នយោបាយ
ប្រធានរដ្ឋសភាប្រាប់អាមេរិកថាកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការគោរពសិទ្ធិមនុស្ស
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានប្រាប់សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ជីមី ផេនីតា (Jimmy Panetta) ថាកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ព្រមទាំងរីករាយធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីជំរុញការអភិវឌ្ឍន៍ និងការថែរក្សាសន្ដិភាពនៅកម្ពុជា។

សម្ដេចប្រធានរដ្ឋសភាបានជួបពិភាក្សាការងារជាមួយលោក ជីមី ផេនីតា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។
នាយខុទ្ទការល័យប្រធានរដ្ឋសភា និងជាអ្នកនាំពាក្យលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានថាក្នុងជំនួបនោះសម្ដេចសភាធិការធិបតី ឃួន សុដារី បានឱ្យតម្លៃលើការជួបគ្នាផ្ទាល់រវាងមន្ត្រីអាមេរិក និងកម្ពុជាដោយថានឹងធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ពីសភាពការណ៍ពិត ហើយមានការជឿជាក់និងយោគយល់គ្នាកាន់តែច្រើនឡើង។ សម្ដេចបានប្រាប់លោកជីមី ថាលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គួរតែត្រូវបានអនុវត្តន៍តាមបរិបទរបស់ប្រទេសនីមួយៗដែលមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតឡើយ។

សម្ដេចសភាធិកាធិបតីបានបន្តថាកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយដោយសារការយកចិត្តទុកដាក់នេះហើយទើបកម្ពុជាមានគណៈកម្មាធិការសិទ្ធិមនុស្សដែលជាសេនាធិការរបស់អង្គនីតិប្រតិបត្តិ និងគណៈកម្មការសិទ្ធិមនុស្សដែលជាគណៈកម្មការមួយរបស់អង្គនីតិបញ្ញត្តិផងដែរ។
លោក កែវ ពិសិដ្ឋ៖ «ប្រទេសជាច្រើនគឺមិនមានគណៈកម្មការបែបនេះទេ! ភាគច្រើនគ្រាន់តែជាផ្នែកមួយនៃគណៈកម្មការកិច្ចការបរទេសប៉ុណ្ណោះ។ អីចឹងការរៀបចំនូវស្ថាប័នបែបនេះគឺជាសក្ខីភាពមួយដែលបង្ហាញថាកម្ពុជាពិតជាយកចិត្តទុកដាក់ខ្ពស់ចំពោះការងារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

លោក ជីមី ផេនីតា ថាលោកមិនមកបង្រៀនកម្ពុជាពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ តែមានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទំនាក់ទំនងសភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និងការអប់រំជាដើម។ លោកក៏បានសន្យានឹងពំានាំការពិតពីកម្ពុជាជម្រាបជូនសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។
លោក កែវ ពិសិដ្ឋ បានដកស្រង់ប្រសាសន៍របស់លោក ជីមី ថា៖ «ពីមុនលោកបានឮអំពីអ្នកបោះឆ្នោតរបស់គាត់ជាពិសេសប្រជាជនកម្ពុជា និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតដែលរស់នៅក្នុងសហរដ្ឋអាមេរិកដែលបានរាយការណ៍ពីសភាពការណ៍នៅកម្ពុជា ហើយពេលនេះលោកបានមកឃើញដោយផ្ទាល់ភ្នែក ប្រត្យក្សដោយផ្ទាល់ភ្នែកហ្នឹងគឺបានឃើញពីវឌ្ឍនភាពដ៏ល្អសម្រាប់ដំណើរការលិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍នៃសិទ្ធិមនុស្ស ការគិតគូរពីសុខមាលភាពពលរដ្ឋ»។

ទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ត្រូវបានឃើញមានភាពវិជ្ជមានច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០២៤ មានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហរដ្ឋអាមេរិកមកកម្ពុជាចំនួន៩ក្រុម មកពីគ្រប់វិស័យបានជួបជាមួយប្រធានរដ្ឋសភាកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


