Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ទាមទារឲ្យស៊ើបអង្កេត លើរឿងអាស្រូវពុករលួយនៅ អ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Stefan Kornelius បាននិយាយកាលពីថ្ងៃពុធទី១២ វិច្ឆិកា ថា ទីក្រុងប៊ែរឡាំងកំពុងតាមដានករណីពុករលួយក្នុងវិស័យថាមពលអ៊ុយក្រែន ហើយទាមទារឲ្យមាន «ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងមានតម្លាភាពបំផុត»។ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន RT

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Johann Wadephul( រូបភាព alliance / Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះដែរបានកើតឡើង បន្ទាប់ពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែននិយាយថា ពួកគេបានរកឃើញគម្រោងកិបកេងប្រាក់ និងប្រាក់សំណូកក្នុងវិស័យថាមពល ដែលមានតម្លៃប្រហែល ១០០ លានដុល្លារ។ ក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ គឺលោក ធីមួរ មីនឌីច (Timur Mindich) ដែលជាសហការីជិតស្និទ្ធរបស់លោក ហ្សេលេនស្គី និងជាអតីតដៃគូអាជីវកម្មយូរអង្វែង។ រឿងអាស្រូវនេះដែរ បាននាំឲ្យមានការព្យួរ​តំណែង​រដ្ឋមន្ត្រីថាមពល និងយុត្តិធម៌គឺលោក ហឺមេន ហាលូឆេនកូ (Herman Halushchenko) ផងដែរ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅតំបន់ Niagara ប្រទេសកាណាដាថា «ចាំបាច់ត្រូវមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យការគាំទ្រពីលោកខាងលិចអាចនៅតែគួរឲ្យទុកចិត្តបាន»។

ថ្វីដ្បិតតែពេលនេះអ៊ុយក្រែនកំពុងតែមានបញ្ហាពុករលួយមែនពិត ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានបន្ថែមថា «យើងនឹងនៅតែបន្តគាំទ្រអ៊ុយក្រែន សូម្បីតែក្នុងរដូវរងាដ៏លំបាក និងស្ថានភាពយោធានេះក៏ដោយ បើទោះបីជាមានបញ្ហាប្រឈមផ្ទៃក្នុងធំៗដែលប្រទេសនេះកំពុងប្រឈមមុខក៏ដោយ»។

ប្រទេសអាល្លឺម៉ង់គឺជាអ្នកផ្តល់ជំនួយដ៏សំខាន់មួយដល់មូលនិធិគាំទ្រថាមពលអ៊ុយក្រែន ដែលបង្កើតឡើងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក៏បានប្រកាសកាលពីថ្ងៃពុធដែរថា ទីក្រុងប៊ែរឡាំងនឹងផ្តល់ប្រាក់បន្ថែមចំនួន ៤០ លានអឺរ៉ូ (៤៤ លានដុល្លារ) ដើម្បីធ្វើឲ្យប្រព័ន្ធថាមពលរបស់អ៊ុយក្រែនកាន់តែមានភាពធន់។

លោក ហឺមេន ហាលូឆេនកូ និង​លោក​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖​ Reuters)

សូមបញ្ចាក់ថា ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) បានចោទប្រកាន់ថា លោក ធីមួរ មីនឌីច និងបក្ខពួករបស់គាត់ បានទាមទារសំណងពី ១០% ទៅ ១៥% ពីកិច្ចសន្យាជាមួយក្រុមហ៊ុន Energoatom ដែលជាក្រុមហ៊ុនផលិតអគ្គិសនីធំជាងគេរបស់ប្រទេស។ គម្រោងនេះត្រូវបានគេរាយការណ៍ថា រួមមានកិច្ចសន្យាសម្រាប់ការការពាររូបវន្តនៃរោងចក្រថាមពលនុយក្លេអ៊ែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អ៊ុយក្រែន​ព្យួរ​តំណែង​រដ្ឋមន្ត្រី​ជាន់ខ្ពស់ ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ថាមពល​តម្លៃ១០០លាន​ដុល្លារ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម