Connect with us

កីឡា

សមាគមបាល់ទាត់ចិនផ្លាស់ប្តូរទ្រង់ទ្រាយធំក្រោយមានរឿងអាស្រូវពុករលួយ

បានផុស

នៅ

ប្រធានសមាគម​កីឡា​បាល់ទាត់ចិនថ្មី (CFA) លោក Song Kai បានសន្យា​ដឹក​នាំ​ស្ថាប័ន​បាល់ទាត់​​ឲ្យ​មានតម្លាភាព បន្ទាប់ពីមានរឿងអាស្រូវពុករលួយជាបន្តបន្ទាប់។

លោក Song ត្រូវបានជាប់ឆ្នោត​​ជា​ប្រធាន​ថ្មី ​បន្ទាប់ពីមានការចាប់ខ្លួនអតីតអនុប្រធានសមាគម លោក Du Zhaocai កាលពីដើមខែតុលា​នេះ ក្រោមការចោទប្រកាន់ពីបទស៊ីសំណូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Song បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ថា ៖«យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព​ដើម្បីកសាងសមាគមបាល់ទាត់ចិន​ដែលមានការរួបរួម ប្រឹងប្រែង បើកចំហ តម្លាភាព និងស្វាហាប់​បន្ថែមទៀតនាពេលអនាគត»។

ចាប់តាំងពីឆ្នាំ២០១៦ លោក Song បានគ្រប់គ្រងការិយាល័យកីឡាខេត្ត Liaoning នៅភាគខាងជើងប្រទេសចិន។ បុរសវ័យ ៥៨ឆ្នាំរូបនេះត្រូវបានគេវាយតម្លៃ​ពី​ការ​កែលម្អស្តង់ដា​ក្នុងវិស័យបាល់ទាត់ បាល់បោះ និងបាល់ទះក្នុងតំបន់​ពេលកាន់តំណែងរបស់លោក។

អតីតខ្សែប្រយុទ្ធ Sun Wen ដែលធ្លាប់មានឈ្មោះ FIFA Women’s Player of the 20th Century គឺជាអនុប្រធានតែមួយគត់ដែលរក្សាតំណែងរបស់នាងពីការបោះឆ្នោតនេះ។ ស្របពេល​អតីតអនុប្រធាន CFA លោក Gao Hongbo ត្រូវបានតែងតាំងជានាយកបច្ចេកទេសនៃសមាគម។

លោក Yuan Yongqing អតីតមន្ត្រីកីឡាបាល់បោះដែលត្រូវបានជ្រើសរើសជាអនុប្រធានក៏នឹងបម្រើការងារជាអគ្គលេខាធិការផងដែរ។

អនុប្រធានម្នាក់ទៀតលោក Yang Xu ដែលជាអ្នកកាសែតកីឡា​នៅ​សារព័ត៌មាន​ស៊ីនហួ បានទទួលការងារមើលការខុសត្រូវលើលីគបាល់ទាត់អាជីពរបស់ប្រទេសចិន។

គណៈកម្មាធិការប្រតិបត្តិសមាគមបាល់ទាត់ចិន ថ្មីដែលមានសមាជិក ២០នាក់ ក៏មានខ្សែបម្រើកណ្តាលជម្រើសជាតិនារី Wang Shuang ដែលបានលេង ១២៣ដងសម្រាប់ប្រទេសចិន និងអតីតប្រធានក្រុមជម្រើសជាតិបុរស Zheng Zhi ។

កាលពីខែមុន អតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan បានប្រឈមការចោទប្រកាន់​ពី​“ការ​ទាញយកផលប្រយោជន៍ពីអ្នកដទៃ” និង “ទទួលយកទ្រព្យសម្បត្តិ និងកម្មសិទ្ធិរបស់អ្នកដទៃដោយខុសច្បាប់”។ គេប៉ាន់ប្រមាណថា មន្ត្រីបាល់ទាត់ជា​ច្រើន​នាក់​ទៀត​កំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងអំពើពុករលួយដូចគ្នា។

ចិនបានធ្លាក់ចេញពី FIFA Women’s World Cup ឆ្នាំ២០២៣ បន្ទាប់ពីចាញ់អង់គ្លេស ៦-១ ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ប៉ុន្តែបានឈ្នះមេដាយសំរឹទ្ធ ក្នុងកីឡាអាស៊ី នៅ​ទី​ក្រុងហានចូវ​ ឆ្នាំ២០២២ (លើក​មក​ឆ្នាំ​២០២៣)។

ក្រុមជម្រើសជាតិបុរស មិនបានឡើងទៅជុំផ្ដាច់ព្រ័ត្រ FIFA World Cup គិត​ចាប់​តាំងពីឆ្នាំ​២០០២​ នៅប្រទេស​ជប៉ុន​ និង​កូរ៉េខាងត្បូង ពេលពួកគេចាញ់ទាំង ៣ប្រកួតក្នុងពូល។

ខែ​ក្រោយ​ចិន​នឹង​ប្រកួត​​ជម្រុះ​ជុំ​ទី​២​សម្រាប់​ជើង​ឯក​ពិភព​លោក​ឆ្នាំ២០២៦ ដែល​មាន​ម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក​​ កាណាដា​ និងម៉ិកស៊ិក​ ហើយ​ស្ថិត​នៅ​ពូល​ជាមួយ កូរ៉េខាងត្បូង ថៃ និងសិង្ហបុរី។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែវិច្ឆិកា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម