Connect with us

កីឡា

លោក​ Jasper Paas យល់​​ថា ការ​បញ្ជូន​ក្រុម​កីឡា​ទៅ​ស៊ីហ្គេម នៅ​ថៃ​ជាសញ្ញា​ល្អ

បានផុស

នៅ

លោក Jasper Paas អនុប្រធាន និង​ជា​គ្រូ​បង្វឹកនៅ​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ចំពោះ​ការ​សម្រេច​របស់​កម្ពុជា​ក្នុង​ការ​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ ជាសញ្ញា​ល្អ​សម្រាប់​ចំណង​ការ​ទូត​នៅ​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយសារព័ត៌មាន​«កម្ពុជា​ថ្មី» លោក Jasper Paas ដែល​ត្រូវ​ដឹក​នាំ​ប្រតិភូ និង​អត្តពលិក​កីឡា​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​ថៃ បាន​លើក​ឡើង​ថា ៖«​និយាយ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន ខ្ញុំ​គាំទ្រ​​សម្រាប់​ការ​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ចូល​រួម​ប្រកួត​ស៊ីហ្គេម ឆ្នាំ​នេះ។ ដូចខ្ញុំ​​ធ្លាប់​និយាយ​​អីចឹង កីឡា​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ ហើយ​វា​ជា​សញ្ញា​ល្អ​ទៅ​វិញ​​​ចំពោះ​សហគម និង​ប្រទេស​​ក្នុង​តំបន់​ដែល​​យើង​បង្ហាញ​ពី​ចំណង​ការ​ទូត​​កាន់​តែ​ប្រសើរ​តាម​រយៈ​កីឡា»។

លោក​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​បាន​សម្រេច​បញ្ជូន​ប្រតិភូ និង​អត្តលិក​ចំនួន ១៤ នាក់ ក្នុង​នោះ​មាន​កីឡាករ កីឡាការិនី​ ១១ នាក់​ ​ទៅ​ចូល​រួ​ម​ការ​ប្រកួត និង​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ បន្ទាប់​ពី​ខិត​ខំ​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។

លោក Jasper Paas បាន​លើក​ឡើង​ថា ៖«ទោះមាន​បញ្ហា​ព្រំ​ដែន ពួក​យើង​នៅ​តែ​ហ្វឹក​ហាត់​តាម​ផែន​ការ និង​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេមឆ្នាំ​នេះ។ ខ្ញុំ​មិន​ទាន់​ច្បាស់​ថា យើង​​ប្រកួត​​ប៉ុន្មាន​វិញ្ញាសា​ទេ​ ពី​ព្រោះ​កីឡាករ កីឡាការិនី​​យើង​​ប្រកួត​វិញ្ញាសា​ផ្សេង​ៗ​​គ្នា​​ដែល​​ម្នាក់​​ៗ​អាច​ពីរ​វិញ្ញាសា»។

«យើង​នឹង​ប្រឹង​​ស្វែង​រក​មេដាយ​ឲ្យ​បាន​ច្រើន​ដូច​ជា​យើង​​ទទួល​បាន​កាល​​ស៊ីហ្គេម ​ឆ្នាំ ២០២៣ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ខ្ញុំ​​​ជឿ​ជាក់ថា យើង​នឹង​ទទួល​បាន​មេដាយ តែ​ខ្ញុំ​មិនដឹង​ថា មេដាយ​អ្វី​ទេ តែ​យ៉ាង​ហោច​ណាស់ ក៏​មេដាយ​មាស ១ ដែរ»។

កីឡា​ជឺជិតស៊ូ​ ស្ថិត​ក្នុង​ចំណោមកីឡា​ចំនួន ១៣ ប្រភេទ​ចុង​ក្រោយ ស្មើ​នឹង​ប្រតិភូ និង​អត្តពលិក​ចំនួន ១៥០​នាក់​ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្រេចបញ្ជូន​ទៅ បន្ទាប់​​​ពី​សម្រេច​ដក​​កីឡា ៨ ប្រភេទ​ចេញ​ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម