កីឡា
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម កញ្ញា ឈឿង អាលីហ្សា ចង់ក្លាយជាគ្រូបង្វឹកតេក្វាន់ដូ
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ឈឿង អាលីហ្សា បានបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកថ្នាក់ជាតិដោយជោគជ័យដែលឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងមានការទទួលស្គាល់ពីសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិកាលពីថ្ងៃទី២១ ដល់ទី២៧ ខែឧសភា ឆ្នាំ២០២៤។

កញ្ញា ឈឿង អាលីហ្សា បានឲ្យដឹងថា កញ្ញាទទួលបានចំណេះដឹង និងយល់បានច្រើនពីការសិក្សាវគ្គគ្រូបង្ហាត់នេះ ពីព្រោះកញ្ញាជាកីឡាការិនីស្រាប់ដល់ពេលរៀនជំនាញគ្រូបង្វឹកទៅគឺចាប់បានលឿន ឆាប់យល់ និងដឹងពីការងាររបស់គ្រូបង្ហាត់ច្រើនដែលត្រូវរៀបចំខ្លួនយ៉ាងណាក្នុងការបង្ហាត់បង្រៀនដល់កូនសិស្ស។
ម្ចាស់មេដាយប្រាក់ស៊ីហ្គេមពីរលើករូបនេះបានបន្តថា នាពេលអនាគត កញ្ញាចង់ក្លាយជាគ្រូបង្វឹកដើម្បីចែករំលែក និងបណ្តុះបណ្តាលដល់ក្មេងជំនាន់ក្រោយ។ កញ្ញាបាននិយាយថា ៖«នៅកម្ពុជាយើងមិនសូវមានគ្រូបង្វឹកនារីច្រើនទេ អីចឹងខ្ញុំចង់ក្លាយជាគ្រូម្នាក់នៅពេលខាងមុខ។ គោលដៅរបស់ខ្ញុំគឺចង់ជួយបង្ហាត់ក្មេងៗ ចង់ឲ្យក្មេងៗក្លាយជាធនធានកីឡាតេក្វាន់ដូ»។

ទោះបីជាយ៉ាងណា ការដាក់គោលដៅក្លាយជាគ្រូបង្វឹកគឺមានរយៈពេលយូរអង្វែង ខណៈក្តីស្រមៃធំរបស់កញ្ញាក្នុងនាមជាកីឡាការិនីមិនទាន់បានសម្រេច។ ឈឿង អាលីហ្សា មានក្តីស្រមៃធំបំផុតគឺការឈ្នះមេដាយមាសពីការប្រកួតអន្តរជាតិដើម្បីជូនជាតិ។
ឈឿង អាលីហ្សា បានប្រាប់ថា ៖«ខ្ញុំធ្លាប់បានឈ្នះតែមេដាយប្រាក់ពីការប្រកួតអន្តរជាតិ ដូចជាកីឡាស៊ីហ្គេមជាដើម។ ខ្ញុំចង់បានខ្ពស់ជាងនេះគឺគោលដៅធំបំផុត មេដាយមាស»។

កីឡាការិនី ឈឿង អាលីហ្សា បានចូលរួមប្រកួតកីឡាស៊ីហ្គេម៣លើកចុងក្រោយ និងតែងតែទទួលបានមេដាយ ប៉ុន្តែមិនមែនមេដាយមាសទេ។ កញ្ញាបានឈ្នះមេដាយប្រាក់ពីកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ បន្ទាប់ពីចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Lopez Pauline Louise នៅវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុ ១២-៣ ទម្ងន់៥៧គីឡូក្រាម។
នៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម ឈឿង អាលីហ្សា ទទួលបានមេដាយសំរិទ្ធ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា កញ្ញា ទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់កីឡាការិនីថៃ Phannapa Harnsujin ក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់វិញ្ញាសាទម្ងន់៥៧គីឡូក្រាម។

កញ្ញា ឈឿង អាលីហ្សា ទទួលបានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ធំប្រចាំអាស៊ីគឺ កីឡាទ្វីបអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ឆ្នាំ២០២៣ ប៉ុន្តែបានចាញ់កីឡាការិនីវៀតណាម Tran Thi Anh Tuyet ដោយពិន្ទុ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


