កីឡា
ពានរង្វាន់ RTNK រៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យយុវជនបានបង្ហាញសមត្ថភាព
ការប្រកួតបាល់ទាត់ពានរង្វាន់ RTNK លើកទី១ នឹងចាប់ដំណើរការពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន RTNK Group បានប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតបាល់ទាត់ពានរង្វាន់ RTNK លើកទី១។ ឧកញ៉ា បានលើកឡើងថា គោលបំណងនៃការបង្កើតពានរង្វាន់នេះឡើងគឺដើម្បីឲ្យយុវជនដែលចូលចិត្តកីឡាបាល់ទាត់ទទួលបានឱកាសបង្ហាញសមត្ថភាពពិតប្រាកដនៅលើទីលាន។ ការបង្កើតកម្មវិធីប្រកួតបាល់ទាត់នេះមិនមែនដើម្បីស្វែងរកប្រាក់ចំណេញ ប៉ុន្តែដើម្បីផលចំណេញដល់យុវជនដែលមានចំណង់ចំណូលចិត្តលេងបាល់ទាត់។ នេះជាការរួមចំណែកក្នុងការជំរុញវិស័យកីឡាបាល់ទាត់ឲ្យផុលផុស និងរីកចម្រើននៅទូទាំងប្រទេសកម្ពុជា។

ឧកញ៉ា ឈាង សុវណ្ណរតនៈ បាននិយាយថា ៖«យើងចង់បណ្ដុះឆន្ទៈយុវជនក្នុងការលេងកីឡា។ ការរៀបចំកម្មវិធីនេះឡើងគឺមិនមែនធ្វើដើម្បីប្រាក់ចំណេញទេ គឺត្រូវប្រើប្រាស់ថវិកាក្រុមហ៊ុន»។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អធីអិនខេ ឆ្នាំ២០២៤-២០២៥ ជាចលករដ៏សំខាន់មួយក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសបានដើម្បីបង្កើតឱកាសសម្រាប់យុវជនកម្ពុជាក្នុងការជួបជុំគ្នា រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្តល់ឱកាសឱ្យយុវជនកម្ពុជាបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅក្នុងវិស័យកីឡាបាល់ទាត់។

ការប្រកួតបាល់ទាត់ពានរង្វាន់ អធីអិនខេ ឆ្នាំ២០២៤-២៥ មានចំនួន១៦ក្រុមចូលរួមប្រកួត។ ក្រុមទាំងអស់ត្រូវបានបែងចែកជា៤ពូល សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល ហើយបន្ទាប់មកនឹងរកក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។
ពូលទាំង៤
- ពូល A៖ ក្រុម RTNK RETAIL, NIGHT EAGLE FT, YOUNGSTER FC និង FIRE UNSTOPPABLE
- ពូល B៖ ក្រុម PPT PREKHO 50M, MARSHAL FT, ក្រុងចក្រ និង CE&P FC
- ពូល C៖ ក្រុម C.A.P CITY FOOTBALL CLUB, DRAGON CITY, ដង្ខៅអេហ្វស៊ី និង AISAKI
- ពូល D៖ ក្រុម យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, WHITE WARRIOR FT, THE REVOLUTION MINI និង MIZUNA FC។
ទីតាំងធ្វើការប្រកួតនៅ ក្លិបកីឡាផ្លាទីនីម ជ្រោយចង្វារ ខណៈសំបុត្រចូលរួមទស្សនា ផ្តល់ជូនដោយឥតគិតថ្លៃ ប៉ុន្តែមានចំនួនកំណត់។ អ្នកចូលរួមទាំងអស់នឹងទទួលបានការកម្សាន្តដ៏សប្បាយរីករាយជាមួយកម្មវិធីសម្តែងរបស់ក្រុមសិល្បករក្មេងខ្មែរ ព្រមទាំងមានការសម្តែងក្បាច់គុន “គុនល្បុក្កតោ” នៅក្នុងពិធីបើកការប្រកួត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៣ រសៀលតទៅ។
ប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភី
- ក្រុមជើងឯក ទទួលពាន មេដាយមាស និងប្រាក់រង្វាន់៤លានរៀល
- ក្រុមលេខ២ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៣លានរៀល
- ក្រុមលេខ៣ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់២លានរៀល
- ក្រុមលេខ៤ ទទួលបានប្រាក់រង្វាន់១លានរៀល
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


