Connect with us

នយោបាយ

កម្ពុជា និងវៀតណាម នឹងបន្តជួយគ្នាទៅវិញទៅមក​ដើម្បីផលប្រយោជន៍ប្រជាជនប្រទេស​ទាំងពីរ

បានផុស

នៅ

ប៉ុន្មានថ្ងៃនេះ រដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងប្រារព្ធខួបលើកទី ៤៤ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩។ ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ប្រជាជនកម្ពុជាបានបិទប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងឈឺចាប់របស់ប្រទេសជាតិ ហើយអនុវត្តការរស់ឡើងវិញរបស់ជាតិ។ មកដល់ថ្ងៃនេះ ក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាបានវិវត្តទៅជាប្រទេស​មានការ​អភិវឌ្ឍយ៉ាង​ខ្លាំងក្លា ពោរពេញដោយសក្តានុពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាការរស់ឡើងវិញលើកទី ២ របស់ប្រជាជនកម្ពុជា ដែលនាំមកនូវទំនុកចិត្តដល់ប្រទេស​ជាតិនាពេលអនាគត។ នេះ ជាការពិតក្នុងប្រវត្តិសាស្ត្រដែលមិនអាចពណ៌នាបាន មិនអាចបំភ្លៃ និង មិនអាចបំផ្លាញ​បាន។ ក្រុម ប៉ុល ពត បានលុបបំបាត់ចោលទាំងស្រុងនូវមូលដ្ឋានសង្គមទាំងអស់ ដោយរុញប្រជាជនកម្ពុជា​ចូលទៅ​ក្នុងអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុត។ ប៉ុល ពត ក៏មានចេតនាធ្វើ សង្រ្គាមបង្ហូរឈាម ដើម្បីរំលោភ​លើ​អធិបតេយ្យភាព និងទឹកដីរបស់វៀតណាមដែលបង្កឲ្យមានឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរលើប្រជាជនវៀតណាម។ ប្រឈមមុខ​នឹងទង្វើដ៏ព្រៃផ្សៃទាំងនោះ ហើយជាការឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារបស់ប្រជាជនកម្ពុជាផង បក្ស រដ្ឋ ប្រជាជន និងកងទ័ពវៀតណាម បានអនុវត្តសិទ្ធិការពារខ្លួនឯងស្របច្បាប់ និងបានចាប់ដៃជាមួយកងទ័ពតស៊ូកម្ពុជា បានវាយរំដោះ ប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដែលនាំឱ្យទទួលបានជ័យជម្នះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។

ជ័យជម្នះនេះ គឺកម្ពុជាតែងតែចងចាំ និងថ្លែងអំណរគុណដល់វៀតណាមដែលបានចូលរួមរំដោះប្រជាជាតិកម្ពុជា។  សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា កត្តាដែលធ្វើឲ្យប្រជាជាតិកម្ពុជាទទួលបានជ័យជម្នះ​ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា គឺ«ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ប្រជាជនគ្រប់​ទិសទីក្រោកឡើង រួមគ្នាបង្កើតមហាអំណាចឯកភាពជាតិ។ ដោយមានការគាំទ្រ និងជំនួយដ៏ខ្ពង់ខ្ពស់ពីកងទ័ព​ស្ម័គ្រចិត្តវៀតណាម និងមិត្តភក្តិជិត និងឆ្ងាយក្នុងពិភពលោក ពួកគេបានអនុវត្តការផ្តួលរំលំរបបប្រល័យពូជសាសន៍ ធ្វើឱ្យមានជ័យជម្នះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ដែលជាថ្ងៃបញ្ចប់សង្គ្រាម។ ការបញ្ចប់​សម័យកាលដ៏ខ្មៅងងឹតបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយទន្ទឹមនឹងការឈានចូល​ដល់យុគ​សម័យថ្មី ប្រជាជនកម្ពុជាបានទទួលនូវសេរីភាពឡើងវិញ និងផ្តល់ឱកាសក្នុងការកសាងមាតុភូមិរបស់ខ្លួនឡើងវិញ»។ ជំនួយ និងការលះបង់របស់វៀត ណាមនេះ ជាការបញ្ជាក់ម្តងទៀតថា វៀតណាម និង កម្ពុជា គឺជាមិត្តជិតស្និទ្ធ និងបាន​ដាក់គ្រឹះទំនាក់ទំនង ប្រកបដោយ ចីរភាពរវាងប្រទេសទាំងពីររហូតមកដល់ សព្វថ្ងៃ ។

មិត្តភាពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រជាជាតិទាំងពីរ រក្សាឯក​រាជ្យជាតិ សន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ព្រមទាំងបន្តនូវប្រពៃណីសាមគ្គីភាព និងវីរភាពនៃជ័យជម្នះ ៧ មករា ១៩៧៩។ ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តអភិវឌ្ឍយ៉ាងរឹងមាំ ក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រមុខរដ្ឋរហូតដល់​ប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា និងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ។ ជាការកត់សម្គាល់ នៅក្នុងឱកាសរំលឹក​ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាព​វៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀត​ណាម Pham Minh Chinh បានធ្វើជាសហប្រធានក្នុងពិធីអបអរសាទរខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះ​ទៅការផ្តួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត” នៅទីតាំងប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ក្នុងខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម។

ឯវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាចំណុចស្នូលមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេល​កន្លងមក វិស័យនេះ បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយទំហំពាណិជ្ជកម្មទ្វេភាគីទំនងជាកើនឡើងលើសពី ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា បន្តនាំមុខ អាស៊ាន រហូតដល់ជិត ៣ ពាន់លាន​ដុល្លារ។ វៀតណាម ជាប្រទេសមួយដែលមានចំនួនភ្ញៀវទេសចរមកលេងនៅកម្ពុជាច្រើនជាងគេ។ ចំណែក តំបន់ព្រំដែន​រវាងប្រទេសទាំងពីរដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមកាលពីមុននោះ ឥឡូវនេះបានក្លាយ​ទៅជាតំបន់ព្រំដែន​សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដែលប្រជាជននៃប្រទេសទាំងពីរមកធ្វើអាជីវកម្មជាមួយគ្នាយ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍។

កងកម្លាំង និងមន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងព្រំដែនបានល្អ ហើយបាន​បញ្ចប់ការបោះបង្គោលព្រំដែនលើគោកបាន ៨៤% និងបានប្តេជ្ញាចិត្តនឹងបញ្ចប់ការងារនេះឱ្យបានឆាប់តាម​ដែលអាច​ធ្វើទៅបាន។លើវិស័យសន្តិសុខ និងការពារជាតិវិញ កងកម្លាំងនៃប្រទេសទាំងពីរ ទាំងនគរបាល និងកងទ័ព បាននឹង​កំពុងបន្តសហការគ្នាល្អ និងធ្វើឳ្យមានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដូចជា អំពើភេរវកម្ម ការជួញដូរ​គ្រឿងញៀន  ការជួញដូរមនុស្ស ការរត់ពន្ធទំនិញ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងបទល្មើសឆ្លងដែន។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជា ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល វប្បធម៌-កីឡា ជាដើម បន្តចាប់អារម្មណ៍ និងផ្សព្វផ្សាយ។ ជារៀងរាល់ឆ្នាំ វៀតណាមផ្តល់អាហារូបករណ៍​រយៈពេលវែងរាប់រយដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម។ ចំនួននិស្សិតវៀតណាម មកសិក្សានៅកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ មានចំនួនគួរឳ្យកត់សម្ម្គាល់។ វៀតណាមតែងតែរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា ហើយអ្នកជំងឺកឦ្ពុជាដែលទៅពិនិត្យ និងព្យាបាលនៅប្រទេស​វៀតណាម មានសិទ្ធិទទួលបានថ្លៃពិនិត្យ និង ព្យាបាល ដូចជនជាតិវៀតណាមដែរ។ ប្រទេសទាំងពីរក៏រៀបចំជាទៀង​ទាត់នូវការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ជាពិសេស នៅតាមតំបន់ព្រំដែន។

នៅក្នុងដំណើរការអនុវត្តគោលនយោបាយការបរទេស និងសមាហរណកម្មអន្តរជាតិ ប្រទេសទាំងពីរ បានសម្រប​សម្រួល​គ្នាយ៉ាងល្អនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសនៅឆ្នាំ២០២២ នៅពេលដែលកម្ពុជា ​កំពុងកាន់តួនាទីជាប្រធានអាស៊ាន។ កម្ពុជា និងវៀតណាម បានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សហគមន៍អាស៊ាន ក៏ដូចជា ក្នុងតំបន់ និងក្នុងពិភពលោក។

ចំពោះកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធនៅក្នុងអនុតំបន់ និងតំបន់ ដូចជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម (CLV), កិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ- មីយ៉ាន់ម៉ា – វៀតណាម (CLMV), ក្របខណ្ឌយុទ្ធ​សាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady – Chao Phraya – មេគង្គ (ACMECS), កិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ និងអាស៊ាន។ នៅក្នុងវេទិកានានា ប្រទេសទាំងពីរ តែងតែធ្វើការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ភាពជាកណ្តាលនិយម សាមគ្គីភាព ឯកភាពអាស៊ាន។ នៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា កម្ពុជា និងវៀតណាម តែងតែរក្សាស្មារតីនេះ និងគាំទ្រគ្នាយ៉ាងមុតមាំទៅវិញទៅមក។

ជារួម ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម បានបង្ហាញឱ្យពិភពលោកឃើញ​យ៉ាងច្បាស់​នូវទំនាក់ទំនងដ៏រឹងមាំ ទូលំទូលាយ គ្រប់ជ្រុងជ្រោយ ហើយបានទប់ទល់នឹងសម្ពាធពីការ​ប្រែប្រួលភូមិសាស្ត្រនយោបាយ​ក្នុងតំបន់ និងអន្តរជាតិ ដែលប្រទេសទាំងពីរអាចរក្សាបាននូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ធ្វើការអភិវឌ្ឍ ប្រកបដោយស្ថិរភាពនៅគ្រប់ដំណាក់កាល ដើម្បីលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាជន និងផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំងការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃសហគមន៍អាស៊ាន និងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម