Connect with us

សន្តិសុខសង្គម

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុបខុសច្បាប់ ដកហូតបានជាង ៣០ តោន

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត រហូត​ចុះ​បង្ក្រាប​ជាក់ស្ដែង​ដល់​ទីតាំង​លួច​ផលិត និង​ចែកចាយ​ប៊ីចេង និង​ម្សៅ​ស៊ុប ដែល​បាន​និង​កំពុង​វេច​ខ្ចប់ បន្លំ​ម៉ាក ឆេហ្វ ៥៥ ក្លែង​ក្លាយ និង​ខុសច្បាប់ ប្រមាណ​ជាង ៣០ តោន រួម​ទាំង​ម៉ាស៊ីន​សម្រាប់​ផលិត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០២៥ ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការ​សម្រប​សម្រួល​នីតិវិធី​ផ្ទាល់​ពី លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការ​ចូលរួម​ពី​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សាខា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប និង​បិទ​ទីតាំង​សិប្បកម្ម ១ កន្លែង ស្ថិតនៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​សិប្បកម្ម​ខុសច្បាប់​នេះ​មាន​ឈ្មោះ អ៊ីវ សារិន បាន​នាំចូល ប៊ីចេង និង​ម្សៅ​ស៊ុប គ្មាន​ម៉ាក​យីហោ​ពី​ក្រៅ​ប្រទេស រួច​លួចលាក់​ធ្វើការ​វេច​ខ្ចប់​ដាក់​ម៉ាក ឆេហ្វ ៥៥ ប្រើប្រាស់​ស្លាក​សញ្ញា​គុណភាព បា​កូដ និង​អាសយដ្ឋាន​ផលិត​នៅ​ប្រទេស​ថៃ រួច​ធ្វើការ​លក់​ចែក​ចាយ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្លែងបន្លំ​ដល់​អ្នកប្រើប្រាស់​ថា​ជា​ផលិតផល​របស់​ប្រទេស​ថៃ។

ក្នុង​រង្វង់​ប្រតិបត្តិការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្ដែង សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​សម្ភារៈ​វត្ថុតាង​ដូចជា ប៊ីចេង ម្សៅ​ស៊ុប​វេច​ខ្ចប់​រួច រួម​នឹង​សម្បក​ថង់ សម្បក​កេស សម្បកបាវ ម៉ាក ឆេហ្វ ៥៥ ខុសច្បាប់ ប្រមាណ​ជាង ៣០ តោន​ , ម៉ាស៊ីន​វាយ​កាលបរិច្ឆេទ ០១​ គ្រឿង​ , ម៉ាស៊ីន​វេច​ខ្ចប់​ធំ ០២​ គ្រឿង​ , ម៉ាស៊ីន​វេច​ខ្ចប់​តូច ០៣ ​គ្រឿង ​, ម៉ាស៊ីន​អ៊ុត​កេស ​០២ ​គ្រឿង ​, ម៉ាស៊ីន​រ៉ៃ ០២ ​គ្រឿង​ , រថយន្ត​ដឹក​ទំនិញ ០៤​ គ្រឿង និង​រ៉ឺម៉ក​សម្រាប់​ដឹកទំនិញ ០៦ គ្រឿង។

ក្រោយពី​ប្រតិបត្តិការ ដោយ​ពិនិត្យ​ឃើញ​ថា​សម្ភារៈ​ទាំងអស់​បម្រើ​ឲ្យ​ការងារ​វេច​ខ្ចប់ ដឹកជញ្ជូន ចែក​ចាយ​ប៊ីចេង និង​ម្សៅ​ស៊ុប​ម៉ាក ឆែហ្វ ក្លែងបន្លំ​ប្រភព​ផលិត ដូចនេះ​សមត្ថកិច្ច​បាន​សម្រេច​ដក​ហូត​សម្ភារៈ​វត្ថុតាង​ទាំងអស់​ខាងលើ ហើយ​ធ្វើការ​បិទ​ឃ្លុំ​បេ​សិប្បកម្ម​មួយ​នេះ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​សម្រេច​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ីវ សារិន ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​នីតិវិធី។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏បាន​បន្ត​ផ្ដាំផ្ញើ និង​ក្រើន​រំលឹក​ដល់​អាជីវករ សូម​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា រកស៊ី​ដោយ​សុចរិត មិន​ក្លែង​បន្លំ ឬ​ផលិត​នូវ​ផលិតផល​ក្លែងក្លាយ ដើម្បី​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ ក៏ដូចជា​លើក​កម្ពស់​មុខមាត់​ផលិតផល​ខ្មែរ​ស្រប​ច្បាប់​ជាដើម៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម