អៀន ពិសី ត្រូវបានអ្នកគាំទ្របាល់ទាត់ដឹងថា ជាទំពាំងលូតលាស់ចេញពីថ្នាលយុវជនសាលាបាល់ទាត់ជាតិបាទីមុនពេលបោះជំហានចូលក្លឹបអាជីពព្រះខ័នរាជស្វាយរៀង និងជាប់ជម្រើសជាតិកម្ពុជា។ យ៉ាងណា អ្នកគាំទ្រប្រហែលជាមិនដឹងពីរឿងរ៉ាវស្ថិតនៅពីក្រោយអាជីពបាល់ទាត់លេចធ្លោនៅលើទីលាននាពេលបច្ចុប្បន្នឡើយ។
កីឡាករ អៀន ពិសី
ការលេងបាល់ទាត់កាលពីតូចគឺជាអនុស្សាវរីយ៍ដ៏កម្រដែលដក់ជាប់ក្នុងខួរក្បាល និងមិនអាចបំភ្លេចបានរបស់កីឡាករ អៀន ពិសី។ កីឡាករអាយុ២០ឆ្នាំរូបនេះបានប្រាប់ថា ៖«កាលនៅតូច ខ្ញុំចេះតែលេងសប្បាយៗតាមសាលា តាមវាលស្រែ។ ឲ្យតែចេញពីរៀន ទៅលេងបាល់។ ពេលខ្លះអត់ទៅផ្ទះញាំបាយទឹកអីទេ គិតតែទៅលេងបាល់»។
អៀន ពិសី បន្តថា ៖«ខ្ញុំចូលចិត្តបាល់ខ្លាំងណាស់។ ចេញពីរៀនមិនទាន់ទេ ដឹងតែទៅលេងបាល់។ ពេលនោះ ខ្ញុំអត់ចង់ក្លាយជាកីឡាករអាជីពអីទេ។ តែពេលលេងយូរៗ ទៅគេឃើញខ្ញុំលេងល្អ គេសរសើរ ឲ្យខ្ញុំខំប្រឹងបន្ថែមទៀត។ ពេលនោះប៉ារបស់ខ្ញុំក៏លើកទឹកចិត្តដែរ»។
កីឡាករ អៀន ពិសី
ទោះជាយ៉ាងណា មិនមែនគ្រប់គ្នានៅក្នុងគ្រួសារសុទ្ធតែជំរុញកីឡាកររូបនេះឲ្យខំប្រឹងលេងបាល់នោះទេ ប៉ុន្តែបង្ខំឲ្យរូបគេយកចិត្តទុកដាក់លើការសិក្សាជាងបាល់ទាត់។ ពិសី ប្រាប់ថា ៖«ដល់ថ្នាក់បងៗរបស់ខ្ញុំស្តីឲ្យ វ៉ៃ ពេលខ្លះដេញពីទីលាន ពីព្រោះពួកគាត់ឲ្យខ្ញុំខំប្រឹងរៀន តែខ្ញុំនៅតែទៅលេងបាល់»។
ការលះបង់ពេលវេលាទៅលេងបាល់ទាត់ពិតជាមិនបានធ្វើឲ្យសមាជិកក្រុមព្រះខ័នរាជស្វាយរៀងម្នាក់នេះអត់ប្រយោជន៍ឡើយ។ ដោយមើលឃើញចំណង់ចំណូលចិត្តរបស់ខ្លួនពេញចិត្តខ្លាំងចំពោះបាល់ទាត់ និងមានការលើកទឹកចិត្តពីអ្នកជុំវិញខ្លួនផងនោះ អៀន ពិសី បានសម្រេចទៅធ្វើតេស្តនៅក្រុមយុវជនបាល់ទាត់គិរីវង់សុខសែនជ័យ និងបានជាប់ដូចបំណង។
បន្ទាប់មកអាយុប្រហែលជា១៤ឆ្នាំ អៀន ពិសី បានធ្វើតេស្តជាប់នៅសាលាបាល់ទាត់ជាតិបាទីដែលជាកន្លែងផ្តល់ឱកាសឲ្យរូបគេបានហ្វឹកហាត់បាល់ទាត់អាជីពពិតប្រាកដ និងបានសិក្សារហូតចប់ថ្នាក់ទី១២។
កីឡាករ អៀន ពិសី ជាមួយកីឡាករគិរីវង់សុខសែនជ័យ
នៅពេលកាលកំណត់សម្រាប់ការបណ្តុះបណ្តាលថ្នាលយុវជនសាលាបាល់ទាត់ជាតិបាទីនៅជំនាន់នោះដល់ពេលត្រូវរំសាយ អៀន ពិសី បានជ្រើសរើសចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០២០។ ក្រោយលេចធ្លោនៅក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង រូបគេក៏ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលចេញទៅប្រកួតពានរង្វាន់ AFC Asian Cup នៅប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ។
អៀន ពិសី បានជាប់ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កាលពីឆ្នាំ២០១៩ និងក្រុមយុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២១ និងក្រុមធំឆ្នាំ២០២២នេះ។
កីឡាករខ្សែបម្រើស្លាបរូបនេះមានកំណើតនៅខេត្តកណ្តាល ប៉ុន្តែក្រុមគ្រួសារបានផ្លាស់ទៅរស់នៅស្រែតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ រូបគេជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់ ដែលឪពុកម្តាយបានចែកឋាន ហើយបច្ចុប្បន្នរស់នៅជាមួយឪពុកម្តាយធម៌៕
អៀន ពិសី ក្នុងក្រុមព្រះខ័នរាជស្វាយរៀង
អត្ថបទ៖ វីរបុត្រ