Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងបាញ់ប្រហារនៅខណ្ឌច្បារអំពៅ

បានផុស

នៅ

កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ខេត្ត​កំពង់ឆ្នាំង អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​បឹង​កេងកង បើក​ការ​ស្រាវជ្រាវ​បំបែកសំណុំរឿង ករណី​បាញ់​ប្រហារ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ នៅ​ខណ្ឌ​ច្បារ​អំពៅ។

ក្រោយពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​នាយ​ឧត្ដម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្ដមសេនីយ៍​ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ , លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន មុន្នីរ័ត្ន , លោក​វរសេនីយ៍ឯក ហែម បូណា និង​លោក​វរសេនីយ៍ឯក ឆាន់ គីមលី អនុ​ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ខេត្ត​កំពង់ឆ្នាំង អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​បឹង​កេងកង ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ចាត់ការ​តាម​វិធាន​ការងារ​ជំនាញ​ឈាន​ដល់​កំណត់​បាន​អត្តសញ្ញាណ និង​ទីកន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​វេលា​ម៉ោង ១៣ និង ៣០ នាទី ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ ២០២៥ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អួង សំណាង ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នាំ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ។

ក្រោយពី​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី ៨ ខែ​តុលា ឆ្នាំ ២០២៥ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​ជនរងគ្រោះ​ប្រាកដ​មែន ដោយ​មាន​ការ​បញ្ជា​ពី​ឈ្មោះ ឡូ ឡា​គាវ ភេទ​ស្រី អាយុ ៥៣ ឆ្នាំ ជនជាតិ​ខ្មែរ និង​ទទួល​បាន​ថ្លៃឈ្នួល ២,៣០០ ដុល្លារ។ ក្រោយពី​ទទួល​បាន​ចម្លើយ​ពី​ជនសង្ស័យ​ខាងលើ​ភ្លាម នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៥ កម្លាំង​ជំនាញ បាន​នាំ​ខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទ​ស្រី អាយុ ៥៣ ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​សង្កាត់​ច្បារអំពៅ​ទី ១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ យក​មក​ធ្វើការ​សាកសួរ​តាម​នីតិវិធី និង​ដកហូត​បាន​វត្ថុតាង​ធ្វើ​សកម្មភាព​អាវុធ​ខ្លី ១ ដើម ម៉ាក K59។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ៤ និង ៥០ នាទី ថ្ងៃ​ទី ៨ ខែ​តុលា ឆ្នាំ ២០២៥ មាន​ករណី​ប៉ុន​ប៉ង​ឃាតកម្ម​កើតឡើង​នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ LPG ផ្លូវជាតិ​លេខ ១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជនសង្ស័យ ២ នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក Wave ពណ៌​ខ្មៅ បាន​ធ្វើ​សកម្មភាព​ប្រើ​អាវុធ​ខ្លី ១ ដើម មិន​ស្គាល់​ម៉ាក បាញ់​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ ស៊ឺ ហួត ភេទ​ប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិ​ខ្មែរ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​ហូប​កាហ្វេ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២ នាក់ កំពុង​ធ្វើការ​សាកសួរ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម