កីឡា
មកស្គាល់ប្រវត្តិកីឡាករ Dehmie Cyrus កំពុងធ្វើឲ្យភ្ញាក់ផ្អើលក្នុងលីគកំពូលកម្ពុជា
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមបាល់ទាត់ បឹងកេត កីឡាករ Dehmie Cyrus កំពុងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនៃក្របខណ្ឌលីគកំពូល កម្ពុជា ដែល បឹងកេត បានយកឈ្នះលើក្រុម កងយោធពលខេមរភូមិន្ទ នៅស្តាតចាស់ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦។

កីឡាករ Dehmie Cyrus ត្រូវបាន បឹងកេត ចុះកិច្ចសន្យាយកបានកាលពីខែ ធ្នូ កន្លងទៅ ជាមួយកីឡាករសញ្ជាតិ នូវែលសេឡង់ Myer Bevan ម្នាក់ទៀត ដើម្បីចូលរួមការប្រកួតលីគជុំទី ២។ វត្តមានកីឡាករថ្មីទាំង ២ ជាពិសេស Dehmie បានធ្វើឱ្យទម្រង់លេងរបស់ក្រុម បឹងកេត មានការប្រែប្រួលមកល្អប្រសើរជាខ្លាំង បើធៀបនឹងកាលពីជើងទី ១។ Dehmie កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ក្នុងជ័យជម្នះ ៦-០ លើក្រុម កងយោធពលខេមរភូមិន្ទ។
ត្រឡប់ថយក្រោយអំពីប្រវត្តិរបស់ខ្សែប្រយុទ្ធប្រអប់សញ្ជាតិ អូស្ត្រាលី វ័យ ២៣ ឆ្នាំរូបនេះ គឺបានចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Brisbane Roar នៃលីគកំពូល អូស្ត្រាលី ក្នុងឆ្នាំ ២០២១។ ក្រោយលេងនៅទីនេះបាន ១ ឆ្នាំកន្លះ Dehmie ក៏ត្រូវបានផ្លាស់ទៅលេងជាមួយក្លិបលីគទី ៣ ដាណឺម៉ាក Naestved BK នាដើមឆ្នាំ ២០២៣។ កីឡាករបានលេងនៅទីនេះត្រឹមតែកន្លះរដូវកាលប៉ុណ្ណោះ។

បន្ទាប់មកទៀត Dehmie ក៏ត្រឡប់មក អូស្ត្រាលី វិញ ដោយចូលរួមជាមួយក្រុម Olympic FC ដែលជាក្រុមពាក់កណ្តាលអាជីពរបស់ អូស្ត្រាលី ពីខែ មេសា ឆ្នាំ ២០២៤ ដល់ខែ មករា ឆ្នាំ ២០២៥។ ចុងក្រោយរូបគេបានផ្លាស់ទៅកាន់ក្រុម Sydney Olympic នៃលីគទី ២ អូស្ត្រាលី មុនពេលផ្លាស់មកចូលរួមជាមួយក្រុម បឹងកេត ។
ក្នុងចំណោមក្រុមពីមុន ដែល Dehmie បានលេង មានក្រុម ២ គឺ Brisbane Roar និង Sydney Olympic ដែលអាជីពរបស់គេហាក់លេចធ្លោជាងគេ។ អំឡុងពេលលេងនៅ Brisbane Roar ១ ឆ្នាំកន្លះ កីឡាកររកបានគ្រាប់បាល់ចំនួន ៣ គ្រាប់ និង ១ បញ្ជូន (assists) ពីការលេងសរុប ៣០ ប្រកួត។ ចំណែកនៅក្រុម Sydney Olympic កីឡាករវ័យ ២៣ ឆ្នាំ រកបានគ្រាប់បាល់បានចំនួន ១៣ គ្រាប់ និង ២ បញ្ជូន ពីការបង្ហាញខ្លួនសរុប ៣៤ ប្រកួត។

ថ្វីដ្បិតអាជីពរបស់ Dehmie កន្លងមក ចូលរួមជាមួយក្លិបនីមួយៗមិនសូវបានយូរអង្វែង ប៉ុន្តែកីឡាកររូបនេះ ត្រូវបានគេមើលឃើញ ថា ជាកីឡាករ ដែលមានការប្រឹងប្រែងខ្លាំង ហើយម្យ៉ាងវ័យរបស់គេក៏នៅក្មេងនៅឡើយ។ Demie នៅពេលនេះ កំពុងត្រូវបានអ្នកគាំទ្រ បឹងកេត ដាក់ក្តីសង្ឃឹមក្នុងតំណែងប្រយុទ្ធប្រអប់របស់ក្រុម ក្រោយតំណែងនេះ ក្លាយជាចំណុចខ្វះខាតរបស់ក្រុមជាយូរមកហើយ ចាប់តាំងពីលោក ឃួន ឡាបូរ៉ាវី ចូលនិវត្តន៍ និង ចាន់ វឌ្ឍនាកា តែងតែញាំញីដោយរបួស៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


