Connect with us

កីឡា

ចំនុច​គួរ​កែលំអ​ ក្រោយ​ U20​ កម្ពុជា​​​ ស្មើ​​​ U20 ​សិង្ហបុរី​ ១-១​ ​យប់​​មិញ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) ​បាន​ត្រឹម​ស្មើ​ជា​មួយ​ក្រុម U20 សិង្ហបុរី ដែល​សល់​សមាជិក​​​តែ​១០​នាក់​នៅ​លើ​ទី​លាន​ក្នុង​ការ​ប្រកួត​លើក​ទី​២ វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់ AFC U20 CHAMPIONSHIP 2023 នៅប្រទេសតាជីគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ទាំង​ពីរ​វគ្គ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ជំទង់​គោព្រៃ​កម្ពុជា​មាន​ប្រៀប​ជាង​​យុវជន​សិង្ហបុរី​ទាំង​​បច្ចេកទេស គ្រប់​គ្រង​បាល់ និង​ឱកាស​ស៊ុត ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ក្រុម​សិង្ហបុរី​ទទួល​បាន​ឱកាស​ម្តង​ៗ​បង្ក​គ្រោះ​ថ្នាក់ ក្នុង​នោះ​ទទួល​បានពិន័យ​ទាត់​១១​ម៉ែត្រ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំទី​កម្ពុជា​ រិទ្ធ លីហេង ជួយ​សង្គ្រោះ​បាន។

ទោះ​ជា​យ៉ាង​ណា សិង្ហបុរី នៅ​តែ​អាច​បំប៉ោង​សំណាញ់​ទី​កម្ពុជា​​ដើម្បី​នាំ​មុខ​ ១-០ ដោយ​កីឡាករ Kieran Teo នៅ​នាទី​ទី​២៨ មុន​ពេល​កម្ពុជា​តាម​ស្មើ​ ១-១ ​​ដោយ​កីឡាករ​ កើត ពេជ្រ នៅ​នាទី​ទី​៤៤។ នៅ​វគ្គ​ទី​២ ក្រុម​យុវជន​កម្ពុជា​បាន​ធ្វើ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង និង​ទទួល​បាន​ឱកាស​ពី​ស្លាប​ឆ្វេង-ស្តាំ​ញឹក​ញាប់ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។

ពិសេស​ទៀត​នោះ កីឡាករ​សិង្ហបុរី  Raoul Sahaimi ទទួល​បាន​ពិន័យ​កាត​ក្រហម ក្រោយ​ពិន័យ​កាត​លឿង​ពីរ​ដង និង​ត្រូវ​ចេញ​ពី​ទី​លាន​នៅ​នាទី​៦៦ ដែល​ធ្វើ​ឲ្យ​សិង្ហបុរី​សល់​សមាជិក​តែ​១០​នាក់​ប៉ុណ្ណោះ។ ប្រការ​នេះ​រឹត​តែ​ធ្វើ​ឲ្យ​កម្ពុជា​មាន​ប្រៀប​ខ្លាំង​ឡើង ហើយ​សិង្ហបុរី​ព្យាយាម​ការពារទ្វេ​ដង។

ក្រុម​យុវជន​កម្ពុជា​បាន​សម្រុក​ និង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ហើយ​ទទួល​បាន​ឱកាស​ស៊ុត​ញឹក​ញាប់​​ពី​ស្លាប​ឆ្វេង-ស្តាំ។ ទោះ​ជា​យ៉ាង​ណា អ្នក​ចាំទី​របស់​សិង្ហបុរី​សង្គ្រោះ​បាល់​បាន​រហូត។ ភាគ​ច្រើន​កីឡាករ​ប្រយុទ្ធ​​ឆ្វេង និងស្តាំ​អូស​យក​ទៅ​ស៊ុត​ខ្លួន​ឯង​តែ​ម្តង ហើយ​កោះ​បោះ ឬ​កាត់​ចូល​កណ្តាល​ណាស់​ដែល​ធ្វើ​ឲ្យ​អ្នក​ចាំទី​សិង្ហបុរី​សង្គ្រោះ​បាល់​បាន​បែប។

ដូច្នេះ​​ប្រការ​ដែល​គួរ​កែ​ប្រែ​គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​គួរ​បោះ​ ឬ​បញ្ជូន​បាល់​ចូល​កណ្តាល​ឲ្យ​បាន​ច្រើន​ប្រហែល​ជា​មាន​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ។ កុំ​ព្យាយាម​អូស​បាល់​ទៅ​ស៊ុត​ខ្លួន​ឯង​ពោល​គឺ​លេង​ជា​ច្រើន​ក្រុម​ឲ្យ​បាន​ច្រើន​នៅ​តំបន់​ប្រយុទ្ធ។

ទោះ​បី​ជា​យ៉ាង​ណា ជា​រួម ក្រុម​យុវជន​កម្ពុជា​ធ្វើ​បាន​ល្អ​ជាង​សិង្ហបុរី ហើយ​កាល​ចាញ់​លីបង់​១-០ ក៏​គ្រូ​បង្វឹក​យុវជន​កម្ពុជា​សរសើរ​ថា លេង​បាន​ល្អ​ជាង​លីបង់​ដែរ ថ្វី​បើ​លទ្ធផល​ចាញ់​ក៏​ដោយ។ ដូច្នេះ​មាន​ន័យ​ថា លេង​ល្អ​មើល តែ​មិន​ល្អ​ស៊ី។

ពេល​នេះ ក្រុម U20 កម្ពុជា​ស្ទើរ​តែ​អស់​ឱកាស​​ឡើង​ទៅ​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​បើក​ឆាក​ចាញ់​លីបង់ និង​ប្រកួត​ទី​២​ស្មើ​សិង្ហបុរី ហើយ​ប្រកួត​ចុង​ក្រោយ​ជួប​ម្ចាស់​ផ្ទះ​តាជីគីស្ថាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម