កីឡា
អតីតកម្មការិនីកាត់ដេរ នៅ ស្រីពៅ មានកំណត់ត្រាល្អ៤ប្រភេទកីឡាផ្សេងគ្នា
កីឡាការិនីប្រដាល់កម្ពុជា នៅ ស្រីពៅ បានក្លាយជាកីឡាការិនីម្នាក់គត់ដែលមានកំណត់ត្រាល្អក្នុងអាជីពកីឡា៤ផ្សេងគ្នាគឺកីឡាគុនខ្មែរ កីឡាប្រដាល់សកល កីឡាគុនចម្រុះ និងកីឡាឃីកបុកស៊ីង។

ទី១. កីឡាឃីកបុកស៊ីង
សមិទ្ធផលខ្ពស់បំផុតរបស់ នៅ ស្រីពៅ បានកើតមានឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានឈ្នះកីឡាការិនីឥណ្ឌា Neelakandan Neena ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាទម្ងន់ក្រោម៥៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី។ នេះជាកំណត់ត្រាថ្មីចុងក្រោយបំផុតសម្រាប់កីឡាការិនីរូបនាង។

មុនពេលឈ្នះមេដាយមាសឃីកបុកស៊ីងអាស៊ី នៅ ស្រីពៅ ធ្លាប់ឈ្នះកីឡាការិនីចិន សម្រាប់ការប្រកួតមិត្តភាពលើកីឡាឃីកបុកស៊ីងនៅខេត្តសៀមរាប។
ទី២. កីឡាគុនខ្មែរ
កីឡាប្រដាល់គុនខ្មែរអាចចាត់ទុកជាប្រភេទកីឡាដើមបំផុតសម្រាប់ នៅ ស្រីពៅ នៅពេលបានចូលហ្វឹកហាត់ដំបូងជាមួយព្រឹទ្ធាចារ្យគ្រូតា ញូវ ម៉ាក់ និងលោកគ្រូ ម៉ាក់ សាខន នៅក្លិបតាឡីដំរីមានឬទ្ធិ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងអាជីពគុនខ្មែរ កីឡាការិនីរូបនេះបាន ឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ Kun Khmer World Champion។

សម្រាប់អាជីពគុនខ្មែរនេះដែរ នៅ ស្រីពៅ បានបង្កើតកំណត់ត្រាល្អក្នុងការចេញទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ាកាលពី២០១៨។ កីឡាការិនីរូបនេះបានប្រកួត២ដងនៅប្រទេសមីយ៉ាន់ម៉ា ដោយទទួលបានជ័យជម្នះ២ដង និងបានក្លាយជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់សង្វៀន Lethwei។
ទី៣. កីឡាគុនចម្រុះ (MMA)

នៅពេលកំពុងលើផ្លូវដ៏ល្អក្នុងអាជីពប្រដាល់គុនខ្មែរ នៅ ស្រីពៅ ទទួលបានឱកាសចេញទៅប្រកួតកីឡាគុនចម្រុះនៅស្ថាប័នប្រដាល់លំដាប់អាស៊ី ONE Championship។ ការប្រកួតដំបូងនៅសង្វៀននេះ កីឡាការិនីកម្ពុជាបានយកឈ្នះកីឡាការិនីថៃ Rika និងប្រកួតជាបន្តបន្ទាប់ទៀតនៅលើឆាកអន្តរជាតិ។
ទី៤. កីឡាប្រដាល់សកល
អ្នកគាំទ្រមួយចំនួនប្រហែលជាមិនដឹងទេថា នៅ ស្រីពៅ បានជាប់ជម្រើសជាតិកម្ពុជាមុនគេគឺផ្នែកកីឡាប្រដាល់សកល។ កីឡាការិនីរូបនេះបានចេញទៅប្រកួតលើឆាកអន្តរជាតិជាច្រើនចន្លោះឆ្នាំ២០១៨-១៩ ទាំងការប្រកួតប្រដាល់ក្នុងកីឡាស៊ីហ្គេម ជើងឯកអាស៊ាន និងក្នុងតំបន់អាស៊ាន។
នៅ ស្រីពៅ បានឈ្នះមេដាយមាសក្នុងការប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ស្ទើររាល់ឆ្នាំចន្លោះពីឆ្នាំ២០១៧ ដល់២០១៩។ នៅឆ្នាំ២០១៩ នាងបានឈ្នះមេដាយសំរិទ្ធ កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីនផ្នែកប្រដាល់សកលនេះ។

សូមបញ្ជាក់ថា នៅ ស្រីពៅ បានចាប់ផ្តើមហ្វឹកហាត់ប្រដាល់គុនខ្មែរដំបូងកាលពីឆ្នាំ២០១៤ ក្នុងវ័យ១៦ឆ្នាំ បន្ទាប់ពីបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ដោយសារជីវភាពគ្រួសារខ្វះខាត។ នៅពេលចាប់ផ្តើមហ្វឹកហាត់ប្រដាល់គុនខ្មែរដំបូងមិនសូវច្បាស់លាស់ កីឡាការិនីរូបនេះក៏បានទៅធ្វើការនៅរោងចក្រកាត់ដេរបានរយៈពេលជាងមួយឆ្នាំទើបវិលត្រឡប់ចូលហ្វឹកហាត់ប្រដាល់វិញ។
ក្រោយមក នៅ ស្រីពៅ ចាប់ផ្តើមហ្វឹកហាត់ប្រដាល់សកលរហូតជាប់ជម្រើសជាតិកម្ពុជានៅឆ្នាំ២០១៧ មុនពេលប្តូរទៅអាជីពគុនខ្មែរវិញ ហើយបន្ថែមអាជីពគុនចម្រុះ មុនពេលបង្កើនប្រដាល់ឃីកបុកស៊ីងថែមទៀត។
កីឡាការិនីពហុជំនាញ នៅ ស្រីពៅ បានរៀបការជាមួយកីឡាករប្រដាល់គុនខ្មែរ-ឃីកបុកស៊ី សុខ រិទ្ធ កាលពីខែមករា ឆ្នាំ២០២៤។ ស្វាមីជាកីឡាករប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងដ៏ជោគជ័យម្នាក់ដែលបានឈ្នះមេដាយមាសកីឡាឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២២ និងឆ្នាំ២០២៤ ព្រមទាំងបានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


