កីឡា
ឈប់ឌឺដង ផ្លែផ្កាគ្នាទៅ រឿងសំខាន់រួមដៃគ្នាអភិវឌ្ឍ«គុនខ្មែរ»
ការផ្លែផ្កា ឌឺដង វាយប្រហារ ឈ្លោះប្រកែកគ្នាទៅវិញទៅមកតាមបណ្តាញទំនាក់ទំនងសង្គមជុំវិញកីឡាប្រដាល់«គុនខ្មែរ» និង«មួយថៃ» មិនមានប្រយោជន៍អ្វីសោះឡើយ ក្រៅតែពីធ្វើឲ្យតម្លៃជាតិធ្លាក់ចុះ និងអាប់ឱន ប៉ុន្តែរឿងសំខាន់ត្រូវរួមដៃគ្នាដើម្បីជំរុញអភិវឌ្ឍក្បាច់គុនបុរាណខ្មែរឲ្យរីកចម្រើនទូទាំងពិភពលោក។

គុនខ្មែរគឺជាក្បាច់គុនបុរាណបែបប្រយុទ្ធមានប្រភពដើមនៅក្នុងប្រទេសកម្ពុជា។ ក្បាច់គុននេះមានអាវុធ៨ទិសគឺដៃពីរ កែងពីរ ជើងពីរ និងជង្គង់ពីរ ដែលមានរបៀបឈរវ៉ៃកណ្តាប់ដៃ កែង ជង្គង់ និងទាត់ដែលមានគោលដៅផ្តួលដៃគូឲ្យសន្លប់ ឬឈ្នះដោយពិន្ទុ។
ប្រវត្តគុនខ្មែរ ឬប្រដាល់សេរីបានចាប់ផ្តើមតាំងពីសម័យកាលចក្រភពខ្មែរ (Khmer Empire) ដែលមានតាំងពីគ.ស៨០២ ដែលពេលនោះប្រទេសនៅតំបន់អាស៊ានជាច្រើនមិនទាន់មានទេ។ ក្បាច់គុនត្រូវបានប្រើដោយយោធាចក្រភពខ្មែរដែលជាអាវុធប្រើដៃដ៏គ្រោះថ្នាក់ និងមានប្រសិទ្ធភាពរបស់ទាហានសម័យកាលចក្រភពខ្មែរ។ ភស្តុតាងជាក់ច្បាស់មិនអាចប្រកែក និងកែប្រែបានគឺចារលើថ្មសិលាប្រាសាទជាច្រើនស្ទើរទូទាំងប្រទេសកម្ពុជា។

ក្នុងនាមជាកូនខ្មែរមានកាតព្វកិច្ចថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍក្បាច់គុនបុរាណខ្មែរឲ្យគង់យូរអង្វែង និងរីកចម្រើនទាំងក្នុង និងក្រៅប្រទេស។ ដើម្បីឲ្យ«គុនខ្មែរ»ខ្លាំង និងរីកចម្រើនទៅបានមានតែពលរដ្ឋខ្មែរខ្លួនឯងរួមដៃគ្នាអភិវឌ្ឍ និងផ្សព្វផ្សាយឲ្យផុលផុសពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងពីមួយឆ្នាំទៅមួយឆ្នាំដែលត្រូវប្រើពេលវេលាយូរ ហើយមានផែនការច្បាស់លាស់។
រហូតដល់ពេលនេះ សហព័ន្ធកីឡាប្រដាល់ខ្មែរក្នុងស្រុកមានហើយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិក៏មានដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានសមាជិកជាប្រទេសនៅលើពិភពលោកប្រហែលជា៥០ប្រទេសហើយ។ អ្វីដែលពិសេសមួយទៀតនោះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ហើយ។

ជំហ៊ានទៅមុខទៀត ដើម្បីឲ្យ«គុនខ្មែរ»ឈានដល់ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី កីឡាអូឡាំពិក និងការប្រកួតជើងឯកពិភពលោក ទាមទារឲ្យឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាពិសេសអ្នកដែលមានទ្រព្យធនរួមដៃគ្នាដើម្បីជំរុញ និងអភិវឌ្ឍគុនខ្មែរ។
អ្នកមានទ្រព្យធនអាចចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីលំដាប់ជាតិ និងអន្តរជាតិ អាចបង្កើតក្លឹបប្រដាល់ បង្កើតសង្វៀនប្រដាល់គុនខ្មែរលំដាប់អន្តរជាតិ នាំចូលចូលកីឡាករ កីឡាការិនីល្បីៗមកពីប្រទេសផ្សេងចូលរួមប្រកួតគុនខ្មែរនៅប្រទេសកម្ពុជា។ បង្កើតការប្រកួតខ្សែក្រវាត់គុនខ្មែរពិភពលោកជាប្រចាំឆ្នាំ កម្មវិធីប្រដាល់ថ្នាក់តំបន់ និងអន្តរជាតិឲ្យបានច្រើន។
បើកវគ្គបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយគុនខ្មែរស្តីពីរបទបញ្ជានៃការប្រកួត ក្បួនក្បាច់ និងច្បាប់គុនខ្មែរផ្សេងៗឲ្យទូលំទូលាយ។ ទាំងនេះមិនត្រឹមតែធ្វើឲ្យគុនខ្មែររីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយជួយធ្វើឲ្យវិស័យទេសចរណ៍កាន់តែរីកច្រើនតាមរយៈកីឡា។

អ្វីដែលសំខាន់ទៀតនោះ ត្រូវជំរុញឲ្យមានការប្រកួតជើងឯកគុនខ្មែរថ្នាក់ជាតិប្រចាំឆ្នាំនៃបណ្តាប្រទេសជាសមាជិក។ ត្រូវជំរុញឲ្យមានការបើកក្លឹបហ្វឹកហាត់ប្រដាល់គុនខ្មែរកាន់តែច្រើនទូទាំងពិភពលោក ត្រូវបញ្ជូនគ្រូបង្វឹកប្រដាល់គុនខ្មែរល្បីៗ ល្អៗទៅបង្ហាត់បង្រៀននៅតាមក្លឹបរបស់ប្រទេសនានា ព្រមទាំងមានសកម្មភាពឬទិវាគុនខ្មែរផ្សេងៗទៀត។
នៅពេលមានកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរខ្លាំងៗដូចជាជើងឯកគុនខ្មែរជាតិ ជើងឯកគុនខ្មែរអាស៊ាន ជើងឯកគុនខ្មែរអាស៊ី ជើងឯកគុនខ្មែរអាមេរិក ជើងឯកគុនខ្មែរអាហ្វ្រិក ជើងឯកគុនខ្មែរអឺរ៉ុប និងជើងឯកគុនខ្មែរអូឡាំពិកជាដើមកាន់តែច្រើន ប្រជាជនទូទាំងពិភពលោកទទួលស្គាល់គុនខ្មែរកាន់តែច្រើន នោះមានន័យថា កម្ពុជាក្នុងនាមជាម្ចាស់ក្បាច់គុនបានឈ្នះរួចទៅហើយ។
ទោះបីជាយ៉ាងណា ប្រឡេកមើលស្ថានភាពប្រដាល់គុនខ្មែរបច្ចុប្បន្នមានសកម្មភាពសំបូរបែបតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ខណៈប្រទេសជាសមាជិកនានាទូទាំងពិភពលោកក៏មិនទាន់មានច្រើនក្នុងការធ្វើសកម្មភាពប្រដាល់គុនខ្មែរមានរាប់តាំងពីបើកក្លឹបបង្ហាត់ និងកម្មវិធីប្រកួតជាដើម។

គិតឲ្យជាក់មែនទែន កម្មវិធីប្រដាល់តាមទូរទស្សន៍មួយចំនួនទទួលបានម្ចាស់ឧបត្ថម្ភដែលមានផលិតផលនៅក្នុងស្រុក ប៉ុន្តែកម្មវិធីប្រដាល់ខ្លះមានម្ចាស់ឧបត្ថម្ភមកពីក្រៅប្រទេស។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកមានទ្រព្យភាគច្រើននៅមិនទាន់រួមចំណែកផុលផុសក្នុងការគាំទ្របង្កើត និងជំរុញអភិវឌ្ឍគុនខ្មែរឡើយ។
សាកស្រមៃមើល ប្រសិនបើអ្នកមានទ្រព្យធនចំណាយថវិកាឧបត្ថម្ភដល់កម្មវិធីប្រដាល់កាន់តែច្រើន ហើយម្ចាស់កម្មវិធីប្រដាល់មានថវិកាច្រើនក្នុងការរៀបចំប្រកួតកម្រិតជាតិ និងអន្តរជាតិប្រកបដោយគុណភាព ដែលមានកីឡាករ កីឡាការិនីល្បីៗលំដាប់ពិភពលោកមកប្រកួតស្រុកខ្មែរ ហើយកីឡាករ កីឡាការិនីគុនខ្មែរខ្លាំងៗទៅប្រកួតកម្មវិធីធំៗនៅក្រៅប្រទេសកាន់តែច្រើន អត្តពលិកជាតិ និងអត្តពលិកអន្តរជាតិបានក្លាយជាជើងឯកគុនខ្មែរពិភពលោក ឬអន្តរជាតិកាន់តែច្រើន ពេលនោះគឺនរណាមិនស្គាល់គុនខ្មែរ។
បើអ្នកមានទ្រព្យធនបង្កើតក្លឹបប្រដាល់ ឬជួយឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់គុនខ្មែរកាន់តែច្រើន ឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីគុនខ្មែរកាន់តែច្រើន ពេលនោះជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ។ ពួកគាត់មានពេលវេលាហ្វឹកហាត់កាន់តែច្រើន ពេលនោះអត្តពលិកគុនខ្មែរខ្លាំងគឺថា គុនខ្មែរខ្លាំង។

ជារួម សំណេរខាងលើគ្រាន់តែជាគំនិតតិចតួចប៉ុណ្ណោះ ហើយក៏គ្មានចេតនាវាយប្រហារលើបុគ្គលណាម្នាក់ដែរ។ ដើម្បីគុនខ្មែរខ្លាំងទៅបាន ទាល់តែខ្មែររួមគ្នាដើម្បីអភិវឌ្ឍគុនខ្មែរឲ្យរីកចម្រើនទាំងក្នុង និងក្រៅប្រទេស៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត