កីឡា
ហេតុអ្វីបារាំងខ្លាំងបាល់ទះមកចាប់ដៃគូជាមួយបាល់ទះខ្មែរ?
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាបាល់ទះបារាំងដើម្បីផ្លាស់ប្តូរបទពិសោធ និងជួយគ្នាទៅវិញទៅមកឆ្ពោះទៅរកការអភិវឌ្ឍបាល់ទះប្រទេសទាំងពីរឲ្យរីកចម្រើន។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានគោលដៅសំខាន់រួមគ្នាគឺ ផ្លាស់ប្តូរបទពិសោធ ចំណេះជំនាញ បច្ចេកទេស និង ទិន្នន័យសម្រាប់អត្តពលិក គ្រូបង្វឹក រួមទាំងក្រុមការងារ។ ក្នុងនោះកម្ពុជាអាចអញ្ជើញក្រុមបាល់ទះបារាំងមកហ្វឹកហាត់រួមគ្នានៅកម្ពុជា និងលេងជាមួយគ្នា ហើយបារាំងក៏អាចអញ្ជើញក្រុមកម្ពុជាទៅបារាំងដើម្បីហ្វឹកហាត់រួមគ្នា និងប្រកួតមិត្តភាព។

បើក្រឡេកមើលគុណភាពកីឡាបាល់ទះកម្ពុជា និងបារាំងមានលក្ខណៈខុសគ្នាឆ្ងាយទាំងជម្រើសជាតិ ក្លិប និងលីគ។ បច្ចុប្បន្នក្រុមបាល់ទះបារាំងស្ថិតនៅចំណាត់ថ្នាក់លេខ៦លើពិភពលោក FIVB Men’s Volleyball World Ranking ប្រៀបធៀបនឹងក្រុមជម្រើសជាតិកម្ពុជាស្ថិតកក្រោម១៣០។ កម្ពុជាមានកីឡាករបាល់ទះអាជីពមិនច្រើនទេ ថ្វីបើមានមហាជនលេងច្រើន ហើយការប្រកួតលីគក៏ទើបចាប់ផ្តើមរដូវកាលដំបូង។ ចំណែកប្រទេសបារាំងមានអ្នកលេងបាល់ទះអាជីពរាប់ម៉ឺននាក់ មានក្លិបច្រើន មានក្រុមយុវជនទាំងបុរស-នារី មានការប្រកួតលីគរាប់ឆ្នាំ ហើយប្រកួតពានរង្វាន់អន្តរជាតិជាច្រើន។
ទោះបីបែបណាក្តី សហព័ន្ធកីឡាបាល់ទះបារាំងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាពិសេសកម្ពុជាជាប្រទេសទី១ក្នុងតំបន់អាស៊ានដែលបារាំងចាប់ដៃគូ។ លោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំងបានឲ្យដឹងថា នេះជាលើកទី១ដែលប្រទេសបារាំងបានចាប់ដៃគូជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន។ លោកសូមអរគុណដល់កម្ពុជាដែលបានទទួលក្រុមបាល់ទះជម្រើសជាតិបារាំងអាយុ១៩ឆ្នាំសម្រាប់ការប្រកួតមិត្តភាពកាលពីឆ្នាំ២០២៣។
លោកបានលើកឡើងថា ៖«បន្ទាប់ពីមានការប្រកួតមិត្តភាពរបស់ក្រុមបារាំងអាយុ១៩ឆ្នាំជាមួយកម្ពុជា ជាលទ្ធផលក្រុម U19 បារាំងបានឈ្នះជើងឯកពិភពលោកអាយុក្រោម១៩ឆ្នាំ ហើយក្រុមកម្ពុជាទទួលបានមេដាយប្រាក់ពីកីឡាស៊ីហ្គេម។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីប្រកួតបែបនេះទៀត»។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំបានឈ្នះជើងឯកពិភពលោកអាយុក្រោម១៩ឆ្នាំ បន្ទាប់ពីពួកគាត់បានមកប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា។ តាមរយៈសមិទ្ធផលនេះ ថ្នាក់ដឹកនាំសហព័ន្ធបាល់ទះបារាំងចង់ឲ្យមានសកម្មភាពជាមួយកម្ពុជាបន្តទៀត ហើយឈានដល់ការចុះ MOU ជាមួយគ្នាដើម្បីបង្កើតចំណងមិត្តភាពឲ្យកាន់តែខ្លាំងលើសពីការប្រកួតមិត្តភាព។

តំណាងសហព័ន្ធកីឡាបាល់ទះកម្ពុជាបន្ថែមថា ជាងនេះទៀតនោះ ភាគីបារាំងចង់ឲ្យបាល់ទះកម្ពុជាបានចូលក្នុងក្របខណ្ឌលីគបាល់ទះដែលនិយាយភាសាបារាំង ស្របពេលកម្ពុជាកំពុងចង់បង្កើនការចាប់ដៃគូជាមួយប្រទេសដែលមានការអភិវឌ្ឍបាល់ទះស្រាប់។ នៅពេលកម្ពុជាចូលក្នុងក្របខណ្ឌលីគដែលនិយាយភាសាបារាំង កម្ពុជានឹងកាន់តែមានឱកាសក្នុងការចាប់ដៃគូជាមួយប្រទេសផ្សេងៗដូចជាជប៉ុនដែលជាដៃគូរបស់បារាំងផងដែរ។
លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិជាមួយបារាំងមិនមែនគិតតែចង់បានក្រុមជម្រើសជាតិបារាំងទាំងស្រុងនោះទេ ពីព្រោះពួកគេមានសមត្ថភាព និងបច្ចេកទេសខ្ពស់ណាស់ បើប្រៀបធៀបនឹងកម្ពុជា។ ទោះបីជាយ៉ាងណា ការដាក់លាយបញ្ចូលគ្នារវាងក្រុមយុវជនបារាំងជាមួយក្រុមធំបារាំងដើម្បីប្រកួតជាមួយជម្រើសជាតិកម្ពុជា ឬក្រុមយុវជនបារាំងអាយុក្រោម១៩ឆ្នាំ អាយុក្រោម២៣ឆ្នាំប្រកួតជាមួយជម្រើសជាតិកម្ពុជាដែលមានគុណភាពប្រហាក់ប្រហែលគ្នាពោលគឺមិនខុសគ្នាឆា្ងយដែលជាផ្នែកមួយធ្វើឲ្យភាគីទាំងពីរទទួលបានផលចំណេញរៀងៗខ្លួន។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាជាមួយលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


