សន្តិសុខសង្គម
ជនជាប់ចោទបាញ់អ្នកកាសែតម្នាក់បណ្តាលឱ្យរបួសធ្ងន់ ត្រូវបាននគរបាលជំនាញឃាត់ខ្លួនដាក់ពន្ធនាគារ
ជនជាប់ចោទដែលបាញ់អ្នកសារព័ត៌មាននៅស្រុកជីក្រែងបណ្ដាលឱ្យរងរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយត្រូវចៅក្រមចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប្រឈមនឹងជាប់ពន្ធនាគារចាប់ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទី មានករណី ប៉ុនប៉ងឃាតកម្ម (បាញ់ដោយអាវុធកែច្នៃ ) នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើអាវុធកែច្នៃ ពួនក្បែរគល់ឈើ លបបាញ់ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន កម្ពុជាអភិវឌ្ឍន៍ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យបានបាញ់ជនរងគ្រោះចំនួន ១គ្រាប់ ត្រូវចំត្រង់ពោះ ពីចំហៀងផ្នែកខាងឆ្វេង ទៅពោះផ្នែកខាងស្តាំ (បៀមគ្រាប់ជាប់) ក្រោយពីធ្វើសកម្មភាពហើយ ជនដៃដល់បានរត់គេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណីនេះ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចកំណត់បានអត្តសញ្ញាណ និងនាំខ្លួនឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប យកមកធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ ស៊ី លឿយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមក ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស ជាអ្នកសារព័ត៌មាន តែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយថែមទាំងនិយាយថា បើមិនឱ្យប្រាក់ទេនោះរូបគេនឹងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង ២០ ០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឱ្យទៅជនរងគ្រោះ ចំនួនពីរដង ស្មើនឹង ចំនួន ៤០ ០០០រៀល។

ប៉ុន្តែក្រោយមកជនរងគ្រោះ ចេះតែមកទារប្រាក់ទៀត ដោយរូបខ្លួនរកប្រាក់មិនបាន ទើបខឹងនឹងងជនរងគ្រោះ ហើយនៅវេលាម៉ោង ៨៖០០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ខ្លួនបានបើកគោយន្តកន្ត្រៃ ទៅស្រែនៅស្វាយប៉ា ស្ថិតក្នុងភូមិត្រពាំងភ្លោះ ដោយរូបខ្លួនបានយកអាវុធកែច្នៃ ( កាំភ្លើងឆ្នុក ) ដាក់ទៅជាមួយ។ ក្រោយពេលទៅដល់ស្រែ រហូតដល់ម៉ោង១៦៖ ៣០ នាទី ក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល ១៨៖០០នាទី ក៏បានឃើញ ឈ្មោះ ឈឿង ឈឹង និងគ្នាគាត់ម្នាក់ទៀតមិនស្គាល់ឈ្មោះ ឈប់ម៉ូតូចំនួន២គ្រឿង នៅមាត់ផ្លូវ ខ្លួនក៏បើកគោយន្តកន្រ្តៃ ទៅមុខបានប្រហែលជាង១០០ម៉ែត្រ ដោយគិតថាឈ្មោះ ឈឿង ឈឹង មកទារប្រាក់ ទើបមានកំហឹង ក៏ឈប់គោយន្ត ហើយយកកាំភ្លើងឆ្នុក ដើរទៅស្ទាក់ផ្លូវជនរងគ្រោះ ដោយពួនក្បែរគល់ឈើមាត់ផ្លូវ លបចាំបាញ់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ និងគ្នាម្នាក់ទៀតបានជិះម៉ូតូ សំដៅទៅផ្ទះ ដោយជនរងគ្រោះជិះមុខ រូបខ្លួនបានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ មួយគ្រាប់ចំខ្លួន។
ក្រោយពេលធ្វើសកម្មភាពហើយ បានរត់ត្រឡប់មកយកគោយន្ត ជិះគេចខ្លួនមកផ្ទះតែម្តង ចំពោះគោលបំណង ដែលខ្លួនបាញ់ជនរងគ្រោះនេះ បំណងបាញ់ឱ្យរបួស ដើម្បីឱ្យរាងចាលកុំឱ្យដើរទារប្រាក់គេ បន្តទៀត។ បច្ចុប្បន្នជនដល់ដៃដល់ខាងលើ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បញ្ជូនទៅតុលាការ ហើយនៅរសៀលថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវចៅក្រមស៊ើបសួរ ឃី ឆៃ បានសម្រេចឃុំខ្លួនជនចាប់ចោទខាងទៅពន្ធនាគារជាបណ្តោះអាសន្ន៕

ដោយ៖ជុន កុសល

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ