នយោបាយ
ឧប. ស៊ុន ចាន់ថុល នាំយកសំលៀកបំពាក់ធ្វើពី«សំពត់ហូលខ្មែរ» ជូនសមាជិកសភាអាមេរិក២រូបដោយផ្ទាល់
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកសម្លៀកបំពាក់ប្រពៃណីច្នៃអំពី «សំពត់ហូលខ្មែរ» ទៅជូនសមាជិកសភាអាមេរិក២រូបគឺលោកស្រី Beth Van Duyne និង និងលោក Richard McCormick ដោយផ្ទាល់ក្នុងឱកាសលោកអញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅស្វែងរកការវិនិយោគនៅសហរដ្ឋអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការជូនវត្ថុអនុស្សាវរីយ៍នេះ គឺជាក្តីសង្ឃឹមក្នុងការចែករំលែកនូវភាពស្រស់សោភា និងភាពរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាការពូនជ្រំចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយអ្នកទាំងពីរ។

សំលៀកបំពាក់ដែលធ្វើពីសំពត់ហូលខ្មែរនេះត្រូវបានត្បាញដោយដៃយ៉ាងល្អិតល្អន់ចេញពីសរសៃសូត្រសុទ្ធ និងប្រើប្រាស់បច្ចេកទេសជ្រលក់ពណ៌ដោយល័ក្ដធម្មជាតិ ១០០% ដែលតម្រូវឱ្យមានភាពអំណត់ និងជំនាញខ្ពស់។ រាល់ក្បាច់ក្បូរក្រឡាគោមលើសំពត់ហូលនេះ បានបង្កប់នូវព្រលឹងអត្តសញ្ញាណជាតិ និង ភាពច្នៃប្រឌិតរបស់ប្រជាជនកម្ពុជាតាំងពីបុរាណកាលមក។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «វត្ថុអនុស្សាវរីយ៍នេះតំណាងឱ្យសិល្បៈដ៏ចំណាន និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិកម្ពុជា»។

លោកស្រី Beth Van Duyne និងលោក Richard McCormick គឺជាសមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិកមកពីគណបក្សសាធារណរដ្ឋជាគណបក្សដែលដឹកនាំរដ្ឋាភិបាលក្រោមអាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ កាលពីខែសីហា កន្លងទៅលោកស្រី Beth Van Duyne បានដឹកនាំប្រតិភូសភាសហរដ្ឋអាម៉េរិក(CODEL) មកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចុះទៅឃើញផ្ទាល់នូវស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅទៅស្នាក់នៅមជ្ឈមណ្ឌលសន្តិសុខ ក្នុងស្រុកគូលែន ខេត្តព្រះវិហារផងដែរ។
ក្នុងជំនួបជាមួយសមាជិកសភាទាំងពីរនៅថ្ងៃនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្លាស់ប្ដូរយោបល់បន្ថែម ក្នុងស្មារតីបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃកម្ពុជានិងអាមេរិក ព្រមទាំងរម្លឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃក្រោមការជួយជ្រោមជ្រែងរបស់អាមេរិក និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Reciprocal Trade Agreement) រវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។
បើតាមលោក ស៊ុន ចាន់ថុល ជំនួបនេះបានបញ្ជាក់បន្ថែមពីចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានពង្រឹងស្មារតីសាមគ្គីភាពរវាងសមាជិកសភាអាម៉េរិក និងគណៈប្រតិភូកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៩ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


