កីឡា
លោក Conor Nestor ប្រតិកម្មបែបណាជុំវិញការអភិវឌ្ឍន៍កីឡដ្ឋានខេត្តស្វាយរៀង?
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នបាននិងកំពុងធ្វើការជួសជុល ក៏ដូចជាអភិវឌ្ឍន៍កីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា។
គម្រោងអភិវឌ្ឍកីឡដ្ឋានខេត្តស្វាយរៀង វិញ ថ្មីៗនេះក្លិបទើបតែបញ្ជាក់ពីគម្រោងជាផ្លូវការ អំពីការដំណើរការជួសជុល និងសាងសង់បន្ថែម ពោលគឺបន្ថែមកន្លែងអង្គុយថ្មីនៅផ្នែកខាងស្ដាំទីលាន ដែលតភ្ជាប់ពីកន្លែងអង្គុយដែលមានស្រាប់ ជាមួយទំហំកាន់តែធំជាងមុន។ គម្រោងនេះត្រូវបានត្រៀមសម្រាប់រដូវកាល២០២៣/២០២៤ នៃលីគកំពូលកម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើមនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។
ភ្ជាប់ជាមួយគ្នានេះ លោក Conor Nestor ដែលជាគ្រូបង្វឹករបស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង បានចាត់ទុកថា នេះគឺពិតជាមិនអាចភ្លេចបាន និងអរគុណមិនអស់ឡើយចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំក្លិប ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធាន ហើយគ្រប់គ្នាគួរតែធ្វើឱ្យអស់ពីលទ្ធភាពដើម្បីជាការតបស្នង។

លោក Conor បាននិយាយប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «ប្រសិនបើមិនមាន ឯកឧត្តម ឌី វិជ្ជា គ្រូបង្វឹកដូចខ្ញុំ និងកីឡាកររបស់យើងទាំងអស់ មិនអាចរស់នៅតាមក្តីស្រមៃរបស់យើងក្នុងអាជីពបាល់ទាត់បាននោះទេ។ យើងត្រូវតែបង្ហាញការដឹងគុណរបស់យើងនៅលើទីលាន និងផ្តល់កិត្តិយសដល់ប្រវត្តិសាស្ត្រ និងអនាគតរបស់ក្លិបជាមួយគ្នា។»

«កីឡដ្ឋានគឺសម្រាប់អ្នកគាំទ្ររបស់យើង ខ្ញុំសង្ឃឹមថានឹងឃើញអ្នកគាំទ្រទាំងចាស់ទាំងក្មេង រួមជាមួយនឹងក្រុមគ្រួសារ ធ្វើឱ្យផ្ទះរបស់យើងក្លាយជាកន្លែងបង្កើតអនុស្សាវរីយ៍មួយជីវិត។ ប្រធានក្លិបរបស់យើងបានផ្តល់អ្វីគ្រប់យ៉ាង ដែលទាំងនេះអាស្រ័យលើបុគ្គលិក កីឡាករ និងអ្នកគាំទ្រ ដើម្បីមកជាមួយគ្នា និងធ្វើការឆ្ពោះទៅរកគោលដៅរួម។ ពេលគេគិតដល់បាល់ទាត់ខ្មែរ យើងចង់ឲ្យគេគិតដល់ស្វាយរៀង។ យើងទាំងអស់គ្នាត្រូវតែធ្វើការឆ្ពោះទៅរកក្តីសុបិននេះ។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានសង្កត់ធ្ងន់។

ព្រះខ័នរាជស្វាយរៀង ត្រូវបានចាប់ឆ្នោតចូលពូល B នៃពានរង្វាន់ខេមបូឌានលីគខាប់ រដូវកាល២០២៣ ដែលគ្រោងប្រកួតនៅចុងសប្ដាហ៍នេះ ដោយរួមពូលជាមួយក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, អាយអេសអាយដង្កោរសែនជ័យ និងសូលទីឡូអង្គរ។

ដូចដែលរូបមន្តប្រកួតមានក្នុងដី និងក្រៅដីខ្លះ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះ ត្រូវធ្វើម្ចាស់ផ្ទះចំនួន ២ប្រកួត ក្នុងចំណោម ៦ប្រកួត ដូច្នេះក្លិបសម្រេចខ្ចីកីឡដ្ឋានស្តាតចាស់ ប្រើប្រាស់បម្រើដល់ការប្រកួតទាំង ២នេះ។ ដូច្នេះហើយ សម្រាប់ខណៈពេលដែលកីឡដ្ឋានកំពុងដំណើរការជួសជុល ក្លិបសម្រេចយកកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ធ្វើជាទឹកដីប្រកួតបណ្ដោះអាសន្នផងដែរ។
គួររំលឹកថា កីឡដ្ឋានខេត្តស្វាយរៀង ត្រូវបានសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៥ ដោយអាចផ្ទុកទស្សនិកជនបានប្រមាណ ២០០០នាក់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


