Connect with us

ព័ត៌មានជាតិ

បណ្ឌិត ចែម វីឌ្យ៉ា នឹងចាប់ផ្ដើមអាណត្តិជាអគ្គលេខាធិការនៅស្ថាប័នសភាអាស៊ាន នៅដើមឆ្នាំ២០២៦

បានផុស

នៅ

លោកបណ្ឌិត ចែម វីឌ្យ៉ា នឹងចាប់ផ្តើមអាណត្តិរបស់លោកជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) នៅខែមករា ឆ្នាំ២០២៦ សម្រាប់រយៈពេល៣ឆ្នាំ ដែលលោកជាបេក្ខភាព​ពី​កម្ពុជា ដែលអន្តរសភាអាស៊ានសម្រេច​ជ្រើស​តាំងជាអគ្គលេខាធិការ ដោយមហាសន្និបាត​លើក​ទី​៤៦ នៅ​ទី​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២០ ខែ​កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាណត្តិ​របស់​លោកបណ្ឌិត ចែម វីឌ្យ៉ា គឺជាការជំនួសកៅអី​ពី​លោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ដែលជាជនជាតិព្រុយណេ ហើយត្រូវចប់អាណត្តិការងារ ក្រោយលោកស្រីបំពេញតួនាទីនេះ រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៥។

មុនចូលកាន់តំណែងជាផ្លូវការ នៅឆ្នាំក្រោយ អនាគតអគ្គលេខាធិការអាយប៉ា លោកបណ្ឌិត ចែម វីឌ្យ៉ា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា ដែលមានស្នាក់ការកណ្ដាលនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះ លោកបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាយប៉ាបច្ចុប្បន្ន ជួបសន្ទនាជាមួយអគ្គរដ្ឋទូតហ្វីលីពីនប្រចាំឥណ្ឌូណេស៊ី និងប្រធានគណៈកម្មាធិការកិច្ចការបទេសនៃសភាឥណ្ឌូណេស៊ី ព្រមទាំងចូលជួបអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន នៅទីស្នាក់ការកណ្តាលអាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានស្វាគមន៍និងអបអរសាទរចំពោះលោកបណ្ឌិត ចែម វីឌ្យ៉ា ដែលត្រូវបានជ្រើសតាំងអគ្គលេខាធិការអាយប៉ា ដោយលោកបានបញ្ជាក់ពីការទន្ទឹងរង់ចាំការពង្រឹងកិច្ចសហការរវាងអាស៊ាន និងអាយប៉ា ជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ក៏ដូចជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ជាការកត់សម្គាល់ លោកបណ្ឌិត កៅ គឹមហួន និងលោកបណ្ឌិត ចែម វីឌ្យ៉ា ជាឥស្សរជនខ្មែរ ដែលបានទៅកាន់តំណែងជាន់ខ្ពស់នៅស្ថាប័នអាស៊ាន ពោលគឺតំណែងជាអគ្គលេខាធិការអាស៊ាន និងតំណែងជាអគ្គលេខាធិការអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA)។

អគ្គលេខាធិការអាស៊ាន មានអាណត្តិ៥ឆ្នាំ ខណៈអគ្គលេខាធិការអាយប៉ា មានអាណត្តិ៣ឆ្នាំ។ ក្នុងន័យនេះ ទាំងលោក កៅ គឹមហួន ទាំងលោក ចែម វីឌ្យ៉ា នឹងត្រូវផុតអាណត្តិការងារនៅឆ្នាំ២០២៨ដូចគ្នា ដោយអាណត្តិលោក កៅ គឹមហួន ពីឆ្នាំ២០២៣ ដល់២០២៨ រីឯលោក ចែម វីឌ្យ៉ា នឹងចាប់ផ្ដើមអាណត្តិពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៨។ បច្ចុប្បន្នលោក ចែម វីឌ្យ៉ា កំពុងកាន់ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ហើយក៏ជាអ្នកការទូតចាស់វស្សា ប្រកបដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងកម្រិតអន្តរជាតិ ដែលធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម