Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋអស់ពីរខ្នងទាំងកណ្តាលអធ្រាត្រ

បានផុស

នៅ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់ផ្អើលអ្នកភូមិ និងសមត្ថកិច្ចយករថយន្តបង្ការ និងពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់រួមទាំងអ្នកជិតខាងបាននាំគ្នាសម្រាកលង់លក់ ស្របពេលនោះបានលឺសម្លេងផ្ទុះ ហើយបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះរបស់គាត់តែម្តង ដែលជាប្រភេទផ្ទះថ្មក្រោម ប្រកដំបូលសង្ក័សី។ ពេលនោះគាត់ជាម្ចាស់ផ្ទះក៏បានស្រែកឲ្យអ្នកជិតខាងជួយ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ផង យកទឹកមកជះពន្លត់ផង តែអណ្តាតភ្លើងកាន់តែឆេះខ្លាំងទៅៗ ទើបរាយការណ៍ទៅសមត្ថកិច្ចផ្នែកបង្ការ និង ពន្លត់អគ្គីភ័យដើម្បីចេញជួយអន្តរាគមន៍។

ពេលទទួលបានដំណឹង លោក វីរសេនីយ៍ឯក ព្រហ្ម យ៉ន្ត នាយការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជារថយន្តបង្ការនិងពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ជាច្រើនគ្រឿងភ្លាមៗ ដើម្បីបង្ការជៀសវាងឆាបឆេះឆ្លងរាលដល់ផ្ទះអ្នកដទៃ និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ក្នុងប្រតិបត្តិការណ៍សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកដល់ចំណុចកើតហេតុ រួចធ្វើការបាញ់ពន្លត់ រលត់ជាស្ថាពរ១០០ភាគរយ បន្ទាប់ពីធ្វើការអន្តរាគមន៍បាញ់ពន្លត់បានប្រមាណ១៥នាទី។ ក្នុងហេតុនេះអគ្គិភ័យបានបំផ្លាញសម្ភារៈ និងផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងទាំងស្រុង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ចំពោះមូលហេតុដែលបង្កជាគ្រោះអគ្គិភ័យនេះ ប្រជាពលរដ្ឋសនិដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម