Connect with us

នយោបាយ

មេធាវី​បដិសេធ​លោក កឹម សុខា នៅ​ពី​ក្រោយខ្នង​ការបង្កើត “​គណបក្ស​បេះដូង​ជាតិ​”

បានផុស

នៅ

លោក ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ចេញមុខ​បដិសេធ​នា​រសៀល ថ្ងៃទី២៩ ខែមិថុនា នេះ​ថា លោក កឹម សុខា មិនបាន​នៅ​ពីក្រោយ នៃ​ការបង្កើត “​គណបក្ស​បេះដូង​ជាតិ​” នោះទេ ហើយ​លោក កឹម សុខា ក៏​មិន បាន​គាំទ្រ​ក្រុម​ណាមួយ​ឲ្យ​បង្កើត​បក្ស​ថ្មី នោះ​ដែរ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជា ពលរដ្ឋ​នៅ​មូលដ្ឋាន តាម​បណ្តា​ខេត្ត​នានា កុំ​ចាញ់បោក​អ្ន​ក​ទាំងនោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ចាន់ ចេ​ន បាន​បញ្ជាក់​ថា នៅ​អំឡុង​ពេលនេះ អ្នក​ដែល​បង្កើត​បក្ស​ថ្មី មួយ​ឈ្មោះ “​គណបក្ស​បេះដូង​ជាតិ​” ពួកគេ​បាន​ទៅដល់​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ បន្ទាយមានជ័យ និង​ខេត្ត​មួយចំនួនទៀត​។ ដើម្បី​សម្រេច​បាន​មហិច្ឆតា​របស់​ក្រុម​ខ្លួន ពួកគេ​បាន​និយាយ​បញ្ចុះបញ្ចូល​អ្នកគាំទ្រ​អតីត​សង្គ្រោះ​ជាតិ​ថា គណបក្ស​របស់​ក្រុម​ខ្លួន គឺ​លោក កឹម សុខា ជា​អ្នក​ឲ្យ​បង្កើត ហើយ​លោក កឹម សុខា នៅ​ពី​ក្រោយខ្នង ហើយ​លោក កឹម សុខា ក៏​ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​បង្កើត​ផង​ដែរ​។

លោក ចាន់ ចេ​ន បញ្ជាក់​ថា “​ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ភាន់ច្រឡំ ចាញ់បោក​ការអូសទាញ​របស់​អស់លោក​ទាំងអស់​នោះ ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ថា ឯកឧត្តម កឹម សុខា តាមរយៈ​មេធាវី​នាពេល​កន្លងមក បាន​ចេញ​សេចក្តី​ថ្លែង​ការ ហើយ​បាន​ផ្សាយ​ជា​សាធារណៈ​ជាច្រើនលើក ច្រើនសារ​មក​ហើយ​ថា ឯកឧត្តម កឹម សុខា មិន​គាំទ្រ​ក្រុម​ណា មួយ​ឲ្យ​បង្កើត​បក្ស​ថ្មី ហើយក៏​មិនដែល​នៅ​ពី​ក្រោយខ្នង​ក្រុម​ណាមួយ​ដែរ ហើយ​ពេលនេះ​ក៏​ដូចគ្នា​ដែរ​”​។

ដូច្នេះ “​បងប្អូន​យើង​នៅ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា​ទាំង មូល កុំ​ចាញ់បោក​អស់លោក​ទាំងនោះ​ឲ្យ​សោះ ព្រោះ​វា​មិនមែន​ជា​ការពិត​នោះ​ទេ សូម​អស់លោក​ឈប់​ប្រើ​ស្នៀត​របៀបនេះ​តទៅទៀត​ទៅ ព្រោះ​អ្នកគាំទ្រ ក៏​ដូច ជា​ប្រជាពលរដ្ឋ​ខ្មែរ បានដឹង​អស់ហើយ​”​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា “​គណបក្ស​បេះដូង​ជាតិ​” ហើយ​ទាក់ទង​ការបង្កើត​គណបក្ស​ថ្មី​នេះ មាន​ប្រភព​មួយ​ច​ចំនួន​បាន​បង្ហើប​ថា គណបក្ស​បេះដូង​ជាតិ​នេះ រួមគ្នា​បង្កើត​ឡើង​ដោយ​លោក ថាច់ សេដ្ឋា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើប​ទទួលបាន​សម្បទា ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្មីៗ​នេះ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម