កីឡា
ប្រធានសហព័ន្ធកីឡាយានយន្តអាណត្តិថ្មី ដោះស្រាយបញ្ហាប្រឈមបន្ទាន់
ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាអាណត្តិថ្មី លោក មៀច សុផាន់ណា ដោះស្រាយបញ្ហាប្រឈមចំពោះមុខជាបន្ទាន់ដើម្បីឲ្យសហព័ន្ធមានលទ្ធភាពរៀបចំការប្រកួតក្នុងស្រុកឲ្យបានល្អប្រសើរ និងបញ្ជូនអត្តពលិកចូលរួមប្រកួតលើឆាកអន្តរជាតិនានា។

កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សហព័ន្ធកីឡាយានយន្តកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៣ (២០២០-២០២៤) និងបន្តអាណត្តិទី៤ (២០២៤-២០២៨) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ មហាសន្និបាតបញ្ចប់អាណត្តិនេះក៏មានការផ្លាស់ប្តូរសមាជិកប្រតិបត្តិ និងបន្ថែមសមាជិកថ្មីមួយចំនួន ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តការងារ។
ជាពិសេសទៀត សហព័ន្ធត្រូវដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហាប្រឈម និងកង្វះខាតដើម្បីធ្វើយ៉ាងណាឲ្យការងារ និងកីឡាករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតក្នុងស្រុក ក៏ដូចជាចូលរួមប្រកួតលើឆាកអន្តរជាតិទាំងម៉ូតូ និងរថយន្ត។

លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានថ្លែងក្នុងមហាសន្និបាតថា រហូតដល់ពេលនេះ សហព័ន្ធនៅមានចំណុចខ្វះខាតច្រើនក្នុងនោះទីលានរៀបចំការប្រកួតផ្ទាល់ខ្លួនជាបញ្ហាធំ និងថវិកាជាដើម។
លោកបានលើកឡើងថា ៖«ទីលានប្រកួតត្រូវការចំណាយច្រើនណាស់។ យើងត្រូវការដីធំទូលាយទើបអាចធ្វើទីលានប្រកួតបាន។ តាមរបាយការណ៍បង្ហាញថា សហព័ន្ធនៅមានបំណុលគឺបំណុលខាងក្រៅស្រុក។ យើងត្រូវបង់វិភាគទានឲ្យ FIA (សហព័ន្ធកីឡាយានយន្តអន្តរជាតិ)។ ឥឡូវយើងត្រូវទូទាត់ឲ្យដាច់ស្រឡះដើម្បីក្លាយជាសមាជិកភាព និងមានសិទ្ធិត្រឹមត្រូវសម្រាប់ការចូលរួមប្រកួតនៅក្រៅប្រទេស»។
លោកបានបន្តថា ៖«យើងមិនត្រឹមតែជាសមាជិករបស់ FIA ប៉ុណ្ណោះទេ យើងក៏ជាសមាជិករបស់ FIM (សហព័ន្ធកីឡាម៉ូតូអន្តរជាតិ) ថែមទៀតគឺមានទាំងម៉ូតូ មានទាំងរថយន្ត ដែលយើងអាចចូលរួមប្រកួតទាំងកម្រិតអាស៊ី និងពិភពលោកទាំងមូល។ ដូច្នេះយើងត្រូវបង់តម្លៃសមាជិកភាពឲ្យរួចរាល់។ យកថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំបង់ថ្លៃសមាជិកភាពឲ្យទាន់ពេលវេលាដើម្បីកុំឲ្យបាត់បង់សមាជិកភាព។ ចាំពេលក្រោយ យើងរកវិធីរបៀបណាដែលអាចសងខ្ញុំវិញបាន។ យើងត្រូវធ្វើឲ្យទាន់ពេលវេលាដើម្បីកុំឲ្យប៉ះពាល់ដល់សមាជិកភាព»។

សហព័ន្ធកីឡាយានយន្តកម្ពុជាអាណត្តិថ្មីបានជ្រើសរើសសមាជិកប្រតិបត្តិ និងទីប្រឹក្សាថ្មីមួយចំនួនដែលអាចជួយដល់សហព័ន្ធតាមលទ្ធភាព។ លោក មៀច សុផាន់ណា បានប្រាប់អង្គមហាសន្និបាតថា ៖«យើងបានផ្លាស់ប្តូរសមាជិកប្រតិបត្តិមួយចំនួន។ ខ្ញុំបានអញ្ជើញទីប្រឹក្សាអន្តរជាតិគឺលោក Yamaoto។ គាត់មានទីលានប្រកួតរួមគ្នាជាមួយឯកឧត្តម ម៉ុង ឬទ្ធី ដូច្នេះមានកន្លែងខ្លះ យើងអាចដំណើរការប្រកួតជាមួយពួកគាត់បាន»។
តាមសេចក្តីសម្រេចរបស់អង្គមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណថ្មីទី៤ លោក មៀច សុផាន់ណា នៅតែជាប្រធាន ក្នុងនោះមានអនុប្រធាន៦រូប។ លោក ខៃ វណ្ណៈ ជាអគ្គលេខាធិការ និងមានអគ្គលេខាធិការរង៥រូប។ លោក ទួត សុវណ្ណារ៉ា ជាអគ្គហិរញ្ញិក និងមានសមាជិក៦រូប។
ជាមួយគ្នានេះ ឧកញ៉ា ស្រី ចាន់ថន ជាទូតសុច្ឆន្ទៈ និងជាទីប្រឹក្សា លោក Yamamoto Katunori ជាទូតសុច្ឆន្ទៈ ព្រមទាំងមានទីប្រឹក្សា និងជំនួយការ៧រូបទៀត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ