ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ថ្កោលទោស និងអំពាវនាវឱ្យអន្តរជាតិជំរុញអាជ្ញាធរថៃចាត់វិធានការលើទាហានខ្លួនដែលរំលោភនារីពលករខ្មែរ
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញលិខិតថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករខ្មែរចំនួន១៣នាក់ ហើយទាហានឈុតខ្មៅថៃ៧នាក់ បានរំលោភសេពសន្ថវៈលើពលករខ្មែរអាយុ ១៨ឆ្នាំម្នាក់ ដែលនេះ ក្រសួងចាត់ទុកជាអំពើថោកទាប និងស្មោកគ្រោកមិនអាចទទួលយកបាន។ ក្រសួងក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃ ស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។

ពាក់ព័ន្ធនឹងទង្វើរបស់ទាហានឈុតខ្មៅថៃ ដែលបានវាយដំ ជំរិតទារប្រាក់ និងរំលោភបំពានលើពលករខ្មែរនេះ ក្រសួងកិច្ចការនារី បានចាត់ទុកជាទង្វើអមនុស្សធម៌ ជាទង្វើគួរឱ្យស្អប់ខ្ពើមដែលមិនអាចទទួលយកបាន។ ក្រសួងលើកឡើងថា៖ “នេះជាទង្វើគួរឱ្យស្អប់ខ្ពើម អមនុស្សធម៌ ព្រៃផ្សៃមិនអាចទទួលយកបាន ហើយជាបទឧក្រិដ្ឋ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតុបករណ៍ របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ(CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)”។

បន្ថែមពីនេះ ក្រសួងកិច្ចការនារី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃ ធ្វើការស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដោយគ្មានការលើកលែងនោះទេ។
ក្រសួងកិច្ចការនារី បញ្ជាក់ដែលថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងសហការ តាមដាន យ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ ជាមួយគ្នានេះ ក្រសួងក៏បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលផ្តល់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ស្រ្តីរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់អំពើហិង្សាព្រៃផ្សៃ វាយដំ ទាត់ធាក់ និងជំរិតទារប្រាក់ លើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន១៣នាក់ ក្នុងនោះ ទាហានឈុតខ្មៅ៧នាក់ ក៏បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក ដោយរំលោភសេពសន្ថវៈ ទៅលើពលករខ្មែរជាស្ត្រី១នាក់ អាយុ១៨ឆ្នាំ នៅក្នុងខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


