កីឡា
ស្ត្រីពិការ ងួន រតនា តស៊ូពីបុគ្គលិកអនាម័យក្លាយជាម្ចាស់មេដាយអាស៊ានប៉ារ៉ាហ្គេម៥គ្រឿង
កីឡាការិនីអត្តពលកម្មពិការកម្ពុជា ងួន រតនា បានឆ្លងកាត់ខ្សែជីវិតដ៏កម្សត់ក្នុងនាមជាស្ត្រីពិការដៃទាំងពីរដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងក្រុមគ្រួសាររហូតបានក្លាយជាកីឡាការិនីពិការដ៏ឆ្នើមម្នាក់សម្រាប់កម្ពុជា។

អ្នកស្រី ងួន រតនា មានអាយុ៤០ឆ្នាំកើតនៅស្រុកស្វាយទៀប ខេត្តស្វាយរៀង ជាកូនទី១១ ក្នុងចំណោមបងប្អូនបង្កើត១២នាក់។ នៅឆ្នាំ២០១១ អ្នកស្រីបានចាកចេញពីស្រុកកំណើតមករាជធានីភ្នំពេញដោយបានចាប់ផ្តើមធ្វើការជាបុគ្គលិកអនាម័យនៅអង្គការមួយ។
បន្ទាប់មកអ្នកស្រីបានចូលធ្វើការជាបុគ្គលិកអនាម័យនៅសាលារៀនឯកជនមួយក្នុងរាជធានីភ្នំពេញរហូតដល់ឆ្នាំ២០១២។ អ្នកស្រី ងួន រតនា បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា នៅពេលអ្នកស្រីកំពុងធ្វើការនៅសាលារៀនឯកជននោះ គេមានអនុគ្រោះច្រើនដល់អ្នកស្រី។ អ្នកស្រីមានពេលវេលាច្រើនសម្រាប់ការរត់ហាត់ប្រាណទាំងជិតៗសាលារៀន និងពេលខ្លះរត់រហូតដល់ពហុកីឡដ្ឋានជាតិអូឡាំពិក។
អ្នកស្រី ងួន រតនា បានរម្លឹកថា ពីដំបូង អ្នកស្រីបានរត់ហាត់ប្រាណទៅដល់ពហុកីឡដ្ឋានជាតិអូឡាំពិក និងបានជួបអត្តពលិកពិការជម្រើសជាតិ ហើយពួកគាត់ក៏ណែនាំឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។ ដោយមានការអធ្យាស្រ័យពីសាលារៀនឯកជននោះ អ្នកស្រីបានចេញទៅហ្វឹកហាត់កាន់តែច្រើន និងក្រោយមកបានជាប់ជម្រើសជាតិអត្តពលកម្មពិការនៅឆ្នាំ២០១៣។

អ្នកស្រីបានបន្តថា នៅឆ្នាំ២០១៧ អ្នកស្រីទទួលបានឱកាសចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកដំបូងក្នុងឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែក៏ជាពេលវេលាទុក្ខសោកបំផុតក្នុងជីវិត។
អ្នកស្រី ងួន រតនា បានរៀបរាប់ថា ៖«ឆ្នាំ២០១៧ ខ្ញុំត្រៀមចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសម៉ាឡេស៊ី ពេលនោះនៅដើមខែ ម្តាយរបស់ខ្ញុំបានលាចាកលោក។ ខ្ញុំគ្មានអារម្មណ៍ក្នុងខ្លួនទេ តែខ្ញុំបានតាំងចិត្តថា ទោះបីជាខ្ញុំនៅទីនេះកើតទុក្ខ ក៏គ្មានអ្វីប្រែប្រួល ហើយនៅតែប៉ុណ្ណឹង។ ខ្ញុំក៏សុខចិត្តទៅប្រកួត ចាំមកវិញទើបគិតទៀត»។
ទោះបីជាយ៉ាងណា ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកដំបូងរបស់អ្នកស្រីមិនទទួលបានលទ្ធផលល្អទេ ប៉ុន្តែក៏ជាផ្នែកមួយជួយជំរុញឲ្យអ្នកស្រីខិតខំប្រឹងប្រែងបន្ថែមទៀត។ អាស៊ានប៉ារ៉ាហ្គេមបន្ទាប់គឺនៅឆ្នាំ២០២០ជាឱកាសទី២ដែលអ្នកស្រីរំពឹងទទួលបានល្អ ប៉ុន្តែពេលនោះព្រឹត្តិការណ៍ត្រូវបានលុបចោលដោយសារវិបត្តិកូវីដ-១៩។
ដល់អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ទើបអ្នកស្រី ងួន រតនា ទទួលបានឱកាសចូលរួមប្រកួតជាលើកទី២ និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ អ្នកស្រីបានឈ្នះមេដាយមាស១គ្រឿងសម្រាប់វិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ និងប្រាក់១គ្រឿងសម្រាប់វិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ។

ពេលនោះជាវេលារីករាយបំផុតសម្រាប់អ្នកស្រី ងួត រតនា ប៉ុន្តែរាល់ពេលសប្បាយរីករាយ ក៏តែងតែស្រក់ទឹកភ្នែកផងដែរ។ កីឡាការិនីមកពីខេត្តស្វាយរៀងបានរៀបរាប់ថា ៖«ពេលទទួលបានមេដាយ ខ្ញុំរំភើបណាស់។ និយាយមិនចេញទេ អរពេក ធ្លាប់លំបាកយូរហើយ។ ដល់ពេលបានជោគជ័យអរណាស់ តែពេលសប្បាយរីករាយម្តងៗ ខ្ញុំតែងតែស្រក់ទឹកភ្នែក ព្រោះនឹកដល់ពុកម៉ែដែលបានឃ្លាតឆ្ងាយគ្មានថ្ងៃវិលវិញ។ ពួកគាត់មិនបានឃើញជីវិតល្អប្រសើររបស់ខ្ញុំទេ។ ពេលខ្ញុំបានមេដាយភ្លាម ខ្ញុំនឹកគិតដល់ម៉ែឪរបស់ខ្ញុំមុនគេ»។
រឹតតែគួរឲ្យកោតសរសើរថែមទៀតនោះ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ អ្នកស្រី ងួន រតនា បានប្រកួត៣វិញ្ញាសា និងទទួលបានមេដាយទាំង៣វិញ្ញាសា។ វិញ្ញាសាទី១គឺរត់ចម្ងាយ១៥០០ម៉ែត្រ អ្នកស្រីទទួលបានមេដាយមាស វិញ្ញាសាទី២រត់ចម្ងាយ៨០០ម៉ែត្រទទួលបានមេដាយប្រាក់ និងវិញ្ញាសាទី៣រត់ចម្ងាយ៤០០ម៉ែត្រទទួលបានមេដាយប្រាក់ទៀត។
អ្នកស្រី ងួន រតនា បានប្រាប់«កម្ពុជាថ្មី»ថា ដោយសារអាយុកាន់តែច្រើន កម្លាំងកាន់តែចុះខ្សោយ ការហ្វឹកហាត់ ឬរត់ខ្លាំងម្តងៗធ្វើឲ្យញ័រដើមទ្រូង និងចង់ឈប់ពីអាជីពរត់ប្រណាំងដែរ តែដោយសារមិនទាន់មានក្មេងជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់ទើបធ្វើឲ្យអ្នកស្រីបន្តអាជីពរត់ប្រណាំងទៀត។
«ពេលខ្ញុំរត់ហាត់ខ្លាំងម្តងៗ ហត់ណាស់ ពេលខ្លះញ័រដើមទ្រូង ក៏មានអារម្មណ៍ចង់ឈប់ តែពេលឈប់សម្រាកបាត់ហត់ក៏ចង់បន្តអាជីពវិញ។ ពេលណាខ្ញុំនៅតែអាចរត់បាន ខ្ញុំនៅតែបន្តប្រកួតដើម្បីជាតិ»។ អ្នកស្រី រតនា បានបញ្ជាក់។

រហូតដល់ពេលនេះ អ្នកស្រី ងួន រតនា អាយុ៤០ឆ្នាំទទួលបានមេដាយ៥គ្រឿងគឺមាស២គ្រឿង និងប្រាក់៣គ្រឿងពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ