯកភ្នំ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានធ្វើការណែនាំដល់មន្ត្រីបច្ចេកទេសថ្នាក់ក្រសួង និងថ្នាក់មន្ទីរជំនាញឱ្យខិតខំយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យបទដ្ឋានបច្ចេកទេស ដើម្បីធានាផ្លូវមានគុណភាពសម្រាប់ការប្រើប្រាស់យូរអង្វែង ព្រមទាំងការការពារសុវត្ថិភាពដល់ការធ្វើដំណើរផងដែរ។
តាមរយៈផ្លូវថ្មីស្ថាបនាជាកៅស៊ូនេះ នឹងផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូន និងការប្រកបមុខរបបផ្សេងៗ ដែលផ្ទុយពីអតីតកាលផ្លូវមានសភាពលំបាកដោយសារជង្ហុកធំៗ រអិល និងហុយ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានចុះទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតមានប្រវែង ៩,២០គ.ម. តភ្ជាប់ពីភូមិកគរ ឃុំអូតាគី ស្រុកថ្មគោល ទៅកាន់ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ផ្លូវ១ខ្សែនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៧ ក្នុងក្របខ័ណ្ឌកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហានទី៤ (RIP4)។
ដោយសារស្ថានភាពផ្លូវមានសភាពខូចខាតច្រើន លោករដ្ឋមន្ត្រីក៏បានណែនាំដល់មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរពិនិត្យលទ្ធភាពដាក់ខ្សែផ្លូវនេះ ក្នុងគម្រោងស្ដារឡើងវិញផ្លូវជនបទរបស់ក្រសួងនាឆ្នាំបន្ទាប់ ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងនាពេលអនាគត៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


