Connect with us

ព័ត៌មានជាតិ

ការ​ស្ថាបនា​ផ្លូវជាតិលេខ ៥ កំណាត់ចុងក្រោយទៅ​ប៉ោយប៉ែត សម្រេច​បាន ៣៣% គ្រោង​បញ្ចប់ឆ្នាំ ២០២៦

បានផុស

នៅ

ដំណើរការ​ស្ថាបនា​ផ្លូវជាតិលេខ ៥ កំណាត់ចុងក្រោយពី​ក្រុង​សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមាន​ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលប្រមាណ ៣៣,៨% គិតត្រឹមចុងខែសីហា ឆ្នាំ២០២៥។ នេះបើតាមការ​គូស​បញ្ជាក់ពីលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

បើគ្មានការប្រែប្រួលទេ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ ២០២៦ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ជាតិ​លេខ ៥ ​ជា​ផ្លូវ​អាស៊ាន​ហាយវេ​លេខ ១ (AH1) ដែល​បាន​​បញ្ចប់ការស្ថាបនា​​​ពី​ព្រែក​ក្តាម​ដល់​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ ខណៈ​​​កំណាត់​ចុងក្រោយ​ប្រវែង​ជាង ៣៥ គីឡូម៉ែត្រ​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ដល់​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត ​កំពុង​ជំរុញបញ្ចប់​ទៅតាមផែនការ​។

គម្រោង​ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺ​ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិ​ជប៉ុនប្រចាំកម្ពុជា ដែល​ផ្តើម​សាង​សង់ចេញ​ពី​ព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​​សាងសង់​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក។ ការស្ថាបនា​បែងចែកជាបីផ្នែកធំៗគឺ៖ ភាគ​ខាងជើង ភាគ​ខាងត្បូង និង​ភាគ​កណ្តាល។

ស្របពេល​ដែល​ការដ្ឋាន​​កំពុង​ជំរុញ​បញ្ចប់​ទៅតាមផែនការ មន្រ្តី​ក្រសួងសាធារណការនិងដឹកជញ្ជូន អំពាវនាវដល់អ្នក​បើក​បរត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន ពោលគឺត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នក​ដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីភក់លើប្រជាពលរដ្ឋនៅតាមដងផ្លូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម