កីឡា
វឿន វាសនា វ៉ាដាច់អ្នកលេខ ២ ជាង ១០០ ពិន្ទុ ឈរជាកីឡាកររកពិន្ទុច្រើនបំផុតក្នុងលីគបាល់ទះតៃវ៉ាន់
កីឡាករ កម្ពុជា វឿន វាសនា របស់ក្រុមបាល់ទះ Win Streak កំពុងឈរជាកីឡាកររកបានពិន្ទុច្រើនជាងគេបំផុតប្រចាំលីគបាល់ទះកំពូលតៃវ៉ាន់ (Taiwan Professional Volleyball League) នៅរដូវកាល ២០២៥-២០២៦ គិតត្រឹមសប្តាហ៍ទី ២១ ។

វឿន វាសនា កំពុងបង្ហាញសមត្ថភាពលេចធ្លោខ្លាំងគួរឱ្យកត់សម្គាល់នៅរដូវកាល ២០២៥-២០២៦ ពោលគឺល្អជាងរដូវកាលមុនៗទៅទៀត។ នៅរដូវកាលនេះ កូនខ្មែរអ្នកខេត្ត បាត់ដំបង បានជួយឱ្យក្រុម Win Streak ឈ្នះគ្រាប់ការប្រកួតទាំងអស់ពីការលេងចំនួន ២១ ប្រកួតកន្លងមក ហើយក្នុងការប្រកួតនីមួយៗ កីឡាករបានជាប់ឈ្មោះជាអ្នករកពិន្ទុឱ្យក្រុមច្រើនជាងគេសឹងតែគ្រប់ការប្រកួត។

បច្ចុប្បន្នអ្នកលេងតួនាទីស្មាត់ វ័យ ២៤ ឆ្នាំ កម្ពស់ ១.៩៦ ម៉ែត្រ កំពុងឈរលើគេក្នុងនាម ជាកីឡាកររកបានពិន្ទុច្រើនជាងគេបំផុតប្រចាំលីគបាល់ទះកំពូល តៃវ៉ាន់ ដោយរកបានពិន្ទុសរុបចំនួន ៤៣៥ ពិន្ទុ ពីការលេងចំនួន ២១ សប្តាហ៍។ កីឡាកររកបានពិន្ទុពីការវាយផ្តាច់សរុបចំនួន ៤១៦ ពិន្ទុ និងពិន្ទុពីការបាំងបាល់ជោគជ័យសរុបចំនួន ១៩ ពិន្ទុ។

ស្ថិតិនេះបានបង្ហាញ ថា វឿន វាសនា ពិតជាកំពុងល្អដាច់គេប្រចាំលីគបាល់ទះ តៃវ៉ាន់ នៅរដូវកាលនេះ ដោយបច្ចុប្បន្នពិន្ទុរបស់គេបានវ៉ាអ្នកឈរនៅតំណែងលេខ ២ កីឡាករ Ruike របស់ក្រុម Taiwan Steel Sky Eagle និងអ្នកលេខ ៣ កីឡាករ Liu Hongmin របស់ក្រុម Taoyuan Cloud Leopard រហូតដល់ទៅ ១២៨ ពិន្ទុឯណោះ ដោយអ្នកទាំង ២ រកបានពិន្ទុសរុបចំនួន ៣០៧ ពិន្ទុដូចគ្នា។

សូមបញ្ជាក់ថា វឿន វាសនា ឈានចូលរដូវកាលទី៣ហើយក្នុងការលេងឲ្យក្រុម Win Streak ដោយពីរដូវកាលកន្លងមកគឺឈ្នះជើងឯកលីគបាល់ទះកំពូលតៃវ៉ាន់ទាំងពីរលើក ហើយរដូវកាល ២០២៤-២៥ កន្លងទៅ រូបគេបានឈ្នះពានឯកត្តជន ៣ ម្នាក់ឯងគឺ ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ពានកីឡាកររកបានពិន្ទុច្រើនជាងគេបំផុត និងពានកីឡាករវាយផ្តាច់ស្តាំល្អបំផុត៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


