Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឱ្យក្រសួងអប់រំហាមឃាត់ការដាក់តាំងលក់ភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលារៀន

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអប់រំហាមឃាត់ការទទួលទាន ចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ សម្ដេចធិបតី ប្រាប់ឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈ និងឯកជន ហើយជាពិសេស គឺត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើនូវកសិផលក្នុងសហគមន៍ និងការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ។

ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមរយៈសារថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ។

ជាការកត់សម្គាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែបានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ឱ្យបានខ្ពស់លើ​របបអាហាររបស់ក្មេងៗ ជាពិសេសហាមដាច់ខាតលើការលក់ដូរភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបាននូវសុខភាពរបស់សិស្ស ខណៈមកដល់ពេលនេះបញ្ហាទឹកនោមផ្អែមលើកុមារកើតមានច្រើន។

អនុវត្តតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្រសួងអប់រំ បានអនុវត្តនូវហាមឃាត់រាល់ការទទួលទាន ការចែកចាយ ការលក់ដូរ និងការផ្សាយពាណិជ្ជកម្មភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណសាលារៀនដើម្បីបង្ការហានិភ័យជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលបណ្ដាលមកពីទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម