នយោបាយ
តើពលរដ្ឋអាចប្ដឹងជំទាស់ ទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដែរឬទេ?
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ប្រជាពលរដ្ឋអាចមានសិទ្ធិ ប្ដឹងជំទាស់ទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីឈរឈ្មោះ ជាពិសេសបេក្ខជនដែលមិនចេះសរសេរ និងអានអក្សរខ្មែរ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៥ ខែមីនានេះថា មកដល់ពេលនេះស្ទើរគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំងប្រទេសហើយ បាននិងកំពុងបិទផ្សាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដំបូង។ គោលបំណង នៃការបិទផ្សាយបញ្ជីដំបូងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋដាក់ពាក្យប្ដឹងតវ៉ា ទៅលើបេក្ខជនរូបណា ដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឈរឈ្មោះជាបេក្ខជន។
លោកបន្តថា ចំនួនគណបក្ស ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ គឺនៅ ១៧គណបក្សដដែល។ ប៉ុន្តែមានបណ្ដឹងច្រើន ពាក់ព័ន្ធនឹងបេក្ខជនដែលមិនបានដឹងខ្លួនថា មានគណបក្សនយោបាយដាក់ឈ្មោះរបស់ខ្លួន ជាបេក្ខជនឈរឈ្មោះបោះឆ្នោត រហូតដល់ជាង ១៤០បណ្ដឹង។ ក្នុងនោះ ក៏មានបណ្ដឹងទាក់ទងនឹងការរំខាន របស់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដែលបណ្ដឹងនេះអាចនាំទៅដល់ ការដាក់ទោសតាមជំពូកទី ១៤ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្ថែមថា «ហើយក៏មានបណ្ដឹងមួយចំនួនទៀត ទាក់ទងទៅនឹងលិខិត ឬក៏ការបដិសេធមិនទទួលស្គាល់បេក្ខជន អញ្ចឹងយើងពិនិត្យទៅនៅតាមឃុំ-សង្កាត់ ១៦៥២ ឃុំ-សង្កាត់ហ្នឹងជារួម ប៉ុន្តែមិនមែនគ្រប់ឃុំ-សង្កាត់ទាំងអស់សុទ្ធតែមានបណ្ដឹងទេ ប៉ុន្តែពាក្យបណ្ដឹងសរុបទៅមានប្រមាណ ១៥២បណ្ដឹងហើយ…ហើយមកដល់ គ.ជ.ប គឺមាន ៥បណ្ដឹងហើយ ដែលទាក់ទងទៅនឹងការបិទផ្សាយបញ្ជីបេក្ខជនដំបូង»។
លោក សោម សូរីដា បានឲ្យដឹងដែរថា ប្រជាពលរដ្ឋអាចប្ដឹងជំទាស់ ទៅលើបេក្ខជនដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ នៅក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ។ លោកថា «ការបិទផ្សាយបញ្ជីបេក្ខជនដំបូងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋប្ដឹងជំទាស់ អំពីបេក្ខជនដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឈរឈ្មោះជាបេក្ខជន ឧទាហរណ៍ថា ប្រជាពលរដ្ឋលោកដឹងថា បេក្ខជននៅក្នុងឃុំ-សង្កាត់របស់គាត់ ហើយក៏បានគណបក្សនយោ បាយ យកមកធ្វើជាបេក្ខជនឈរឈ្មោះ គាត់មិនចេះអាន មិនចេះសរសេរ អញ្ចឹងការមិនចេះអាន មិនចេះសរសេរ គឺជាលក្ខខណ្ឌមួយ ដែលតម្រូវដោយច្បាប់មាត្រា ៣៥ គឺបេក្ខជនត្រូវតែចេះអាន ចេះសរសេរ»។
ត្រង់ចំណុចនេះ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើបេក្ខជនឈរឈ្មោះបោះឆ្នោត មិនចេះអានអក្សរ និងមិនចេះសរសេរអក្សរខ្មែរទេនោះ គឺមិនគ្រប់លក្ខខណ្ឌ នៅក្នុងការឈរឈ្មោះជាបេក្ខជនឡើយ។ បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ គឺជាទូទៅច្បាប់បានផ្ដល់អំណាច ដល់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ក្នុងការពិនិត្យលើពាក្យសុំចុះបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយច្បាប់ក៏បានចងចំពោះលក្ខខណ្ឌ សម្រាប់ ឈរឈ្មោះជាបេក្ខជន និងលក្ខខណ្ឌសម្រាប់ដាក់ពាក្យសុំចុះបញ្ជីបេក្ខជន។
ដូច្នេះហើយក្នុងមាត្រា ៣៥ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបញ្ជាក់អំពីលក្ខខណ្ឌបេក្ខជន ដែលប្រសិនបើគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ពិនិត្យឃើញថា ប្រជាពលរដ្ឋផ្ដល់យោបល់ទៅលើបេក្ខជន ដែលពុំមានលក្ខខណ្ឌគ្រប់គ្រាន់ទេនោះ គឺគណៈកម្មការអាចស្នើសុំគណបក្សនយោបាយ ធ្វើការកែតម្រូវលក្ខខណ្ឌរបស់បេក្ខជននោះ ឬក៏រកបេក្ខជនថ្មីមកជំនួស៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


