កីឡា
នារីបារាំងដ៏ស្រស់ស្អាត Ava Ruiz ហាត់ល្បុក្កតោដើម្បីស្គាល់វប្បធម៌ខ្មែរ
នារីជនជាតិបារាំងដ៏ស្រស់ស្អាតឈ្មោះ Ava Ruiz បានហ្វឹកហាត់គុនល្បុក្កតោរយៈពេលជាង២ខែហើយជាមួយមិត្តរួមការងារនៅគ្លីនិកមួយជាកន្លែងដែលនាងធ្វើការនៅក្នុងប្រទេសកម្ពុជាដែលមានកីឡាករ ចាន់ រតនា ជាគ្រូបង្វឹក។
កញ្ញា Ava Ruiz បានឲ្យដឹងថា កញ្ញាបានឃើញការសម្តែងក្បាច់គុនល្បុក្កតោតាម Facebook ហើយក៏មានអារម្មណ៍ចង់ស្គាល់កាន់តែច្រើន។ អ្វីដែលជាសំណាងទៀតនោះ ប្រធានគ្លីនិករបស់នាងបានស្គាល់កីឡាករ ចាន់ រតនា ដែលបាននាំបុគ្គលិកហាត់ក្បាច់គុនល្បុក្កតោទាំងអស់គ្នា។

កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កញ្ញា Ava Ruiz បានទៅមើលការប្រកួតគុនល្បុក្កតោ«អ្នកលេងគុន»។ កញ្ញាបាននិយាយថា ៖«នេះជាលើកទី១ដែលខ្ញុំបានមើលការប្រកួតគុនល្បុក្កតោផ្ទាល់ភ្នែក។ កីឡាករចុងក្រោយជាគ្រូបង្វឹករបស់ខ្ញុំ។ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់។ ជាអ្នកហ្វឹកហាត់ដំបូងៗ ពេលបានឃើញផ្ទាល់អីចឹង ខ្ញុំពិតជារីករាយចំពោះការប្រកួតកម្រិតខ្ពស់។ ជាការប្រកួតដ៏ល្អ កីឡាករទាំងអស់ប្រកួតគួរឲ្យចាប់អារម្មណ៍»។
នារីបារាំងរូបនេះបានប្រាប់ថា លោកគ្រូ ចាន់ រតនា បានសួរថាតើចង់ប្រកួតល្បុក្កតោទេ កញ្ញាមិនចាប់អារម្មណ៍នឹងការប្រកួតទេ ប៉ុន្តែការហ្វឹកហាត់របស់នាងមានគោលដៅសំខាន់ដើម្បីសុខភាព ភាពសប្បាយរីករាយ និងដើម្បីស្វែងយល់ពីក្បាច់គុនបុរាណខ្មែរ។

កញ្ញា Ava Ruiz បាននិយាយថា ៖«ការហ្វឹកហាត់គឺដើម្បីសុខភាព ដើម្បីភាពសប្បាយរីករាយ និងដើម្បីស្វែងយល់ពីវប្បធម៌ខ្មែរ។ នេះជាគោលដៅសំខាន់ដែលខ្ញុំបានហ្វឹកហាត់ល្បុក្កតោ។ មិត្តរួមការងាររបស់ខ្ញុំប្រហែល១៥នាក់បានហ្វឹកហាត់ល្បុក្កតោជាមួយគ្នា»។
នារីបារាំងរូបនេះបន្តឲ្យដឹងថា ការហ្វឹកហាត់រយៈពេល២ខែកន្លងទៅ ពិបាកខ្លាំងដែរពីដំបូង ប៉ុន្តែក្រោយមកមានអារម្មណ៍មិនមានអ្វីពិបាកទេ។ ផ្ទុយទៅវិញកញ្ញាចូលចិត្ត និងបានក្លាយជាពេលវេលាដ៏ល្អជាមួយមិត្តរួមការងារ និងគ្រូបង្វឹក។
រហូតដល់ពេលនេះ Ava Ruiz បានស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជារយៈពេល២ឆ្នាំហើយ។ កញ្ញាបានប្រាប់ថា ៖«ខ្ញុំចូលចិត្តរស់នៅប្រទេសកម្ពុជា ជាពិសេសពីវប្បធម៌ ប៉ុន្តែអាកាសធាតុក្តៅជាងនៅបារាំង តែខ្ញុំអាចទ្រាំទ្របាន»។

នៅពេលសួរថា តើអ្វីដែលកញ្ញាពេញចិត្តបំផុតនៅកម្ពុជា? កញ្ញាបានឆ្លើយតបថា ៖«វ៉ូវ! នេះជារឿងពិបាកមួយ ខ្ញុំអាចនិយាយបានថា ប្រជាជនខ្មែរមានភាពកក់ក្តៅ។ រាល់ពេលខ្ញុំជួប ពួកគាត់តែងតែញញឹមដាក់ខ្ញុំជានិច្ច។ នេះជាអ្វីដែលខ្ញុំចូលចិត្តបំផុតនៅកម្ពុជា»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


